២ សាំយូ‌អែល 18:7-16 Khmer Standard Version (KHSV)

7. កង‌ទ័ព​អ៊ីស្រា‌អែល​ចាញ់​កង‌ទ័ព​របស់​ព្រះ‌បាទ​ដាវីឌ នៅ​ថ្ងៃ​នោះ គេ​ត្រូវ​បរា‌ជ័យ​យ៉ាង​ធ្ងន់ គឺ​មាន​ទាហាន​ស្លាប់​អស់​ចំនួន​ពីរ​ម៉ឺន​នាក់។

8. ការ​ប្រយុទ្ធ​បាន​រាល‌ដាល​ពេញ​ស្រុក​ទាំង​មូល ហើយ​អ្នក​ដែល​បាត់​បង់​ជីវិត​នៅ​ក្នុង​ព្រៃ មាន​ចំនួន​ច្រើន​ជាង​អ្នក​ដែល​ស្លាប់​ដោយ​មុខ​ដាវ​ទៅ​ទៀត។

9. ពេល​កំពុង​ជិះ​លា ស្ដេច​អាប់‌សា‌ឡុម​បាន​ជួប​ប្រទះ​នឹង​កង‌ទ័ព​របស់​ព្រះ‌បាទ​ដាវីឌ។ លា​ដើរ​កាត់​ក្រោម​ដើម​ឈើ​ធំ​មួយ ដែល​មាន​មែក​សាខា ស្រាប់​តែ​ព្រះ‌កេសា​របស់​ស្ដេច​អាប់‌សា‌ឡុម​ទាក់​ជាប់​នឹង​មែក​ឈើ លា​ដើរ​ទៅ​មុខ​ទៀត ទុក​ឲ្យ​ស្ដេច​អាប់‌សា‌ឡុម​នៅ​ព្យួរ​ផុត​ជើង​ពី​ដី។

10. ពល​ទាហាន​ម្នាក់​ឃើញ​ដូច្នេះ ក៏​នាំ​ដំណឹង​ទៅ​ជម្រាប​លោក​យ៉ូអាប់​ថា៖ «ខ្ញុំ​ប្របាទ​ឃើញ​ស្ដេច​អាប់‌សា‌ឡុម​នៅ​ព្យួរ​ជាប់​នឹង​មែក​ឈើ»។

11. លោក​យ៉ូអាប់​មាន​ប្រសាសន៍​ថា៖ «ឯង​បាន​ឃើញ​អាប់‌សា‌ឡុម​ឬ! ហេតុ​អ្វី​បាន​ជា​ឯង​មិន​ប្រហារ​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​ទៅ? នោះ​ខ្ញុំ​នឹង​ឲ្យ​ប្រាក់​ដប់​ស្លឹង និង​ខ្សែ​ក្រវាត់​មួយ​ជា​រង្វាន់​ដល់​ឯង»។

12. ទាហាន​នោះ​តប​ទៅ​លោក​យ៉ូអាប់​ថា៖ «ទោះ​បី​លោក​ឲ្យ​ប្រាក់​ខ្ញុំ​ប្របាទ​មួយ​ពាន់​ស្លឹង​ក្ដី ក៏​ខ្ញុំ​ប្របាទ​មិន​ធ្វើ​ឃាត​បុត្រ​របស់​ស្ដេច​ដែរ ព្រោះ​យើង​ទាំង​អស់​គ្នា​បាន​ឮ​ស្ដេច​មាន​រាជ‌ឱង្ការ​ផ្ដែ‌ផ្ដាំ​លោក ព្រម​ទាំង​លោក​អប៊ី‌សាយ និង​លោក​អ៊ីត‌តាយ​ថា “សូម​ប្រណី​ដល់​អាប់‌សា‌ឡុម​ផង!”។

13. ប្រសិន​បើ​ខ្ញុំ​ប្របាទ​ធ្វើ​គុត​បុត្រ​របស់​ស្ដេច នោះ​ខ្ញុំ​ប្របាទ​ពុំ​អាច​លាក់​រឿង​នេះ​មិន​ឲ្យ​ស្ដេច​ជ្រាប​បាន​ទេ ហើយ​លោក​ផ្ទាល់​ក៏​មិន​ការ‌ពារ​ខ្ញុំ​ប្របាទ​ដែរ»។

14. លោក​យ៉ូអាប់​មាន​ប្រសាសន៍​ថា៖ «យើង​មិន​ចង់​ខាត​ពេល​វេលា​ជា​មួយ​ឯង​ទេ!»។ លោក​ចាប់​យក​ជន្លួញ​បី​ដើម​មក​ចាក់​ទម្លុះ​ត្រង់​បេះ‌ដូង​ស្ដេច​អាប់‌សា‌ឡុម ដែល​នៅ​រស់ ហើយ​ទាក់​ជាប់​នឹង​មែក​ឈើ។

15. ពល​ទាហាន​កំលោះៗ​ចំនួន​ដប់​នាក់ ដែល​កាន់​អាវុធ​របស់​លោក​យ៉ូអាប់ នាំ​គ្នា​ឡោម‌ព័ទ្ធ​ស្ដេច​អាប់‌សា‌ឡុម ហើយ​វាយ​ប្រហារ​ឲ្យ​សុគត​ទៅ។

16. បន្ទាប់​មក លោក​យ៉ូអាប់​បញ្ជា​ឲ្យ​គេ​ផ្លុំ​ត្រែ​បញ្ឈប់​ការ​ប្រយុទ្ធ។ ដូច្នេះ ពល​ទាហាន​របស់​ព្រះ‌បាទ​ដាវីឌ​ក៏​ឈប់​ដេញ​តាម​កង‌ទ័ព​អ៊ីស្រា‌អែល។

២ សាំយូ‌អែល 18