39. ពេលប្រជាជនទាំងមូលឆ្លងទន្លេយ័រដាន់ហើយ ស្ដេចក៏ឆ្លងទៅដែរ។ ព្រះបាទដាវីឌឱបលោកបាស៊ីឡៃ ព្រមទាំងប្រទានពរដល់លោកផង។ បន្ទាប់មក លោកវិលត្រឡប់ទៅផ្ទះរបស់លោកវិញ។
40. ព្រះបាទដាវីឌបានបន្តដំណើរទៅដល់គីលកាល់ ដោយមានលោកគីមហាំដង្ហែទៅជាមួយផង។ ជនជាតិយូដាទាំងអស់ ព្រមទាំងជនជាតិអ៊ីស្រាអែលចំនួនពាក់កណ្ដាល នាំគ្នាដង្ហែស្ដេចឆ្លងទន្លេយ័រដាន់។
41. អ្នកស្រុកអ៊ីស្រាអែលទាំងមូលចូលទៅគាល់ស្ដេច ហើយទូលថា៖ «ហេតុអ្វីព្រះករុណាទុកឲ្យតែបងប្អូនជនជាតិយូដាដង្ហែព្រះករុណា ដោយនាំព្រះករុណា និងរាជវង្សានុវង្ស ឆ្លងទន្លេយ័រដាន់ដូច្នេះ ដ្បិតយើងខ្ញុំក៏ជាប្រជារាស្ត្ររបស់ព្រះអង្គដែរ?»។
42. ជនជាតិយូដាទាំងអស់តបទៅជនជាតិអ៊ីស្រាអែលវិញថា៖ «ពួកយើងជាប់សាច់ញាតិនឹងព្រះករុណាជិតជាងអ្នករាល់គ្នា។ ហេតុអ្វីបានជាអ្នករាល់គ្នាខឹងសម្បារដូច្នេះ? ពួកយើងមិនមែនរស់ដោយសារស្ដេចទេ ហើយពួកយើងក៏មិនបានទទួលអំណោយអ្វីពីស្ដេចដែរ»។
43. ពេលនោះ ជនជាតិអ៊ីស្រាអែលតបទៅជនជាតិយូដាវិញថា៖ «យើងមានសិទ្ធិដប់ដងលើសអ្នករាល់គ្នា ក្នុងការទទួលព្រះបាទដាវីឌជាស្ដេចរបស់យើង ហេតុអ្វីបានជាអ្នករាល់គ្នាមើលងាយពួកយើងដូច្នេះ? គឺពួកយើងទេតើដែលបានផ្ដើមគំនិតយាងស្ដេចរបស់យើង ឲ្យវិលមកវិញមុនគេ!»។ ប៉ុន្តែ ជនជាតិយូដានិយាយម៉ឺងម៉ាត់ជាងជនជាតិអ៊ីស្រាអែល។