11. ព្រះបាទដាវីឌសោយរាជ្យលើជនជាតិយូដា អស់រយៈពេលប្រាំពីរឆ្នាំកន្លះ នៅក្រុងហេប្រូន។
12. លោកអប៊ីនើរជាកូនរបស់លោកនើរ និងជារាជបម្រើរបស់ព្រះបាទអ៊ីសបូសែត ជាបុត្ររបស់ព្រះបាទសូល បានចាកចេញពីក្រុងម៉ាហាណែមឆ្ពោះទៅក្រុងគីបៀន។
13. លោកយ៉ូអាប់ជាកូនរបស់អ្នកស្រីសេរូយ៉ា ព្រមទាំងរាជបម្រើរបស់ព្រះបាទដាវីឌក៏ចេញទៅច្បាំងដែរ។ កងទ័ពទាំងពីរបានមកជួបគ្នានៅត្រង់បឹងគីបៀន ហើយបោះទ័ពទល់មុខគ្នានៅមាត់បឹង។
14. លោកអប៊ីនើរមានប្រសាសន៍ទៅកាន់លោកយ៉ូអាប់ថា៖ «ចូរឲ្យពួកយុវជនក្រោកឡើងប្រកួតគ្នានៅចំពោះមុខយើងទាំងពីរ!»។ លោកយ៉ូអាប់តបវិញថា៖ «ឲ្យគេក្រោកឡើងប្រកួតគ្នាចុះ!»។
15. យុវជនទាំងនោះក៏ចេញមកមានចំនួនស្មើគ្នា គឺដប់ពីរនាក់ពីកុលសម្ព័ន្ធបេនយ៉ាមីន ខាងព្រះបាទអ៊ីសបូសែត ហើយដប់ពីរនាក់ទៀតជារាជបម្រើព្រះបាទដាវីឌ។
16. ពួកគេចាប់ក្បាលគូសត្រូវរបស់ខ្លួន ហើយហូតដាវចាក់ត្រង់ឆ្អឹងជំនីរគ្នាទៅវិញទៅមក ជាហេតុធ្វើឲ្យពួកគេដួលស្លាប់ទាំងអស់គ្នា។ គេបានហៅកន្លែងនៅជិតបឹងគីបៀននោះថា «ហេលកាត-ហាស៊ូរីម»។