២ សាំយូ‌អែល 21:15-22 Khmer Standard Version (KHSV)

15. ពេល​នោះ ជន‌ជាតិ​ភីលីស្ទីន​បាន​មក​ច្បាំង​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល​សា​ជា​ថ្មី។ ព្រះ‌បាទ​ដាវីឌ​នាំ​ពល​ទាហាន​ចេញ​ទៅ​វាយ​ជន‌ជាតិ​ភីលីស្ទីន។ ព្រះ‌បាទ​ដាវីឌ​នឿយ‌ហត់​ជា​ខ្លាំង។

16. ជន‌ជាតិ​ភីលីស្ទីន​ម្នាក់​ឈ្មោះ​យីសប៊ី-‌បេណូប ជា​កូន​ចៅ​ហារ៉ាផា គាត់​មាន​លំពែង​លង្ហិន​មួយ ទម្ងន់​ជាង​បី​គីឡូ​ក្រាម និង​ប្រដាប់​ដោយ​អាវុធ​ថ្មី។ គាត់​មាន​បំណង​នឹង​ធ្វើ​គុត​ព្រះ‌បាទ​ដាវីឌ។

17. ប៉ុន្តែ លោក​អប៊ី‌សាយ ជា​កូន​របស់​លោក​ស្រី​សេរូយ៉ា ទៅ​ជួយ​ព្រះ‌បាទ​ដាវីឌ ហើយ​សម្លាប់​ជន‌ជាតិ​ភីលីស្ទីន​នោះ។ ពល​ទាហាន​ទាំង​អស់​ទទូច​អង្វរ​ព្រះ‌បាទ​ដាវីឌ សូម​កុំ​ឲ្យ​ស្ដេច​យាង​ចេញ​ទៅ​ច្បាំង​រួម​ជា​មួយ​ពួក​គេ​ទៀត​ឡើយ ដើម្បី​កុំ​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​បាត់​បង់​ស្ដេច។

18. ក្រោយ​មក ជន‌ជាតិ​ភីលីស្ទីន​ច្បាំង​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល​សា​ជា​ថ្មី នៅ​កូប។ ពេល​នោះ លោក​ស៊ីប‌បាកាយ ជា​អ្នក​ស្រុក​ហ៊ូសា បាន​សម្លាប់​សាភ ជា​កូន​ចៅ​ហារ៉ាផា។

19. បន្ទាប់​មក​ទៀត មាន​កើត​ចំបាំង​សា​ជា​ថ្មី​ជា​មួយ​ជន‌ជាតិ​ភីលីស្ទីន​នៅ​កូប​ដែរ។ ពេល​នោះ លោក​អែល‌ហាណាន ជា​កូន​របស់​លោក​យារេ-‌អូរេ‌គីម ជា​អ្នក​ភូមិ​បេថ្លេ‌ហិម បាន​សម្លាប់​កូលី‌យ៉ាត ជា​អ្នក​ក្រុង​កាថ។ ដង​លំពែង​របស់​កូលី‌យ៉ាត​មាន​រាង​ដូច​ផ្សំ​របស់​កី‌តម្បាញ។

20. បន្ទាប់​មក ក៏​កើត​មាន​ចំបាំង​សា​ជា​ថ្មី​នៅ​ក្រុង​កាថ។ ពេល​នោះ មាន​ទាហាន​ភីលីស្ទីន​ម្នាក់​មាន​មាឌ​មាំ​មាន​ម្រាម​ដៃ និង​ម្រាម​ជើង ម្ខាងៗ​ប្រាំ​មួយ សរុប​ទាំង​អស់​គាត់​មាន​ម្រាម​ម្ភៃ​បួន ហើយ​គាត់​ជា​កូន​ចៅ​របស់​ហារ៉ាផា​ដែរ។

21. គាត់​បាន​បបួល​ជន‌ជាតិ​អ៊ីស្រា‌អែល​ឲ្យ​ចេញ​មក​តទល់​នឹង​គាត់។ ដូច្នេះ លោក​យ៉ូណា‌ថាន ជា​កូន​របស់​លោក​សាំ‌ម៉ា និង​ជា​ក្មួយ​របស់​ព្រះ‌បាទ​ដាវីឌ បាន​សម្លាប់​អ្នក​នោះ​ចោល​ទៅ។

22. ទាហាន​ភីលីស្ទីន​ទាំង​បួន​នាក់ ដែល​ព្រះ‌បាទ​ដាវីឌ និង​ពល​ទាហាន​បាន​សម្លាប់​នោះ សុទ្ធ​តែ​ជា​កូន​ចៅ​ហារ៉ាផា ជា​អ្នក​ក្រុង​កាថ។

២ សាំយូ‌អែល 21