២ សាំយូ‌អែល 23:6-15 Khmer Standard Version (KHSV)

6. រីឯ​មនុស្ស​ពាល​វិញ ប្រៀប​បាន​នឹង​បន្លាដែល​គេ​បោះ​ចោលគឺ​មិន​ដែល​មាន​នរណា​យក​ដៃ​ពាល់​ឡើយ។

7. ជន​ដែល​ចង់​ពាល់​វាត្រូវ​តែ​កាន់​ទំពក់​ដែក ឬ​ដង​លំពែងហើយ​ប្រមូល​ដុត​នៅ​នឹង​កន្លែង​នោះ​ទៅ។

8. នេះ​ជា​បញ្ជី​រាយ​នាម​ទាហាន​ដ៏​អង់‌អាច​របស់​ព្រះ‌បាទ​ដាវីឌ: លោក​យ៉ូសែប-‌បាសេ‌បែត ជា​កូន​របស់​លោក​តាក‌ម៉ូនី និង​ជា​ប្រមុខ​លើ​មេ​បញ្ជា​ការ​ទាំង​បី​នាក់។ គឺ​លោក​នេះ​ហើយ​ដែល​បាន​សម្លាប់​ខ្មាំង​អស់​ប្រាំ​បី​រយ​នាក់​ក្នុង​ពេល​តែ​មួយ។

9. បន្ទាប់​មក គឺ​លោក​អេ‌ឡា‌សារ​ជា​កូន​របស់​លោក​ដូដូ និង​ជា​ចៅ​របស់​លោក​អហូ‌អា។ លោក​ជា​នាយ​ទាហាន​ម្នាក់ ក្នុង​ចំណោម​នាយ​ទាហាន​ដ៏​អង់‌អាច​ទាំង​បី ដែល​នៅ​ជាប់​នឹង​ព្រះ‌បាទ​ដាវីឌ ក្នុង​គ្រា​ដែល​ជន‌ជាតិ​ភីលីស្ទីន​លើក​ទ័ព​មក​ច្បាំង ហើយ​កង‌ទ័ព​អ៊ីស្រា‌អែល​ដក​ថយ។

10. ពេល​នោះ មាន​តែ​លោក​អេ‌ឡា‌សារ​ទេ​ដែល​នៅ​រឹង‌ប៉ឹង និង​សម្លាប់​ពួក​ភីលីស្ទីន​ជា​ច្រើន រហូត​ទាល់​តែ​រោយ​ដៃ ហើយ​ម្រាម​ដៃ​របស់​លោក​ក្ដាប់​ជាប់​នឹង​ដង​ដាវ។ នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ជ័យ‌ជំនះ​យ៉ាង​ធំ‌ធេង​ដល់​ជន‌ជាតិ​អ៊ីស្រា‌អែល រីឯ​កង‌ទ័ព​វិល​មក​រក​លោក​វិញ គ្រាន់​តែ​ប្រមូល​យក​ជយ‌ភ័ណ្ឌ​ប៉ុណ្ណោះ។

11. បន្ទាប់​មក​ទៀត គឺ​លោក​សាំម៉ា​ជា​កូន​របស់​លោក​អកេ ពី​អំបូរ​ហារ៉ា‌វី។ នៅ​គ្រា​ដែល​កង‌ទ័ព​ភីលីស្ទីន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ភូមិ​លេហ៊ី ត្រង់​ចម្ការ​មួយ ដែល​មាន​ពេញ​ដោយ​សណ្ដែក។ ទាហាន​អ៊ីស្រា‌អែល​បាក់​ទ័ព រត់​នៅ​មុខ​ពួក​ភីលីស្ទីន។

12. ប៉ុន្តែ លោក​សាំម៉ា​ឈរ​នៅ​កណ្ដាល​ចម្ការ ហើយ​វាយ​ជន‌ជាតិ​ភីលីស្ទីន ដណ្ដើម​យក​ចម្ការ​នោះ​មក​វិញ។ ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ជ័យ‌ជំនះ​ដ៏​ធំ‌ធេង។

13. ថ្ងៃ​មួយ នៅ​រដូវ​ចម្រូត នាយ​ទាហាន​បី​រូប​ក្នុង​ចំណោម​នាយ​ទាហាន​ទាំង​សាម‌សិប​នាក់ នាំ​គ្នា​ចូល​គាល់​ព្រះ‌បាទ​ដាវីឌ​ក្នុង​ល្អាង​ភ្នំ​អាឌូ‌ឡាម ព្រោះ​ទាហាន​ភីលីស្ទីន​បាន​បោះ​ទ័ព​នៅ​ជ្រលង​ភ្នំ​រេ‌ផែម។

14. ពេល​នោះ ព្រះ‌បាទ​ដាវីឌ​គង់​នៅ​ក្នុង​ជម្រក​ដ៏​រឹង‌មាំ​មួយ។ ក្នុង​ពេល​ជា​មួយ​គ្នា​នោះ កង‌ទ័ព​ភីលីស្ទីន​មួយ​ក្រុម​ក៏​ឈរ​ជើង​នៅ​ភូមិ​បេថ្លេ‌ហិម​ដែរ។

15. ព្រះ‌បាទ​ដាវីឌ​ស្រេក​ទឹក ស្ដេច​ក៏​មាន​រាជ‌ឱង្ការ​ថា៖ «តើ​នរណា​អាច​ដង​ទឹក​ពី​អណ្ដូង​នៅ​មាត់​ទ្វារ​ភូមិ​បេថ្លេ‌ហិម មក​ឲ្យ​យើង?»។

២ សាំយូ‌អែល 23