25. គេស្រែកទូលស្ដេច ហើយស្ដេចមានរាជឱង្ការថា៖ «ប្រសិនបើគេមកតែម្នាក់ឯង គេមុខជានាំដំណឹងល្អមកហើយ»។ អ្នកនោះរត់ចូលមកកាន់តែជិត។
26. អ្នកយាមក្រឡេកទៅឃើញមនុស្សម្នាក់ទៀតរត់តម្រង់មក គេក៏ស្រែកប្រាប់អ្នកយាមទ្វារថា៖ «មានម្នាក់ទៀតរត់តម្រង់មកដែរ»។ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «អ្នកនោះក៏នាំដំណឹងល្អមកដែរ»។
27. អ្នកយាមទូលថា៖ «តាមមើលរបៀបរត់នេះ ទូលបង្គំស្គាល់ច្បាស់ថាអ្នកដែលរត់មកមុន គឺលោកអហ៊ីម៉ាស់ ជាកូនរបស់លោកសាដុក»។ ស្ដេចមានរាជឱង្ការថា៖ «គាត់ជាមនុស្សល្អ គាត់ពិតជានាំដំណឹងល្អមកហើយ»។
28. ពេលមកដល់ លោកអហ៊ីម៉ាស់ទូលថា៖ «សូមក្រាបថ្វាយបង្គំព្រះករុណា!»។ គាត់ក្រាបថ្វាយបង្គំស្ដេចដល់ដី ហើយទូលថា៖ «សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណា ដែលបានប្រគល់ពួកបះបោរមកក្នុងកណ្ដាប់ដៃរបស់ព្រះករុណា!»។
29. ស្ដេចមានរាជឱង្ការសួរថា៖ «ចុះអាប់សាឡុមសុខសប្បាយទេ?»។ លោកអហ៊ីម៉ាសទូលថា៖ «ពេលលោកយ៉ូអាប់ចាត់ទូលបង្គំ និងអ្នកបម្រើម្នាក់ទៀតមកនោះ ទូលបង្គំសង្កេតឃើញមានការជ្រួលច្របល់យ៉ាងខ្លាំង ប៉ុន្តែ ទូលបង្គំមិនដឹងថាមានហេតុការណ៍អ្វីកើតឡើងទេ»។
30. ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ចូរថយទៅឈរនៅជិតនោះចុះ»។ លោកអហ៊ីម៉ាស់ក៏ដកខ្លួន ហើយឈរចាំ។
31. រំពេចនោះ ជនជាតិអេត្យូពីមកដល់ ទូលស្ដេចថា៖ «បពិត្រព្រះករុណា! ទូលបង្គំនាំដំណឹងល្អមកថ្វាយព្រះករុណា។ ថ្ងៃនេះ ព្រះអម្ចាស់បានរកយុត្តិធម៌ថ្វាយព្រះករុណាហើយ ព្រះអង្គបានរំដោះព្រះករុណា ឲ្យរួចផុតពីកណ្ដាប់ដៃរបស់ពួកបះបោរទាំងប៉ុន្មាន»។
32. ស្ដេចមានរាជឱង្ការសួរថា៖ «ចុះអាប់សាឡុមសុខសប្បាយឬទេ?»។ ជនជាតិអេត្យូពី ទូលថា៖ «បពិត្រព្រះករុណា! សូមឲ្យខ្មាំងសត្រូវ និងពួកបះបោរប្រឆាំងនឹងព្រះករុណា ត្រូវវិនាសដូចយុវជននោះចុះ!»។