1. មានគេមកជម្រាបលោកយ៉ូអាប់ថា ស្ដេចទ្រង់ព្រះកន្សែង និងអាឡោះអាល័យស្ដេចអាប់សាឡុម។
2. ជ័យជំនះនៅថ្ងៃនោះក្លាយទៅជាទុក្ខព្រួយ ដ្បិតកងទ័ពទាំងមូលឮគេនិយាយថា ព្រះរាជាសោកសង្រេងអាឡោះអាល័យបុត្រ។
3. នៅថ្ងៃនោះ ពួកគេចូលមកក្នុងក្រុងវិញដោយស្ងាត់ៗ ដូចជាទាហានបាក់ទ័ពរត់ចោលសមរភូមិទាំងក្ដីអាម៉ាស់។
4. រីឯស្ដេចវិញ ស្ដេចគ្របព្រះភ័ក្ត្រជិត ហើយបន្លឺព្រះសូរសៀងយ៉ាងខ្លាំងថា៖ «អាប់សាឡុម បុត្របិតា! ឱបុត្របិតា! អាប់សាឡុម បុត្របិតាអើយ!»។