13. ព្រះបាទដាវីឌនាំយកអដ្ឋិធាតុរបស់ព្រះបាទសូល និងសម្ដេចយ៉ូណាថាន ព្រមទាំងប្រមូលយកអដ្ឋិធាតុរបស់អ្នកទាំងប្រាំពីរ ដែលគេចងកនោះមកដែរ។
14. គេបានបញ្ចុះអដ្ឋិធាតុរបស់ព្រះបាទសូល និងសម្ដេចយ៉ូណាថាន ក្នុងផ្នូររបស់លោកគីស ជាបិតារបស់ព្រះបាទសូលនៅសេឡា ក្នុងស្រុកបេនយ៉ាមីន។ គេធ្វើសព្វគ្រប់ទាំងអស់តាមបញ្ជារបស់ស្ដេច ហើយព្រះជាម្ចាស់ទ្រង់សម្តែងព្រះហឫទ័យមេត្តាករុណាដល់ស្រុកនោះវិញ។
15. ពេលនោះ ជនជាតិភីលីស្ទីនបានមកច្បាំងនឹងជនជាតិអ៊ីស្រាអែលសាជាថ្មី។ ព្រះបាទដាវីឌនាំពលទាហានចេញទៅវាយជនជាតិភីលីស្ទីន។ ព្រះបាទដាវីឌនឿយហត់ជាខ្លាំង។
16. ជនជាតិភីលីស្ទីនម្នាក់ឈ្មោះយីសប៊ី-បេណូប ជាកូនចៅហារ៉ាផា គាត់មានលំពែងលង្ហិនមួយ ទម្ងន់ជាងបីគីឡូក្រាម និងប្រដាប់ដោយអាវុធថ្មី។ គាត់មានបំណងនឹងធ្វើគុតព្រះបាទដាវីឌ។
17. ប៉ុន្តែ លោកអប៊ីសាយ ជាកូនរបស់លោកស្រីសេរូយ៉ា ទៅជួយព្រះបាទដាវីឌ ហើយសម្លាប់ជនជាតិភីលីស្ទីននោះ។ ពលទាហានទាំងអស់ទទូចអង្វរព្រះបាទដាវីឌ សូមកុំឲ្យស្ដេចយាងចេញទៅច្បាំងរួមជាមួយពួកគេទៀតឡើយ ដើម្បីកុំឲ្យជនជាតិអ៊ីស្រាអែលបាត់បង់ស្ដេច។
18. ក្រោយមក ជនជាតិភីលីស្ទីនច្បាំងនឹងជនជាតិអ៊ីស្រាអែលសាជាថ្មី នៅកូប។ ពេលនោះ លោកស៊ីបបាកាយ ជាអ្នកស្រុកហ៊ូសា បានសម្លាប់សាភ ជាកូនចៅហារ៉ាផា។
19. បន្ទាប់មកទៀត មានកើតចំបាំងសាជាថ្មីជាមួយជនជាតិភីលីស្ទីននៅកូបដែរ។ ពេលនោះ លោកអែលហាណាន ជាកូនរបស់លោកយារេ-អូរេគីម ជាអ្នកភូមិបេថ្លេហិម បានសម្លាប់កូលីយ៉ាត ជាអ្នកក្រុងកាថ។ ដងលំពែងរបស់កូលីយ៉ាតមានរាងដូចផ្សំរបស់កីតម្បាញ។
20. បន្ទាប់មក ក៏កើតមានចំបាំងសាជាថ្មីនៅក្រុងកាថ។ ពេលនោះ មានទាហានភីលីស្ទីនម្នាក់មានមាឌមាំមានម្រាមដៃ និងម្រាមជើង ម្ខាងៗប្រាំមួយ សរុបទាំងអស់គាត់មានម្រាមម្ភៃបួន ហើយគាត់ជាកូនចៅរបស់ហារ៉ាផាដែរ។
21. គាត់បានបបួលជនជាតិអ៊ីស្រាអែលឲ្យចេញមកតទល់នឹងគាត់។ ដូច្នេះ លោកយ៉ូណាថាន ជាកូនរបស់លោកសាំម៉ា និងជាក្មួយរបស់ព្រះបាទដាវីឌ បានសម្លាប់អ្នកនោះចោលទៅ។
22. ទាហានភីលីស្ទីនទាំងបួននាក់ ដែលព្រះបាទដាវីឌ និងពលទាហានបានសម្លាប់នោះ សុទ្ធតែជាកូនចៅហារ៉ាផា ជាអ្នកក្រុងកាថ។