2. ជ័យជំនះនៅថ្ងៃនោះក្លាយទៅជាទុក្ខព្រួយ ដ្បិតកងទ័ពទាំងមូលឮគេនិយាយថា ព្រះរាជាសោកសង្រេងអាឡោះអាល័យបុត្រ។
3. នៅថ្ងៃនោះ ពួកគេចូលមកក្នុងក្រុងវិញដោយស្ងាត់ៗ ដូចជាទាហានបាក់ទ័ពរត់ចោលសមរភូមិទាំងក្ដីអាម៉ាស់។
4. រីឯស្ដេចវិញ ស្ដេចគ្របព្រះភ័ក្ត្រជិត ហើយបន្លឺព្រះសូរសៀងយ៉ាងខ្លាំងថា៖ «អាប់សាឡុម បុត្របិតា! ឱបុត្របិតា! អាប់សាឡុម បុត្របិតាអើយ!»។
5. ពេលនោះ លោកយ៉ូអាប់ចូលគាល់ស្ដេចនៅក្នុងបន្ទប់ ហើយទូលថា៖ «ពលទាហានទាំងអស់បានសង្គ្រោះព្រះករុណា ព្រមទាំងបុត្រាបុត្រី និងស្រីស្នំទាំងប៉ុន្មាន តែថ្ងៃនេះ ព្រះករុណាធ្វើឲ្យពួកគេត្រូវអាម៉ាស់ទៅវិញ។
6. ព្រះករុណាស្រឡាញ់អ្នកដែលស្អប់ព្រះករុណា ហើយស្អប់អ្នកដែលស្រឡាញ់ព្រះករុណាទៅវិញ។ នៅថ្ងៃនេះ ព្រះករុណាបង្ហាញថា ព្រះករុណាមិនគិតគូរដល់មេបញ្ជាការ និងពលទាហានទេ។ ទូលបង្គំដឹងថា ប្រសិនបើស្ដេចអាប់សាឡុមនៅរស់ ហើយទូលបង្គំទាំងអស់គ្នាស្លាប់ ព្រះករុណាមុខជាយល់ថាជាការធម្មតា។
7. ឥឡូវនេះ សូមព្រះករុណាក្រោកឡើង ហើយយាងចេញទៅលើកទឹកចិត្តពលទាហានផង។ ទូលបង្គំសូមស្បថ ក្នុងនាមព្រះអម្ចាស់ថា ប្រសិនបើព្រះករុណាមិនយាងចេញទៅទេ យប់នេះនឹងគ្មាននរណាម្នាក់នៅបម្រើព្រះករុណាទៀតឡើយ ហើយព្រះករុណាត្រូវវេទនាលើសទុក្ខវេទនាទាំងប៉ុន្មាន ដែលព្រះករុណាធ្លាប់ជួបប្រទះតាំងពីក្មេងមកទល់សព្វថ្ងៃ»។
8. ស្ដេចក៏ក្រោកឡើង យាងចេញមកគង់នៅមាត់ទ្វារក្រុង។ គេប្រកាសប្រាប់ពលទាហានទាំងមូលថា ស្ដេចគង់នៅមាត់ទ្វារក្រុង។ ពលទាហានទាំងអស់ក៏នាំគ្នាមកគាល់ស្ដេច។ពលទាហានអ៊ីស្រាអែលបានបាក់ទ័ព រត់ចូលជំរំរបស់គេរៀងៗខ្លួនវិញ។
9. នៅតាមកុលសម្ព័ន្ធអ៊ីស្រាអែលទាំងអស់ ប្រជាជនទាំងមូលពិភាក្សាគ្នាថា៖ «ព្រះបាទដាវីឌបានរំដោះយើងឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ជាពិសេស រំដោះយើងឲ្យរួចពីពួកភីលីស្ទីន តែឥឡូវនេះ ព្រះរាជាបានភៀសខ្លួនចេញពីស្រុក ព្រោះតែស្ដេចអាប់សាឡុម។
10. រីឯស្ដេចអាប់សាឡុមដែលយើងចាក់ប្រេងអភិសេកជាស្ដេចនោះ បានសោយទិវង្គតនៅក្នុងសង្គ្រាមទៅហើយ។ ដូច្នេះ តើពួកយើងនៅរង់ចាំអ្វីទៀត ម្ដេចមិនទៅយាងព្រះរាជាឲ្យត្រឡប់មកវិញ?»។
11. រីឯព្រះបាទដាវីឌ ទ្រង់ចាត់គេឲ្យទៅជម្រាបលោកបូជាចារ្យសាដុក និងលោកបូជាចារ្យអបៀថើរដូចតទៅ៖ «ចូរសាកសួរអស់លោកព្រឹទ្ធាចារ្យនៃជនជាតិយូដាថា ហេតុអ្វីបានជាអស់លោកនៅដំអក់ដូច្នេះ ម្ដេចក៏មិនយាងស្ដេចចូលក្នុងដំណាក់វិញ? ស្ដេចបានជ្រាបពីគោលបំណងរបស់ជនជាតិអ៊ីស្រាអែលទាំងមូលហើយ។