6. រីឯមនុស្សពាលវិញ ប្រៀបបាននឹងបន្លាដែលគេបោះចោលគឺមិនដែលមាននរណាយកដៃពាល់ឡើយ។
7. ជនដែលចង់ពាល់វាត្រូវតែកាន់ទំពក់ដែក ឬដងលំពែងហើយប្រមូលដុតនៅនឹងកន្លែងនោះទៅ។
8. នេះជាបញ្ជីរាយនាមទាហានដ៏អង់អាចរបស់ព្រះបាទដាវីឌ: លោកយ៉ូសែប-បាសេបែត ជាកូនរបស់លោកតាកម៉ូនី និងជាប្រមុខលើមេបញ្ជាការទាំងបីនាក់។ គឺលោកនេះហើយដែលបានសម្លាប់ខ្មាំងអស់ប្រាំបីរយនាក់ក្នុងពេលតែមួយ។
9. បន្ទាប់មក គឺលោកអេឡាសារជាកូនរបស់លោកដូដូ និងជាចៅរបស់លោកអហូអា។ លោកជានាយទាហានម្នាក់ ក្នុងចំណោមនាយទាហានដ៏អង់អាចទាំងបី ដែលនៅជាប់នឹងព្រះបាទដាវីឌ ក្នុងគ្រាដែលជនជាតិភីលីស្ទីនលើកទ័ពមកច្បាំង ហើយកងទ័ពអ៊ីស្រាអែលដកថយ។
10. ពេលនោះ មានតែលោកអេឡាសារទេដែលនៅរឹងប៉ឹង និងសម្លាប់ពួកភីលីស្ទីនជាច្រើន រហូតទាល់តែរោយដៃ ហើយម្រាមដៃរបស់លោកក្ដាប់ជាប់នឹងដងដាវ។ នៅថ្ងៃនោះ ព្រះអម្ចាស់ប្រោសប្រទានជ័យជំនះយ៉ាងធំធេងដល់ជនជាតិអ៊ីស្រាអែល រីឯកងទ័ពវិលមករកលោកវិញ គ្រាន់តែប្រមូលយកជយភ័ណ្ឌប៉ុណ្ណោះ។
11. បន្ទាប់មកទៀត គឺលោកសាំម៉ាជាកូនរបស់លោកអកេ ពីអំបូរហារ៉ាវី។ នៅគ្រាដែលកងទ័ពភីលីស្ទីនប្រមូលផ្ដុំគ្នានៅភូមិលេហ៊ី ត្រង់ចម្ការមួយ ដែលមានពេញដោយសណ្ដែក។ ទាហានអ៊ីស្រាអែលបាក់ទ័ព រត់នៅមុខពួកភីលីស្ទីន។
12. ប៉ុន្តែ លោកសាំម៉ាឈរនៅកណ្ដាលចម្ការ ហើយវាយជនជាតិភីលីស្ទីន ដណ្ដើមយកចម្ការនោះមកវិញ។ ព្រះអម្ចាស់ប្រោសប្រទានជ័យជំនះដ៏ធំធេង។
13. ថ្ងៃមួយ នៅរដូវចម្រូត នាយទាហានបីរូបក្នុងចំណោមនាយទាហានទាំងសាមសិបនាក់ នាំគ្នាចូលគាល់ព្រះបាទដាវីឌក្នុងល្អាងភ្នំអាឌូឡាម ព្រោះទាហានភីលីស្ទីនបានបោះទ័ពនៅជ្រលងភ្នំរេផែម។
14. ពេលនោះ ព្រះបាទដាវីឌគង់នៅក្នុងជម្រកដ៏រឹងមាំមួយ។ ក្នុងពេលជាមួយគ្នានោះ កងទ័ពភីលីស្ទីនមួយក្រុមក៏ឈរជើងនៅភូមិបេថ្លេហិមដែរ។
15. ព្រះបាទដាវីឌស្រេកទឹក ស្ដេចក៏មានរាជឱង្ការថា៖ «តើនរណាអាចដងទឹកពីអណ្ដូងនៅមាត់ទ្វារភូមិបេថ្លេហិម មកឲ្យយើង?»។
16. ពេលនោះ ទាហានដ៏អង់អាចទាំងបីរូបនាំគ្នាសម្រុកចូលទៅក្នុងទីតាំងទ័ពពួកភីលីស្ទីន ហើយដងទឹកពីអណ្ដូងនៅមាត់ទ្វារភូមិបេថ្លេហិម យកមកថ្វាយព្រះបាទដាវីឌ។ ប៉ុន្តែ ស្ដេចមិនព្រមសោយទេ ទ្រង់យកទឹកនោះទៅច្រួចលើដី ថ្វាយព្រះអម្ចាស់។
17. ស្ដេចមានរាជឱង្ការថា៖ «បពិត្រព្រះអម្ចាស់! ទូលបង្គំគ្មានសិទ្ធិនឹងទទួលទានទឹកនេះទេ ដ្បិតទឹកនេះដូចជាឈាមរបស់ទាហានដែលបានប្រថុយជីវិត ដើម្បីទៅដងយកមក»។ ដូច្នេះ ស្ដេចមិនព្រមសោយទឹកនោះទេ។ នេះហើយជាស្នាដៃដែលទាហានអង់អាចទាំងបីរូបបានប្រព្រឹត្ត។