28. ពេលមកដល់ លោកអហ៊ីម៉ាស់ទូលថា៖ «សូមក្រាបថ្វាយបង្គំព្រះករុណា!»។ គាត់ក្រាបថ្វាយបង្គំស្ដេចដល់ដី ហើយទូលថា៖ «សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណា ដែលបានប្រគល់ពួកបះបោរមកក្នុងកណ្ដាប់ដៃរបស់ព្រះករុណា!»។
29. ស្ដេចមានរាជឱង្ការសួរថា៖ «ចុះអាប់សាឡុមសុខសប្បាយទេ?»។ លោកអហ៊ីម៉ាសទូលថា៖ «ពេលលោកយ៉ូអាប់ចាត់ទូលបង្គំ និងអ្នកបម្រើម្នាក់ទៀតមកនោះ ទូលបង្គំសង្កេតឃើញមានការជ្រួលច្របល់យ៉ាងខ្លាំង ប៉ុន្តែ ទូលបង្គំមិនដឹងថាមានហេតុការណ៍អ្វីកើតឡើងទេ»។
30. ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ចូរថយទៅឈរនៅជិតនោះចុះ»។ លោកអហ៊ីម៉ាស់ក៏ដកខ្លួន ហើយឈរចាំ។
31. រំពេចនោះ ជនជាតិអេត្យូពីមកដល់ ទូលស្ដេចថា៖ «បពិត្រព្រះករុណា! ទូលបង្គំនាំដំណឹងល្អមកថ្វាយព្រះករុណា។ ថ្ងៃនេះ ព្រះអម្ចាស់បានរកយុត្តិធម៌ថ្វាយព្រះករុណាហើយ ព្រះអង្គបានរំដោះព្រះករុណា ឲ្យរួចផុតពីកណ្ដាប់ដៃរបស់ពួកបះបោរទាំងប៉ុន្មាន»។
32. ស្ដេចមានរាជឱង្ការសួរថា៖ «ចុះអាប់សាឡុមសុខសប្បាយឬទេ?»។ ជនជាតិអេត្យូពី ទូលថា៖ «បពិត្រព្រះករុណា! សូមឲ្យខ្មាំងសត្រូវ និងពួកបះបោរប្រឆាំងនឹងព្រះករុណា ត្រូវវិនាសដូចយុវជននោះចុះ!»។
33. ពេលនោះ ព្រះបាទដាវីឌក្ដុកក្ដួលក្នុងព្រះហឫទ័យយ៉ាងខ្លាំង ស្ដេចយាងឡើងទៅបន្ទប់ខាងលើខ្លោងទ្វារក្រុង ហើយទ្រង់ព្រះកន្សែង។ ស្ដេចយាងឡើងទៅទាំងរៀបរាប់ថា៖ «អាប់សាឡុម បុត្របិតា! ឱបុត្របិតា! អាប់សាឡុម បុត្របិតាអើយ! គួរតែឲ្យបិតាស្លាប់ជំនួសបុត្រវិញ! អាប់សាឡុម បុត្របិតា ឱបុត្របិតាអើយ!»។