២ សាំយូ‌អែល 17:3-15 Khmer Standard Version (KHSV)

3. បន្ទាប់​មក ទូលបង្គំ​នាំ​ប្រជា‌ជន​ទាំង​អស់​មក​ថ្វាយ​ព្រះ‌ករុណា​វិញ។ ដូច្នេះ អ្នក​ដែល​ព្រះ‌ករុណា​ចង់​កំចាត់​នោះ​នឹង​ត្រូវ​សុគត ហើយ​ប្រជា‌ជន​ទាំង​មូល​នឹង​វិល​មក​រស់​នៅ​ជា​មួយ​ព្រះ‌ករុណា ដោយ​សុខ‌សាន្ត»។

4. ស្ដេច​អាប់‌សា‌ឡុម និង​ព្រឹទ្ធា‌ចារ្យ​អ៊ីស្រា‌អែល​ទាំង​អស់​យល់​ឃើញ​ថា យោបល់​នេះ​ហាក់​ដូច​ជា​សម‌រម្យ។

5. ប៉ុន្តែ ស្ដេច​អាប់‌សា‌ឡុម​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ទៅ​អញ្ជើញ​លោក​ហ៊ូសាយ​ជា​ជន‌ជាតិ​អើ‌គី​មក យើង​ចង់​ស្ដាប់​យោបល់​របស់​គាត់​ដែរ»។

6. កាល​លោក​ហ៊ូសាយ​មក​ដល់ ស្ដេច​អាប់‌សា‌ឡុម​រៀប​រាប់​អំពី​យោបល់​របស់​លោក​អហ៊ី‌ថូផែល រួច​ស្ដេច​សួរ​លោក​ថា៖ «តើ​យើង​គួរ​ធ្វើ​តាម​យោបល់​នេះ ឬ​មិន​ធ្វើ? បើ​លោក​មាន​យោបល់​ផ្សេង សូម​មាន​ប្រសាសន៍​មក!»។

7. លោក​ហ៊ូសាយ​ទូល​ស្ដេច​អាប់‌សា‌ឡុម​ថា៖ «លើក​នេះ យោបល់​របស់​លោក​អហ៊ី‌ថូផែល​មិន​ល្អ​ទេ។

8. ព្រះ‌ករុណា​ជ្រាប​ច្បាស់​ហើយ​ថា បិតា​របស់​ព្រះ‌ករុណា និង​បរិវារ សុទ្ធ​តែ​ជា​ពល​ទាហាន​ពូកែ​អង់‌អាច។ ពួក​គេ​កំពុង​តែ​ក្ដៅ​ក្រហាយ ដូច​មេ​ខ្លា‌ឃ្មុំ​ដែល​បាត់​កូន​នៅ​ទី​វាល។ ម្យ៉ាង​ទៀត បិតា​របស់​ព្រះ‌ករុណា​ជា​អ្នក​ចំបាំង ពេល​យប់ ទ្រង់​មិន​ផ្ទំ​ជា​មួយ​ពល​ទាហាន​ទេ។

9. ទ្រង់​ពិត​ជា​លាក់​ខ្លួន​នៅ​ក្នុង​រូង​ថ្ម ឬ​កន្លែង​ណា​ផ្សេង​មិន​ខាន​ឡើយ។ ប្រសិន​បើ​មាន​ទាហាន​ស្លាប់​នៅ​ក្នុង​ជួរ​យើង ចាប់​តាំង​ពី​ពេល​ផ្ដើម​ប្រយុទ្ធ នោះ​នឹង​មាន​លេច​ឮ​ដំណឹង​ថា ទ័ព​របស់​ព្រះ‌បាទ​អាប់‌សា‌ឡុម​ទទួល​បរា‌ជ័យ​ហើយ។

10. ដូច្នេះ ទោះ​បី​ទាហាន​ដែល​មាន​ចិត្ត​អង់‌អាច​ដូច​សិង្ហ ក៏​គេ​បាក់​ទឹក​ចិត្ត​ដែរ ព្រោះ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​អស់​ដឹង​ថា បិតា​របស់​ព្រះ‌ករុណា​ជា​មេ‌ទ័ព​ដ៏​ខ្លាំង​ពូកែ ហើយ​ពល​ទាហាន​ដែល​នៅ​ជា​មួយ​នោះ ក៏​សុទ្ធ​តែ​ជា​មនុស្ស​ក្លា‌ហាន​ទៀត​ផង។

11. រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​សូម​ថ្វាយ​យោបល់​ដូច​ត​ទៅ: សូម​ព្រះ‌ករុណា​ប្រមូល​ទាហាន​អ៊ីស្រា‌អែល​ទាំង​អស់​មក គឺ​ចាប់​ពី​ក្រុង​ដាន់ រហូត​ដល់​ក្រុង​បៀរ‌សេបា ឲ្យ​បាន​ចំនួន​ច្រើន​ដូច​គ្រាប់​ខ្សាច់ នៅ​តាម​ឆ្នេរ​សមុទ្រ។ បន្ទាប់​មក សូម​ព្រះ‌ករុណា​ផ្ទាល់​នាំ​មុខ​គេ​ចេញ​ទៅ​ច្បាំង។

12. យើង​នឹង​ទៅ​ទាន់​ស្ដេច​ដាវីឌ នៅ​កន្លែង​ដែល​ទ្រង់​ស្នាក់​អាស្រ័យ យើង​នឹង​សង្គ្រប់​លើ​ពួក​គេ ដោយ​មិន​ឲ្យ​គេ​ដឹង​ខ្លួន គឺ​យើង​នឹង​ប្រហារ​ពួក​គេ ឥត​ទុក​ឲ្យ​នរណា​ម្នាក់​រត់​រួច​ឡើយ។

13. ប្រសិន​បើ​ពួក​គេ​រត់​ទៅ​ជ្រក​នៅ​ក្រុង​ណា​មួយ ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​នឹង​នាំ​គ្នា​ចង​ខ្សែ‌ពួរ​ទាញ​ក្រុង​នោះ​ទម្លាក់​ទៅ​ក្នុង​ជ្រោះ ឥត​មាន​នៅ​សល់​ដុំ​ថ្ម​ណា​មួយ​ទៀត​ឡើយ»។

14. ស្ដេច​អាប់‌សា‌ឡុម និង​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​ពោល​ថា៖ «យោបល់​របស់​លោក​ហ៊ូសាយ ជា​ជន‌ជាតិ​អើ‌គី ល្អ​ជាង​យោបល់​របស់​លោក​អហ៊ី‌ថូផែល!»។ ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​គេ​បដិសេធ​យោបល់​ដ៏​ឆ្លាត​វៃ​របស់​លោក​អហ៊ី‌ថូផែល ដើម្បី​ធ្វើ​ឲ្យ​ស្ដេច​អាប់‌សា‌ឡុម​វិនាស។

15. លោក​ហ៊ូសាយ​រៀប​រាប់​ជូន​លោក​បូជា‌ចារ្យ​សាដុក និង​លោក​បូជា‌ចារ្យ​អបៀ‌ថើ អំពី​យោបល់​ដែល​លោក​អហ៊ី‌ថូផែល​បាន​ទូល​ស្ដេច​អាប់‌សា‌ឡុម និង​ជម្រាប​ពួក​ព្រឹទ្ធា‌ចារ្យ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។ លោក​ក៏​បាន​រៀប​រាប់​អំពី​យោបល់​របស់​លោក​ផ្ទាល់​ដែរ។

២ សាំយូ‌អែល 17