19. លោកអហ៊ីម៉ាស់ជាកូនរបស់លោកសាដុក ពោលទៅកាន់លោកយ៉ូអាប់ថា៖ «សូមទុកឲ្យខ្ញុំរត់ទៅទូលព្រះករុណាអំពីដំណឹងល្អថា ព្រះអម្ចាស់បានរកយុត្តិធម៌ឲ្យព្រះករុណា ដោយរំដោះព្រះករុណាពីកណ្ដាប់ដៃរបស់សត្រូវ»។
20. លោកយ៉ូអាប់មានប្រសាសន៍ថា៖ «ទេ! ចាំថ្ងៃក្រោយ សឹមលោកនាំដំណឹងទៅ ថ្ងៃនេះ លោកមិនមែននាំដំណឹងល្អទេ ពីព្រោះបុត្ររបស់ស្ដេចសោយទិវង្គត»។
21. លោកយ៉ូអាប់បង្គាប់ទៅជនជាតិអេត្យូពីម្នាក់ថា៖ «ចូរទៅទូលព្រះបាទដាវីឌតាមហេតុការណ៍ដែលអ្នកបានឃើញចុះ!»។ ជនជាតិអេត្យូពីនោះ ក្រាបសំពះលាលោកយ៉ូអាប់ ហើយរត់ចេញទៅ។
22. ពេលនោះ លោកអហ៊ីម៉ាស់ ជាកូនរបស់លោកសាដុក ទទូចសុំលោកយ៉ូអាប់ម្ដងទៀតថា៖ «ទោះបីមានរឿងអ្វីក៏ដោយ ទុកឲ្យខ្ញុំរត់ទៅតាមជនជាតិអេត្យូពីនេះផង»។ លោកយ៉ូអាប់សួរថា៖ «កូនអើយ ហេតុអ្វីបានជាអ្នកចង់រត់ទៅដូច្នេះ? ដំណឹងនេះមិនផ្ដល់រង្វាន់អ្វីដល់អ្នកទេ!»។
23. លោកអហ៊ីម៉ាស់តបថា៖ «ទោះមានរឿងអ្វីក៏ដោយ ខ្ញុំនឹងរត់ទៅ!»។ លោកយ៉ូអាប់មានប្រសាសន៍ថា៖ «រត់ទៅចុះ!»។ លោកអហ៊ីម៉ាស់រត់ចេញទៅតាមផ្លូវវាលទំនាបទន្លេយ័រដាន់ ហើយរត់ទៅមុនជនជាតិអេត្យូពី។