15. យុវជនទាំងនោះក៏ចេញមកមានចំនួនស្មើគ្នា គឺដប់ពីរនាក់ពីកុលសម្ព័ន្ធបេនយ៉ាមីន ខាងព្រះបាទអ៊ីសបូសែត ហើយដប់ពីរនាក់ទៀតជារាជបម្រើព្រះបាទដាវីឌ។
16. ពួកគេចាប់ក្បាលគូសត្រូវរបស់ខ្លួន ហើយហូតដាវចាក់ត្រង់ឆ្អឹងជំនីរគ្នាទៅវិញទៅមក ជាហេតុធ្វើឲ្យពួកគេដួលស្លាប់ទាំងអស់គ្នា។ គេបានហៅកន្លែងនៅជិតបឹងគីបៀននោះថា «ហេលកាត-ហាស៊ូរីម»។
17. ការប្រយុទ្ធមួយយ៉ាងសាហាវបានផ្ទុះឡើង នៅថ្ងៃនោះ។ លោកអប៊ីនើរ ព្រមទាំងទាហានរបស់លោក វាយចាញ់ទាហានរបស់ព្រះបាទដាវីឌ។
18. កូនប្រុសទាំងបីរូបរបស់អ្នកស្រីសេរូយ៉ានៅទីនោះទាំងអស់គ្នា គឺលោកយ៉ូអាប់ លោកអប៊ីសាយ និងលោកអេសាអែល។ លោកអេសាអែលរត់លឿនដូចប្រើស
19. លោកដេញតាមលោកអប៊ីនើរយ៉ាងប្រកិត ឥតងាកឆ្វេង ឬស្ដាំឡើយ។
20. លោកអប៊ីនើរងាកក្រោយសួរថា៖ «តើអ្នកជាអេសាអែលឬ?»។ លោកអេសាអែលឆ្លើយថា៖ «ខ្ញុំនេះហើយ!»។
21. លោកអប៊ីនើរមានប្រសាសន៍ថា៖ «ចូរដេញតាមក្មេងណាម្នាក់នៅខាងឆ្វេង ឬខាងស្ដាំ ហើយចាប់ដោះយកគ្រឿងអាវុធរបស់គេទៅ»។ ប៉ុន្តែ លោកអេសាអែលមិនព្រមឈប់ដេញតាមលោកអប៊ីនើរទេ។
22. លោកអប៊ីនើរពោលមកកាន់លោកអេសាអែលទៀតថា៖ «ចូរឈប់ដេញតាមខ្ញុំទៅ! ហេតុអ្វីបានជាបង្ខំខ្ញុំឲ្យសម្លាប់អ្នក? ធ្វើដូច្នេះ នៅពេលក្រោយ តើឲ្យខ្ញុំមើលមុខលោកយ៉ូអាប់ ជាបងរបស់អ្នកដូចម្ដេចបាន?»។
23. ប៉ុន្តែ លោកអេសាអែលមិនព្រមឈប់ដេញទេ។ ពេលនោះ លោកអប៊ីនើរក៏ចាក់លោកអេសាអែលមួយលំពែង ត្រូវត្រង់ពោះធ្លុះដល់ខ្នង។ លោកអេសាអែលដួលស្លាប់នៅនឹងកន្លែង។ អស់អ្នកដែលរត់មកដល់កន្លែងលោកអេសាអែលដួលស្លាប់នោះ ក៏នាំគ្នាឈប់។
24. ប៉ុន្តែ លោកយ៉ូអាប់ និងលោកអប៊ីសាយនៅតែដេញតាមលោកអប៊ីនើរ ហើយទៅដល់ជម្រាលភ្នំអាំម៉ា ដែលស្ថិតនៅទល់មុខនឹងគីយ៉ា តាមផ្លូវទៅវាលរហោស្ថានគីបៀន នៅពេលថ្ងៃលិច។
25. ពលទាហានបេនយ៉ាមីនប្រមូលគ្នាមកនៅពីក្រោយលោកអប៊ីនើរ។ គេផ្ដុំគ្នាជាក្រុម ហើយឈប់នៅលើកំពូលភ្នំ។
26. លោកអប៊ីនើរស្រែកសួរលោកយ៉ូអាប់ថា៖ «តើយើងនៅតែច្បាំងគ្នារហូតឬ? តើអ្នកមិនយល់ថា ការនេះត្រូវបញ្ចប់ដោយជូរចត់ទេឬ? តើនៅរង់ចាំដល់ពេលណា ទើបបញ្ជាទាហានឲ្យឈប់ដេញតាមបងប្អូនរបស់ខ្លួនទៀត?»។
27. លោកយ៉ូអាប់ស្រែកប្រាប់ទៅវិញថា៖ «ខ្ញុំសូមស្បថក្នុងនាមព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅថា ប្រសិនបើអ្នកមិនសុំឲ្យខ្ញុំឈប់ដេញតាមទេ នោះទាហានរបស់ខ្ញុំមុខជានៅតែដេញតាមអ្នករាល់គ្នា រហូតដល់ព្រឹកស្អែក»។
28. លោកយ៉ូអាប់ផ្លុំត្រែឡើង ហើយពួកពលទាហានទាំងអស់នាំគ្នាឈប់។ ពួកគេលែងដេញតាមកងទ័ពអ៊ីស្រាអែល និងលែងប្រយុទ្ធគ្នាទៀត។
29. លោកអប៊ីនើរ និងពលទាហានរបស់លោក នាំគ្នាបន្តដំណើរពេញមួយយប់ ដោយដើរកាត់វាលទំនាបទន្លេយ័រដាន់ រួចឆ្លងទៅត្រើយម្ខាង។ បន្ទាប់ពីដើរអស់មួយព្រឹកទៀត ពួកគេឆ្លងកាត់វាលប៊ីត្រោន ហើយទៅដល់ក្រុងម៉ាហាណែមវិញ។
30. កាលលោកយ៉ូអាប់វិលមកពីដេញតាមលោកអប៊ីនើរវិញ លោកប្រមូលផ្ដុំពលទាហាន ឃើញមានបាត់ទាហានរបស់ព្រះបាទដាវីឌ ចំនួនដប់ប្រាំបួននាក់ និងលោកអេសាអែលម្នាក់ទៀត។