35. ព្រះអង្គបង្ហាត់ខ្ញុំឲ្យស្ទាត់ជំនាញខាងធ្វើសឹកនិងឲ្យខ្ញុំមានកម្លាំងយឹតធ្នូលង្ហិនបាន។
36. ព្រះអង្គការពារ និងសង្គ្រោះទូលបង្គំព្រះអង្គគាំទ្រទូលបង្គំហើយព្រះអង្គលើកទូលបង្គំឡើងដោយព្រះហឫទ័យមេត្តា។
37. ព្រះអង្គការពារទូលបង្គំមិនឲ្យខ្មាំងសត្រូវដេញទាន់មិនឲ្យទូលបង្គំភ្លាត់ជើងដួលឡើយ។
38. ទូលបង្គំដេញតាមពួកខ្មាំងសត្រូវនិងបំផ្លាញពួកគេហើយទូលបង្គំមិនត្រឡប់មកវិញទេដរាបទាល់តែបានកម្ទេចពួកគេអស់។
39. ទូលបង្គំកម្ទេច និងកាប់សម្លាប់ពួកគេមិនឲ្យពួកគេក្រោកឡើងវិញឡើយពួកគេដួលស្លាប់នៅនឹងជើងរបស់ទូលបង្គំ។
40. ព្រះអង្គប្រទានឲ្យទូលបង្គំមានកម្លាំងធ្វើសឹក និងបង្ក្រាបខ្មាំងសត្រូវ។
41. ព្រះអង្គបានធ្វើឲ្យពួកគេបាក់ទ័ពរត់នៅមុខទូលបង្គំហើយទូលបង្គំបានធ្វើឲ្យអស់អ្នកដែលស្អប់ទូលបង្គំវិនាសសូន្យអស់ទៅ។
42. ពួកគេនាំគ្នាសម្លឹងរកមើលជំនួយតែគ្មាននរណាជួយពួកគេឡើយគេស្រែកហៅព្រះអម្ចាស់តែព្រះអង្គមិនឆ្លើយតបនឹងពួកគេទេ។
43. ទូលបង្គំកម្ទេចពួកគេឲ្យម៉ដ្ត ដូចធូលីដីទូលបង្គំជាន់ឈ្លីពួកគេដូចភក់ជ្រាំនៅតាមផ្លូវ។
44. ព្រះអង្គបានរំដោះឲ្យទូលបង្គំរួចពីការបះបោររបស់ប្រជាជនហើយទុកឲ្យទូលបង្គំធ្វើជាមេដឹកនាំលើប្រជាជាតិនានាប្រជាជនមួយដែលទូលបង្គំមិនធ្លាប់ស្គាល់បានមកចុះចូលនឹងទូលបង្គំ។
45. ជនបរទេសនាំគ្នាស្ដាប់បង្គាប់ទូលបង្គំហើយពេលទូលបង្គំនិយាយតែមួយម៉ាត់គេក៏ធ្វើតាមភ្លាម។
46. ជនបរទេសបាក់ទឹកចិត្តហើយចេញពីទីជម្រករបស់គេមកទាំងភ័យញាប់ញ័រ។
47. ជយោព្រះអម្ចាស់! សូមសរសើរតម្កើងព្រះអង្គដែលជាថ្មដារបស់ទូលបង្គំ!សូមលើកតម្កើងព្រះជាម្ចាស់ ជាថ្មដាដែលបានសង្គ្រោះទូលបង្គំ!
48. ដ្បិតព្រះអង្គបានឲ្យទូលបង្គំមានជ័យជំនះលើខ្មាំងសត្រូវព្រះអង្គបានបន្ទាបប្រជាជននានាឲ្យមកនៅក្រោមអំណាចទូលបង្គំ
49. ហើយព្រះអង្គបានដកខ្ញុំឲ្យរួចផុតពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ!ព្រះអង្គបានលើកទូលបង្គំឡើងខ្ពស់ជាងបច្ចាមិត្តរបស់ទូលបង្គំនិងរំដោះទូលបង្គំឲ្យរួចផុតពីមនុស្សឃោរឃៅ។
50. ហេតុនេះហើយបានជាទូលបង្គំសរសើរតម្កើងព្រះអង្គក្នុងចំណោមប្រជាជាតិនានាឱព្រះអម្ចាស់អើយ! ទូលបង្គំនឹងច្រៀងលើកតម្កើងព្រះនាមរបស់ព្រះអង្គ។
51. ព្រះអង្គប្រទានការសង្គ្រោះដ៏ធំធេងដល់ស្ដេចដែលព្រះអង្គបានតែងតាំង។ព្រះអង្គសម្តែងព្រះហឫទ័យស្មោះត្រង់ចំពោះស្ដេចដែលព្រះអង្គបានចាក់ប្រេងអភិសេកគឺចំពោះស្ដេចដាវីឌ និងពូជពង្សរៀងរហូតតទៅ»។