14. ពេលនោះ ព្រះបាទដាវីឌគង់នៅក្នុងជម្រកដ៏រឹងមាំមួយ។ ក្នុងពេលជាមួយគ្នានោះ កងទ័ពភីលីស្ទីនមួយក្រុមក៏ឈរជើងនៅភូមិបេថ្លេហិមដែរ។
15. ព្រះបាទដាវីឌស្រេកទឹក ស្ដេចក៏មានរាជឱង្ការថា៖ «តើនរណាអាចដងទឹកពីអណ្ដូងនៅមាត់ទ្វារភូមិបេថ្លេហិម មកឲ្យយើង?»។
16. ពេលនោះ ទាហានដ៏អង់អាចទាំងបីរូបនាំគ្នាសម្រុកចូលទៅក្នុងទីតាំងទ័ពពួកភីលីស្ទីន ហើយដងទឹកពីអណ្ដូងនៅមាត់ទ្វារភូមិបេថ្លេហិម យកមកថ្វាយព្រះបាទដាវីឌ។ ប៉ុន្តែ ស្ដេចមិនព្រមសោយទេ ទ្រង់យកទឹកនោះទៅច្រួចលើដី ថ្វាយព្រះអម្ចាស់។
17. ស្ដេចមានរាជឱង្ការថា៖ «បពិត្រព្រះអម្ចាស់! ទូលបង្គំគ្មានសិទ្ធិនឹងទទួលទានទឹកនេះទេ ដ្បិតទឹកនេះដូចជាឈាមរបស់ទាហានដែលបានប្រថុយជីវិត ដើម្បីទៅដងយកមក»។ ដូច្នេះ ស្ដេចមិនព្រមសោយទឹកនោះទេ។ នេះហើយជាស្នាដៃដែលទាហានអង់អាចទាំងបីរូបបានប្រព្រឹត្ត។
18. លោកអប៊ីសាយជាប្អូនរបស់លោកយ៉ូអាប់ និងជាកូនរបស់អ្នកស្រីសេរូយ៉ា ជាប្រមុខនៃមេទ័ពទាំងបីរូប។ លោកបានប្រើលំពែងសម្លាប់ខ្មាំងសត្រូវអស់បីរយនាក់។ លោកមានកេរ្តិ៍ឈ្មោះល្បីនៅក្នុងក្រុមមេទ័ពទាំងបី។
19. ក្នុងចំណោមមេទ័ពទាំងបី លោកទទួលកិត្តិយសខ្លាំងជាងគេ លោកជាប្រមុខលើមេទ័ពទាំងបី តែលោកពុំអាចប្រៀបស្មើនឹងក្រុមមេទ័ពបីរូបទៀតឡើយ។
20. លោកបេណាយ៉ា អ្នកស្រុកកាបសៀល ជាកូនរបស់លោកយេហូយ៉ាដា និងជាចៅរបស់ទាហានដ៏អង់អាចមួយរូប។ លោកបានបញ្ចេញស្នាដៃយ៉ាងច្រើន គឺលោកហើយដែលបានវាយពួកអរាលពីរនាក់ពីស្រុកម៉ូអាប់ ព្រមទាំងចុះទៅក្នុងរណ្ដៅ ដើម្បីសម្លាប់សត្វសិង្ហមួយ នៅថ្ងៃធ្លាក់ទឹកកក។
21. លោកក៏បានសម្លាប់ជនជាតិអេស៊ីបម្នាក់ ដែលមានរូបរាងធំសម្បើម ប្រដាប់ដោយលំពែង។ លោកទៅប្រយុទ្ធនឹងគេ ដោយមានតែដំបងប៉ុណ្ណោះ លោកដណ្ដើមយកលំពែងពីដៃអ្នកនោះបាន ហើយចាក់សម្លាប់គេនឹងលំពែងនោះទៅ។
22. នេះហើយជាស្នាដៃរបស់លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ដែលធ្វើឲ្យលោកមានកេរ្តិ៍ឈ្មោះល្បីក្នុងក្រុមទាំងបីរូប។
23. ក្នុងចំណោមមេបញ្ជាការទាំងសាមសិបនាក់ លោកទទួលកិត្តិយសច្រើនជាងគេ តែលោកពុំអាចប្រៀបស្មើនឹងមេទ័ពទាំងបីរូបបានឡើយ។ ព្រះបាទដាវីឌបានតែងតាំងលោកជាមេបញ្ជាការកងអង្គរក្ស។
24. ក្នុងក្រុមទាំងសាមសិបនាក់ មានលោកអេសាអែល ជាប្អូនរបស់លោកយ៉ូអាប់ លោកអែលហាណានជាកូនរបស់លោកដូដូ អ្នកភូមិបេថ្លេហិម
25. លោកសាំម៉ាជាអ្នកស្រុកហារ៉ូដ លោកអេលីកាជាអ្នកស្រុកហារ៉ូដ
26. លោកហេលេសជាអ្នកស្រុកប៉ាលធី លោកអ៊ីរ៉ា អ្នកក្រុងត្កូអា ជាកូនរបស់លោកអ៊ីកកែស
27. លោកអបៀស៊ើរ អ្នកស្រុកអាណាថោត លោកមប៊ូណាយ អ្នកស្រុកហ៊ូសាយ
28. លោកសាលម៉ូន អ្នកស្រុកអហូអា លោកម៉ាហារ៉ៃ អ្នកស្រុកពីនថូផា
29. លោកហេលែបជាកូនរបស់លោកបាណា អ្នកស្រុកពីថូផា លោកអ៊ីតតាយជាកូនរបស់លោករីបាយ ជាអ្នកស្រុកគីបៀរ ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន
30. លោកបេណាយ៉ា អ្នកស្រុកពីរ៉ាថូន លោកហ៊ីតដាយ អ្នកស្រុកណាហាលេ-កាអាស