10. ពលទាហានម្នាក់ឃើញដូច្នេះ ក៏នាំដំណឹងទៅជម្រាបលោកយ៉ូអាប់ថា៖ «ខ្ញុំប្របាទឃើញស្ដេចអាប់សាឡុមនៅព្យួរជាប់នឹងមែកឈើ»។
11. លោកយ៉ូអាប់មានប្រសាសន៍ថា៖ «ឯងបានឃើញអាប់សាឡុមឬ! ហេតុអ្វីបានជាឯងមិនប្រហារឲ្យស្លាប់នៅនឹងកន្លែងទៅ? នោះខ្ញុំនឹងឲ្យប្រាក់ដប់ស្លឹង និងខ្សែក្រវាត់មួយជារង្វាន់ដល់ឯង»។
12. ទាហាននោះតបទៅលោកយ៉ូអាប់ថា៖ «ទោះបីលោកឲ្យប្រាក់ខ្ញុំប្របាទមួយពាន់ស្លឹងក្ដី ក៏ខ្ញុំប្របាទមិនធ្វើឃាតបុត្ររបស់ស្ដេចដែរ ព្រោះយើងទាំងអស់គ្នាបានឮស្ដេចមានរាជឱង្ការផ្ដែផ្ដាំលោក ព្រមទាំងលោកអប៊ីសាយ និងលោកអ៊ីតតាយថា “សូមប្រណីដល់អាប់សាឡុមផង!”។
13. ប្រសិនបើខ្ញុំប្របាទធ្វើគុតបុត្ររបស់ស្ដេច នោះខ្ញុំប្របាទពុំអាចលាក់រឿងនេះមិនឲ្យស្ដេចជ្រាបបានទេ ហើយលោកផ្ទាល់ក៏មិនការពារខ្ញុំប្របាទដែរ»។
14. លោកយ៉ូអាប់មានប្រសាសន៍ថា៖ «យើងមិនចង់ខាតពេលវេលាជាមួយឯងទេ!»។ លោកចាប់យកជន្លួញបីដើមមកចាក់ទម្លុះត្រង់បេះដូងស្ដេចអាប់សាឡុម ដែលនៅរស់ ហើយទាក់ជាប់នឹងមែកឈើ។
15. ពលទាហានកំលោះៗចំនួនដប់នាក់ ដែលកាន់អាវុធរបស់លោកយ៉ូអាប់ នាំគ្នាឡោមព័ទ្ធស្ដេចអាប់សាឡុម ហើយវាយប្រហារឲ្យសុគតទៅ។
16. បន្ទាប់មក លោកយ៉ូអាប់បញ្ជាឲ្យគេផ្លុំត្រែបញ្ឈប់ការប្រយុទ្ធ។ ដូច្នេះ ពលទាហានរបស់ព្រះបាទដាវីឌក៏ឈប់ដេញតាមកងទ័ពអ៊ីស្រាអែល។
17. គេយកសពស្ដេចអាប់សាឡុមទៅបោះចោលក្នុងរណ្ដៅមួយដ៏ធំ នៅកណ្ដាលព្រៃ ហើយយកថ្មយ៉ាងច្រើនមកគរពីលើផង។ ពេលនោះ ពលទាហានអ៊ីស្រាអែលរត់ទៅជំរំរបស់គេរៀងៗខ្លួនវិញ។
18. កាលមានព្រះជន្មនៅឡើយ ស្ដេចអាប់សាឡុមបានឲ្យគេកសាងបង្គោលថ្មមួយនៅជ្រលងភ្នំស្ដេច ដ្បិតស្តេចគិតថា៖ «យើងគ្មានកូនប្រុសបន្តវង្សត្រកូលទេ»។ ដូច្នេះ ស្ដេចក៏ដាក់ឈ្មោះខ្លួនផ្ទាល់លើបង្គោលថ្មនោះ។ ហេតុនេះហើយបានជាគេហៅបង្គោលនោះថា «ស្តូបអាប់សាឡុម»រហូតដល់សព្វថ្ងៃ។
19. លោកអហ៊ីម៉ាស់ជាកូនរបស់លោកសាដុក ពោលទៅកាន់លោកយ៉ូអាប់ថា៖ «សូមទុកឲ្យខ្ញុំរត់ទៅទូលព្រះករុណាអំពីដំណឹងល្អថា ព្រះអម្ចាស់បានរកយុត្តិធម៌ឲ្យព្រះករុណា ដោយរំដោះព្រះករុណាពីកណ្ដាប់ដៃរបស់សត្រូវ»។
20. លោកយ៉ូអាប់មានប្រសាសន៍ថា៖ «ទេ! ចាំថ្ងៃក្រោយ សឹមលោកនាំដំណឹងទៅ ថ្ងៃនេះ លោកមិនមែននាំដំណឹងល្អទេ ពីព្រោះបុត្ររបស់ស្ដេចសោយទិវង្គត»។
21. លោកយ៉ូអាប់បង្គាប់ទៅជនជាតិអេត្យូពីម្នាក់ថា៖ «ចូរទៅទូលព្រះបាទដាវីឌតាមហេតុការណ៍ដែលអ្នកបានឃើញចុះ!»។ ជនជាតិអេត្យូពីនោះ ក្រាបសំពះលាលោកយ៉ូអាប់ ហើយរត់ចេញទៅ។