1. នេះជាពាក្យបណ្ដាំចុងក្រោយបង្អស់របស់ព្រះបាទដាវីឌ។នេះជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងដោយព្រះបាទដាវីឌជាបុត្ររបស់លោកអ៊ីសាយជាមនុស្សដែលព្រះជាម្ចាស់លើកតម្កើងយ៉ាងខ្ពស់បំផុតជាស្ដេចដែលព្រះរបស់លោកយ៉ាកុបបានចាក់ប្រេងអភិសេក ជាស្ដេចដែលប្រជាជនអ៊ីស្រាអែលតែងតែច្រៀងសរសើរ។
2. ព្រះវិញ្ញាណរបស់ព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈខ្ញុំព្រះអង្គដាក់ព្រះបន្ទូលនៅលើអណ្ដាតខ្ញុំ។
3. ព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលព្រះអង្គដែលជាថ្មដាការពារអ៊ីស្រាអែលទ្រង់មានព្រះបន្ទូលមកខ្ញុំថា៖ស្ដេចណាគ្រប់គ្រងប្រជាជនដោយសុចរិតគឺស្ដេចដែលគ្រប់គ្រងប្រជាជនដោយគោរពកោតខ្លាចព្រះជាម្ចាស់
4. ស្ដេចនោះប្រៀបដូចជាពន្លឺព្រះអាទិត្យរះឡើងនៅពេលព្រឹកដែលផ្ទៃមេឃស្រឡះល្អពន្លឺនោះធ្វើឲ្យស្មៅលាស់ខៀវខ្ចីក្រោយពេលភ្លៀង។
5. ព្រះជាម្ចាស់ក៏ប្រព្រឹត្តចំពោះពូជពង្សរបស់ខ្ញុំយ៉ាងនោះដែរព្រោះព្រះអង្គបានចងសម្ពន្ធមេត្រីជាមួយខ្ញុំជាសម្ពន្ធមេត្រីស្ថិតស្ថេរអស់កល្បជានិច្ចជាសម្ពន្ធមេត្រីដែលមានមាត្រាត្រឹមត្រូវមិនអាចប្រែប្រួលឡើយ។មានតែព្រះអង្គទេដែលប្រទានជ័យជំនះមកខ្ញុំព្រមទាំងប្រទានអ្វីៗដែលខ្ញុំប្រាថ្នាចង់បាន។
6. រីឯមនុស្សពាលវិញ ប្រៀបបាននឹងបន្លាដែលគេបោះចោលគឺមិនដែលមាននរណាយកដៃពាល់ឡើយ។
7. ជនដែលចង់ពាល់វាត្រូវតែកាន់ទំពក់ដែក ឬដងលំពែងហើយប្រមូលដុតនៅនឹងកន្លែងនោះទៅ។
8. នេះជាបញ្ជីរាយនាមទាហានដ៏អង់អាចរបស់ព្រះបាទដាវីឌ: លោកយ៉ូសែប-បាសេបែត ជាកូនរបស់លោកតាកម៉ូនី និងជាប្រមុខលើមេបញ្ជាការទាំងបីនាក់។ គឺលោកនេះហើយដែលបានសម្លាប់ខ្មាំងអស់ប្រាំបីរយនាក់ក្នុងពេលតែមួយ។
9. បន្ទាប់មក គឺលោកអេឡាសារជាកូនរបស់លោកដូដូ និងជាចៅរបស់លោកអហូអា។ លោកជានាយទាហានម្នាក់ ក្នុងចំណោមនាយទាហានដ៏អង់អាចទាំងបី ដែលនៅជាប់នឹងព្រះបាទដាវីឌ ក្នុងគ្រាដែលជនជាតិភីលីស្ទីនលើកទ័ពមកច្បាំង ហើយកងទ័ពអ៊ីស្រាអែលដកថយ។
10. ពេលនោះ មានតែលោកអេឡាសារទេដែលនៅរឹងប៉ឹង និងសម្លាប់ពួកភីលីស្ទីនជាច្រើន រហូតទាល់តែរោយដៃ ហើយម្រាមដៃរបស់លោកក្ដាប់ជាប់នឹងដងដាវ។ នៅថ្ងៃនោះ ព្រះអម្ចាស់ប្រោសប្រទានជ័យជំនះយ៉ាងធំធេងដល់ជនជាតិអ៊ីស្រាអែល រីឯកងទ័ពវិលមករកលោកវិញ គ្រាន់តែប្រមូលយកជយភ័ណ្ឌប៉ុណ្ណោះ។
11. បន្ទាប់មកទៀត គឺលោកសាំម៉ាជាកូនរបស់លោកអកេ ពីអំបូរហារ៉ាវី។ នៅគ្រាដែលកងទ័ពភីលីស្ទីនប្រមូលផ្ដុំគ្នានៅភូមិលេហ៊ី ត្រង់ចម្ការមួយ ដែលមានពេញដោយសណ្ដែក។ ទាហានអ៊ីស្រាអែលបាក់ទ័ព រត់នៅមុខពួកភីលីស្ទីន។