2. ស្ដេចចែកពលទ័ពជាបីកង: កងទីមួយឲ្យនៅក្រោមបញ្ជារបស់លោកយ៉ូអាប់ កងទីពីរនៅក្រោមបញ្ជារបស់លោកអប៊ីសាយ ជាកូនរបស់អ្នកស្រីសេរូយ៉ា និងជាប្អូនរបស់លោកយ៉ូអាប់ ហើយកងទីបីនៅក្រោមបញ្ជារបស់លោកអ៊ីតតាយ ជាជនជាតិកាថ។ ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់ពលទ័ពថា៖ «យើងចង់ចេញទៅច្បាំងរួមជាមួយអ្នករាល់គ្នាដែរ»។
3. ពលទ័ពទូលថា៖ «ព្រះករុណាមិនត្រូវយាងទៅទេ។ ប្រសិនបើយើងខ្ញុំបាក់ទ័ពរត់ គ្មាននរណាចាប់អារម្មណ៍នឹងយើងខ្ញុំទេ ហើយប្រសិនបើយើងខ្ញុំត្រូវស្លាប់អស់ពាក់កណ្ដាល ក៏គ្មាននរណាចាប់អារម្មណ៍ដែរ។ រីឯព្រះករុណាមានតម្លៃស្មើនឹងពួកយើងមួយម៉ឺននាក់ឯណោះ ហេតុនេះគួរតែព្រះករុណាគង់នៅក្នុងទីក្រុង ចាំជួយយើងខ្ញុំវិញ»។
4. ព្រះបាទដាវីឌមានរាជឱង្ការថា៖ «យើងនឹងធ្វើតាមយោបល់របស់អ្នករាល់គ្នា»។ ពេលនោះ ស្ដេចគង់នៅត្រង់មាត់ទ្វារក្រុង ហើយពលទ័ពក៏ចេញទៅ តាមកង តាមក្រុមរបស់ខ្លួន។
5. ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកយ៉ូអាប់ លោកអប៊ីសាយ និងលោកអ៊ីតតាយថា៖ «បើអស់លោកស្រឡាញ់យើង ចូរកុំធ្វើបាបអាប់សាឡុម ជាបុត្ររបស់យើងឡើយ!»។ ពលទ័ពទាំងមូលបានឮរាជឱង្ការ ដែលព្រះបាទដាវីឌផ្ដែផ្ដាំមេទ័ពទាំងអស់ ស្ដីអំពីស្ដេចអាប់សាឡុម។
6. ពលទ័ពរបស់ព្រះបាទដាវីឌចេញទៅច្បាំងនឹងកងទ័ពអ៊ីស្រាអែល ហើយការប្រយុទ្ធផ្ទុះឡើងរវាងកងទ័ពទាំងពីរនៅក្នុងព្រៃអេប្រាអ៊ីម
7. កងទ័ពអ៊ីស្រាអែលចាញ់កងទ័ពរបស់ព្រះបាទដាវីឌ នៅថ្ងៃនោះ គេត្រូវបរាជ័យយ៉ាងធ្ងន់ គឺមានទាហានស្លាប់អស់ចំនួនពីរម៉ឺននាក់។
8. ការប្រយុទ្ធបានរាលដាលពេញស្រុកទាំងមូល ហើយអ្នកដែលបាត់បង់ជីវិតនៅក្នុងព្រៃ មានចំនួនច្រើនជាងអ្នកដែលស្លាប់ដោយមុខដាវទៅទៀត។
9. ពេលកំពុងជិះលា ស្ដេចអាប់សាឡុមបានជួបប្រទះនឹងកងទ័ពរបស់ព្រះបាទដាវីឌ។ លាដើរកាត់ក្រោមដើមឈើធំមួយ ដែលមានមែកសាខា ស្រាប់តែព្រះកេសារបស់ស្ដេចអាប់សាឡុមទាក់ជាប់នឹងមែកឈើ លាដើរទៅមុខទៀត ទុកឲ្យស្ដេចអាប់សាឡុមនៅព្យួរផុតជើងពីដី។
10. ពលទាហានម្នាក់ឃើញដូច្នេះ ក៏នាំដំណឹងទៅជម្រាបលោកយ៉ូអាប់ថា៖ «ខ្ញុំប្របាទឃើញស្ដេចអាប់សាឡុមនៅព្យួរជាប់នឹងមែកឈើ»។
11. លោកយ៉ូអាប់មានប្រសាសន៍ថា៖ «ឯងបានឃើញអាប់សាឡុមឬ! ហេតុអ្វីបានជាឯងមិនប្រហារឲ្យស្លាប់នៅនឹងកន្លែងទៅ? នោះខ្ញុំនឹងឲ្យប្រាក់ដប់ស្លឹង និងខ្សែក្រវាត់មួយជារង្វាន់ដល់ឯង»។