10. ពេលព្រះបាទអ៊ីសបូសែតជាបុត្ររបស់ព្រះបាទសូល ឡើងគ្រងរាជ្យលើស្រុកអ៊ីស្រាអែល ទ្រង់មានព្រះជន្មសែសិបវស្សា ហើយសោយរាជ្យបានពីរឆ្នាំ។ មានតែស្រុកយូដាប៉ុណ្ណោះ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះបាទដាវីឌ។
11. ព្រះបាទដាវីឌសោយរាជ្យលើជនជាតិយូដា អស់រយៈពេលប្រាំពីរឆ្នាំកន្លះ នៅក្រុងហេប្រូន។
12. លោកអប៊ីនើរជាកូនរបស់លោកនើរ និងជារាជបម្រើរបស់ព្រះបាទអ៊ីសបូសែត ជាបុត្ររបស់ព្រះបាទសូល បានចាកចេញពីក្រុងម៉ាហាណែមឆ្ពោះទៅក្រុងគីបៀន។
13. លោកយ៉ូអាប់ជាកូនរបស់អ្នកស្រីសេរូយ៉ា ព្រមទាំងរាជបម្រើរបស់ព្រះបាទដាវីឌក៏ចេញទៅច្បាំងដែរ។ កងទ័ពទាំងពីរបានមកជួបគ្នានៅត្រង់បឹងគីបៀន ហើយបោះទ័ពទល់មុខគ្នានៅមាត់បឹង។