1. ក្រោយពេលព្រះអម្ចាស់រំដោះព្រះបាទដាវីឌ ឲ្យរួចផុតពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវទាំងប៉ុន្មាន និងរួចផុតពីកណ្ដាប់ដៃរបស់ព្រះបាទសូលហើយ ព្រះបាទដាវីឌស្មូត្រទំនុកតម្កើងថ្វាយព្រះអម្ចាស់ដូចតទៅ៖
2. «ព្រះអម្ចាស់ជាថ្មដាការពារខ្ញុំជាបន្ទាយដ៏រឹងមាំរបស់ខ្ញុំជាព្រះដែលរំដោះខ្ញុំ។
3. ព្រះជាម្ចាស់ជាថ្មដាសម្រាប់ឲ្យខ្ញុំពឹងជ្រកព្រះអង្គជាខែល ជាកម្លាំងដែលសង្គ្រោះខ្ញុំនិងជាជម្រកដ៏រឹងមាំរបស់ខ្ញុំ។ព្រះអង្គសង្គ្រោះខ្ញុំឲ្យរួចពីជនឃោរឃៅ។
4. ពេលខ្ញុំស្រែករកព្រះអង្គ ព្រះអង្គសង្គ្រោះខ្ញុំឲ្យរួចពីខ្មាំងសត្រូវរបស់ខ្ញុំសូមលើកតម្កើងព្រះអម្ចាស់!
5. សេចក្ដីស្លាប់រួបរឹតខ្ញុំរីឯសេចក្ដីវិនាសអន្តរាយធ្លាក់មកលើខ្ញុំដូចទឹកហូរមកយ៉ាងខ្លាំង។
6. សេចក្ដីស្លាប់នៅព័ទ្ធជុំវិញខ្ញុំ ប្រៀបបីដូចជាសំណាញ់ដែលគេបោះមកលើខ្ញុំ។
7. នៅពេលមានទុក្ខវេទនា ខ្ញុំអង្វររកព្រះអម្ចាស់ខ្ញុំស្រែកហៅរកព្រះរបស់ខ្ញុំព្រះអង្គទ្រង់ព្រះសណ្ដាប់ឮសំឡេងខ្ញុំពីក្នុងព្រះវិហាររបស់ព្រះអង្គហើយស្នូរសម្រែករបស់ខ្ញុំបានឮទៅដល់ព្រះកាណ៌របស់ព្រះអង្គ។
8. នៅពេលព្រះអង្គទ្រង់ព្រះពិរោធផែនដីកក្រើកញាប់ញ័រផ្ទៃមេឃរង្គើរហូតដល់គ្រឹះរបស់វា។
9. មានផ្សែងហុយចេញមកពីព្រះនាសារបស់ព្រះអង្គព្រះអង្គផ្លុំភ្លើងដែលឆាបឆេះចេញមកហើយក៏មានរងើកភ្លើងខ្ទាតចេញមកពីព្រះឱស្ឋរបស់ព្រះអង្គដែរ។
10. ព្រះអង្គផ្អៀងផ្ទៃមេឃ ទ្រង់យាងចុះមកដោយមានពពកយ៉ាងក្រាស់នៅពីក្រោមព្រះបាទាផង។
11. ព្រះអង្គយាងគង់លើចេរូប៊ីន* ហើយហោះមកព្រះអង្គយាងចេញមក ដោយគង់នៅលើវាយោដូចគង់នៅលើស្លាបបក្សី។
12. ព្រះអង្គយកភាពងងឹតធ្វើជាកន្លែងពួនហើយយកពពកខ្មៅក្រាស់ពេញដោយទឹកធ្វើជាព្រះពន្លា។
13. មានផ្លេកបន្ទោរភ្លឺនៅខាងមុខព្រះអង្គហើយមានរងើកភ្លើងធ្លាក់ចុះមក។
14. ព្រះអម្ចាស់ធ្វើឲ្យផ្គរលាន់នៅលើមេឃព្រះដ៏ខ្ពង់ខ្ពស់បំផុតបន្លឺព្រះសូរសៀងមកពីលើ។
15. ព្រះអង្គបាញ់ព្រួញទៅលើខ្មាំងសត្រូវដើម្បីកំចាត់កំចាយពួកគេ។ព្រះអង្គបាញ់ផ្លេកបន្ទោរធ្វើឲ្យពួកគេបាក់ទ័ព។
16. ដោយសារព្រះបន្ទូលគំរាមរបស់ព្រះអម្ចាស់និងដោយសារខ្យល់ព្យុះដែលបក់ចេញមកពីព្រះនាសារបស់ព្រះអង្គបាតសមុទ្រលេចចេញមកហើយគ្រឹះរបស់ផែនដីក៏លេចមកដែរ។