2. ព្រះរាជាបានកោះហៅអ្នកស្រុកគីបៀនមក ដើម្បីសាកសួរ (អ្នកស្រុកពុំមែនជាជនជាតិអ៊ីស្រាអែលទេ គឺជាជនជាតិអាម៉ូរីដែលនៅសេសសល់។ ជនជាតិអ៊ីស្រាអែលបានស្បថថា ទុកជីវិតឲ្យពួកគេ ប៉ុន្តែ ព្រះបាទសូលរកសម្លាប់ពួកគេឲ្យផុតពូជ ដើម្បីសម្តែងឲ្យជនជាតិអ៊ីស្រាអែល និងជនជាតិយូដាឃើញថាស្ដេចស្នេហាជាតិ)។
3. ព្រះបាទដាវីឌមានរាជឱង្ការសួរពួកគេថា៖ «តើឲ្យយើងធ្វើដូចម្ដេចចំពោះអ្នករាល់គ្នា? តើយើងអាចលាងកំហុសដែលយើងបានប្រព្រឹត្តចំពោះអ្នករាល់គ្នាតាមពិធីណា ដើម្បីឲ្យអ្នករាល់គ្នាជូនពរដល់ប្រជារាស្ត្ររបស់ព្រះអម្ចាស់»។
4. អ្នកស្រុកគីបៀនតបថា៖ «បំណុលដែលព្រះបាទសូល និងរាជវង្សានុវង្សជំពាក់យើងខ្ញុំ ពុំអាចសងដោយមាស ឬប្រាក់ទេ ឬដោយសម្លាប់ជនជាតិអ៊ីស្រាអែលណាម្នាក់ឡើយ»។ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «អ្វីៗដែលអ្នករាល់គ្នាចង់បាន យើងនឹងធ្វើតាម»។
5. អ្នកស្រុកគីបៀនទូលស្ដេចថា៖ «ព្រះបាទសូលមានគោលបំណងកម្ទេច និងប្រល័យយើងខ្ញុំឲ្យផុតពូជ ដោយពុំចង់ទុកឲ្យនរណាម្នាក់រស់រាន នៅលើទឹកដីអ៊ីស្រាអែលឡើយ។
6. ដូច្នេះ សូមព្រះករុណាប្រគល់មនុស្សប្រាំពីរនាក់ ក្នុងចំណោមពូជពង្សរបស់ព្រះបាទសូល មកឲ្យយើងខ្ញុំ យើងខ្ញុំនឹងយកពួកគេទៅចងកនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់នៅគីបៀរ ជាក្រុងរបស់ព្រះបាទសូល ជាស្ដេចដែលព្រះអម្ចាស់បានជ្រើសរើស»។ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «យើងនឹងប្រគល់ពួកគេដល់អ្នករាល់គ្នា»។
7. ព្រះបាទដាវីឌសន្ដោសប្រណីដល់លោកមេភីបូសែត ជាបុត្ររបស់សម្ដេចយ៉ូណាថាន និងជាចៅរបស់ព្រះបាទសូល ព្រោះតែពាក្យដែលព្រះរាជាបានស្បថជាមួយសម្ដេចយ៉ូណាថាន នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។