23. បន្ទាប់មក ស្ដេចមានរាជឱង្ការស្បថនឹងលោកស៊ីម៉ាយថា៖ «អ្នកមិនត្រូវស្លាប់ទេ!»។
24. លោកមេភីបូសែតជាចៅរបស់ព្រះបាទសូល បានមកទទួលព្រះបាទដាវីឌដែរ។ តាំងពីពេលស្ដេចយាងចាកចេញទៅ រហូតដល់ថ្ងៃស្ដេចយាងត្រឡប់មកវិញដោយសុខសាន្ត លោកមេភីបូសែតពុំបានលាងជើង កោរពុកចង្កា ឬបោកសម្លៀកបំពាក់ទេ។
25. នៅពេលលោកចូលទៅគាល់ស្ដេចនៅក្រុងយេរូសាឡឹម ស្ដេចសួរលោកថា៖ «មេភីបូសែតអើយ ហេតុអ្វីបានជាអ្នកមិនទៅជាមួយយើង?»។
26. លោកទូលស្ដេចថា៖ «បពិត្រព្រះករុណាជាអម្ចាស់! អ្នកបម្រើរបស់ទូលបង្គំបានបញ្ឆោតទូលបង្គំ។ ទូលបង្គំមានបំណងឲ្យគេចងកែបលា ដើម្បីជិះទៅតាមព្រះករុណា ព្រោះទូលបង្គំជាមនុស្សខ្វិន
27. តែអ្នកបម្រើរបស់ទូលបង្គំបានទៅទូលមួលបង្កាច់ពីទូលបង្គំ ថ្វាយព្រះករុណាជាអម្ចាស់។ ព្រះករុណាជាអម្ចាស់ប្រៀបដូចជាទេវតា*របស់ព្រះជាម្ចាស់ ដូច្នេះ សូមព្រះករុណាសម្រេចតាមព្រះហឫទ័យចុះ។
28. ទោះបីព្រះករុណាជាអម្ចាស់យល់ឃើញថា ពូជពង្សទាំងអស់របស់ព្រះបាទសូល ជាជីតាទូលបង្គំ ត្រូវតែស្លាប់ក៏ដោយ ក៏ព្រះករុណាបានប្រោសប្រទានឲ្យទូលបង្គំចូលរួម ក្នុងចំណោមអស់អ្នកដែលបរិភោគជាមួយព្រះករុណាដែរ។ ទូលបង្គំគ្មានសិទ្ធិនឹងទូលអង្វរសូមអ្វីពីព្រះករុណាទៀតឡើយ»។
29. ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ឈប់និយាយទៅ! យើងសម្រេចឲ្យអ្នក និងស៊ីបា បែងចែកដីស្រែចម្ការរបស់ព្រះបាទសូល»។
30. លោកមេភីបូសែតទូលថា៖ «ឲ្យគេយកទាំងអស់ចុះ! ព្រះករុណាជាអម្ចាស់វិលត្រឡប់មកវិញដោយសុខសាន្តដូច្នេះ ទូលបង្គំស្កប់ចិត្តហើយ!»។
31. លោកបាស៊ីឡៃជាអ្នកស្រុកកាឡាដ បានធ្វើដំណើរពីភូមិរ៉ូគីលីមមកទន្លេយ័រដាន់ដែរ ដើម្បីជូនដំណើរស្ដេចឆ្លងទៅត្រើយម្ខាង។
32. លោកមានវ័យចាស់ជរាហើយ គឺអាយុប៉ែតសិបឆ្នាំ។ ពេលស្ដេចគង់នៅក្រុងម៉ាហាណែម លោកផ្គត់ផ្គង់អ្វីៗទាំងអស់ដែលស្ដេចត្រូវការ ដ្បិតលោកជាអ្នកមានស្ដុកស្ដម្ភ។
33. ស្ដេចមានរាជឱង្ការថា៖ «សូមលោកអញ្ជើញទៅក្រុងយេរូសាឡឹមជាមួយខ្ញុំ ខ្ញុំនឹងផ្គត់ផ្គង់អ្វីៗទាំងអស់ដែលលោកត្រូវការ»។