13. លោកយ៉ូអាប់ជាកូនរបស់អ្នកស្រីសេរូយ៉ា ព្រមទាំងរាជបម្រើរបស់ព្រះបាទដាវីឌក៏ចេញទៅច្បាំងដែរ។ កងទ័ពទាំងពីរបានមកជួបគ្នានៅត្រង់បឹងគីបៀន ហើយបោះទ័ពទល់មុខគ្នានៅមាត់បឹង។
14. លោកអប៊ីនើរមានប្រសាសន៍ទៅកាន់លោកយ៉ូអាប់ថា៖ «ចូរឲ្យពួកយុវជនក្រោកឡើងប្រកួតគ្នានៅចំពោះមុខយើងទាំងពីរ!»។ លោកយ៉ូអាប់តបវិញថា៖ «ឲ្យគេក្រោកឡើងប្រកួតគ្នាចុះ!»។
15. យុវជនទាំងនោះក៏ចេញមកមានចំនួនស្មើគ្នា គឺដប់ពីរនាក់ពីកុលសម្ព័ន្ធបេនយ៉ាមីន ខាងព្រះបាទអ៊ីសបូសែត ហើយដប់ពីរនាក់ទៀតជារាជបម្រើព្រះបាទដាវីឌ។
16. ពួកគេចាប់ក្បាលគូសត្រូវរបស់ខ្លួន ហើយហូតដាវចាក់ត្រង់ឆ្អឹងជំនីរគ្នាទៅវិញទៅមក ជាហេតុធ្វើឲ្យពួកគេដួលស្លាប់ទាំងអស់គ្នា។ គេបានហៅកន្លែងនៅជិតបឹងគីបៀននោះថា «ហេលកាត-ហាស៊ូរីម»។
17. ការប្រយុទ្ធមួយយ៉ាងសាហាវបានផ្ទុះឡើង នៅថ្ងៃនោះ។ លោកអប៊ីនើរ ព្រមទាំងទាហានរបស់លោក វាយចាញ់ទាហានរបស់ព្រះបាទដាវីឌ។
18. កូនប្រុសទាំងបីរូបរបស់អ្នកស្រីសេរូយ៉ានៅទីនោះទាំងអស់គ្នា គឺលោកយ៉ូអាប់ លោកអប៊ីសាយ និងលោកអេសាអែល។ លោកអេសាអែលរត់លឿនដូចប្រើស
19. លោកដេញតាមលោកអប៊ីនើរយ៉ាងប្រកិត ឥតងាកឆ្វេង ឬស្ដាំឡើយ។
20. លោកអប៊ីនើរងាកក្រោយសួរថា៖ «តើអ្នកជាអេសាអែលឬ?»។ លោកអេសាអែលឆ្លើយថា៖ «ខ្ញុំនេះហើយ!»។
21. លោកអប៊ីនើរមានប្រសាសន៍ថា៖ «ចូរដេញតាមក្មេងណាម្នាក់នៅខាងឆ្វេង ឬខាងស្ដាំ ហើយចាប់ដោះយកគ្រឿងអាវុធរបស់គេទៅ»។ ប៉ុន្តែ លោកអេសាអែលមិនព្រមឈប់ដេញតាមលោកអប៊ីនើរទេ។
22. លោកអប៊ីនើរពោលមកកាន់លោកអេសាអែលទៀតថា៖ «ចូរឈប់ដេញតាមខ្ញុំទៅ! ហេតុអ្វីបានជាបង្ខំខ្ញុំឲ្យសម្លាប់អ្នក? ធ្វើដូច្នេះ នៅពេលក្រោយ តើឲ្យខ្ញុំមើលមុខលោកយ៉ូអាប់ ជាបងរបស់អ្នកដូចម្ដេចបាន?»។