5. អ្នកស្រុកគីបៀនទូលស្ដេចថា៖ «ព្រះបាទសូលមានគោលបំណងកម្ទេច និងប្រល័យយើងខ្ញុំឲ្យផុតពូជ ដោយពុំចង់ទុកឲ្យនរណាម្នាក់រស់រាន នៅលើទឹកដីអ៊ីស្រាអែលឡើយ។
6. ដូច្នេះ សូមព្រះករុណាប្រគល់មនុស្សប្រាំពីរនាក់ ក្នុងចំណោមពូជពង្សរបស់ព្រះបាទសូល មកឲ្យយើងខ្ញុំ យើងខ្ញុំនឹងយកពួកគេទៅចងកនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់នៅគីបៀរ ជាក្រុងរបស់ព្រះបាទសូល ជាស្ដេចដែលព្រះអម្ចាស់បានជ្រើសរើស»។ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «យើងនឹងប្រគល់ពួកគេដល់អ្នករាល់គ្នា»។
7. ព្រះបាទដាវីឌសន្ដោសប្រណីដល់លោកមេភីបូសែត ជាបុត្ររបស់សម្ដេចយ៉ូណាថាន និងជាចៅរបស់ព្រះបាទសូល ព្រោះតែពាក្យដែលព្រះរាជាបានស្បថជាមួយសម្ដេចយ៉ូណាថាន នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។
8. ព្រះរាជាបង្គាប់គេឲ្យទៅចាប់លោកអើម៉ូនី និងលោកមេភីបូសែត ជាកូនរបស់នាងរីសប៉ា ដែលជាកូនស្រីរបស់លោកអយ៉ា គឺបុត្រដែលនាងបានបង្កើតថ្វាយព្រះបាទសូល។ ព្រះរាជាក៏ឲ្យគេចាប់កូនប្រុសទាំងប្រាំរបស់នាងមិកាល់ ជាបុត្រីរបស់ព្រះបាទសូល គឺជាកូនដែលនាងបានបង្កើតជូនលោកអទ្រីអែល ជាកូនរបស់លោកបាស៊ីឡៃ ជាអ្នកស្រុកមហូឡា។
9. ព្រះរាជាប្រគល់ពួកគេទៅឲ្យអ្នកស្រុកគីបៀន ដើម្បីយកទៅចង ក នៅលើភ្នំចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ពួកគេទាំងប្រាំពីរនាក់បានស្លាប់ជាមួយគ្នា នៅដើមរដូវចម្រូត។
10. នាងរីសប៉ា ជាកូនស្រីរបស់លោកអយ៉ា បានយកបាវទៅក្រាលលើផ្ទាំងថ្មមួយ ហើយស្ថិតនៅទីនោះ តាំងពីដើមរដូវចម្រូត រហូតដល់ពេលមានភ្លៀងធ្លាក់មកលើសាកសព។ នៅពេលថ្ងៃ នាងដេញសត្វមិនឲ្យហើរមកទំលើសាកសព នៅពេលយប់ នាងបានដេញសត្វព្រៃដែរ។
11. គេនាំដំណឹងទៅទូលព្រះបាទដាវីឌពីការដែលនាងរីសប៉ា ជាកូនរបស់លោកអយ៉ា និងជាស្នំរបស់ព្រះបាទសូលបានប្រព្រឹត្ត។
12. ពេលនោះ ព្រះបាទដាវីឌយាងទៅយកអដ្ឋិធាតុរបស់ព្រះបាទសូល និងសម្ដេចយ៉ូណាថានពីអ្នកក្រុងយ៉ាបេស នៅស្រុកកាឡាដ។ ក្រោយពេលព្រះបាទសូលទទួលបរាជ័យនៅគីលបោ ជនជាតិភីលីស្ទីនបានយកសពរបស់ព្រះបាទសូល និងសម្ដេចយ៉ូណាថាន ជាបុត្រ ទៅព្យួរនៅទីធ្លាក្រុងបេតសាន ហើយអ្នកក្រុងយ៉ាបេសនាំគ្នាលួចយកមកវិញ។