4. ពេលនោះ អ្នកស្រុកយូដានាំគ្នាមកក្រុងហេប្រូន ហើយចាក់ប្រេងអភិសេកលោកដាវីឌ ជាស្ដេចរបស់ជនជាតិយូដា។ មានគេនាំដំណឹងមកទូលព្រះបាទដាវីឌថា អ្នកក្រុងយ៉ាបេស នៅស្រុកកាឡាដ បាននាំគ្នាបញ្ចុះសពព្រះបាទសូល។
5. ព្រះបាទដាវីឌក៏ចាត់អ្នកនាំសារឲ្យទៅប្រាប់អ្នកក្រុងយ៉ាបេស នៅស្រុកកាឡាដថា៖ «សូមព្រះអម្ចាស់ប្រទានពរដល់អ្នករាល់គ្នា ព្រោះអ្នករាល់គ្នាសម្តែងភក្ដីភាពចំពោះព្រះបាទសូល ជាម្ចាស់របស់អ្នករាល់គ្នា ដោយបានបញ្ចុះសពស្ដេច។
6. ឥឡូវនេះ សូមព្រះអម្ចាស់សម្តែងព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះស្ម័គ្រចំពោះអ្នករាល់គ្នាវិញ។ ដោយសារអ្នករាល់គ្នាធ្វើដូច្នេះ ខ្ញុំក៏នឹងប្រព្រឹត្តល្អចំពោះអ្នករាល់គ្នាដែរ។
7. ចូរមានកម្លាំង និងមានចិត្តក្លាហានឡើង! ព្រះបាទសូល ជាម្ចាស់របស់អ្នករាល់គ្នាបានសោយទិវង្គតផុតទៅហើយ។ ចំណែកខ្ញុំវិញ អ្នកស្រុកយូដាបានចាក់ប្រេងអភិសេកខ្ញុំ ជាស្ដេចគ្រប់គ្រងលើពួកគេ»។
8. លោកអប៊ីនើរ ជាកូនរបស់លោកនើរ ដែលជាមេទ័ពរបស់ព្រះបាទសូល បាននាំសម្ដេចអ៊ីសបូសែត ជាបុត្ររបស់ព្រះបាទសូល ឆ្លងទៅក្រុងម៉ាហាណែម។
9. នៅទីនោះ លោកអប៊ីនើរតែងតាំងសម្ដេចអ៊ីសបូសែតជាស្ដេច គ្រប់គ្រងលើស្រុកកាឡាដ ស្រុកអេស៊ើរ ស្រុកយេសរាល ស្រុកអេប្រាអ៊ីម ស្រុកបេនយ៉ាមីន ពោលគឺស្រុកអ៊ីស្រាអែលទាំងមូល។
10. ពេលព្រះបាទអ៊ីសបូសែតជាបុត្ររបស់ព្រះបាទសូល ឡើងគ្រងរាជ្យលើស្រុកអ៊ីស្រាអែល ទ្រង់មានព្រះជន្មសែសិបវស្សា ហើយសោយរាជ្យបានពីរឆ្នាំ។ មានតែស្រុកយូដាប៉ុណ្ណោះ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះបាទដាវីឌ។
11. ព្រះបាទដាវីឌសោយរាជ្យលើជនជាតិយូដា អស់រយៈពេលប្រាំពីរឆ្នាំកន្លះ នៅក្រុងហេប្រូន។
12. លោកអប៊ីនើរជាកូនរបស់លោកនើរ និងជារាជបម្រើរបស់ព្រះបាទអ៊ីសបូសែត ជាបុត្ររបស់ព្រះបាទសូល បានចាកចេញពីក្រុងម៉ាហាណែមឆ្ពោះទៅក្រុងគីបៀន។