២ សាំយូ‌អែល 17:21-28 Khmer Standard Version (KHSV)

21. កាល​អ្នក​ទាំង​នោះ​ចេញ​ផុត​ទៅ លោក​អហ៊ី‌ម៉ាស់ និង​លោក​យ៉ូណា‌ថាន​ឡើង​ពី​អណ្ដូង ហើយ​នាំ​គ្នា​ទៅ​ទូល​ព្រះ‌បាទ​ដាវីឌ​អំពី​យោបល់​របស់​លោក​អហ៊ី‌ថូផែល ហើយ​ពោល​ថា៖ «សូម​ព្រះ‌ករុណា​ឆ្លង​ទន្លេ​យ័រដាន់​នេះ​ភ្លាម​ទៅ»។

22. ព្រះ‌បាទ​ដាវីឌ និង​បណ្ដា‌ជន​ទាំង​អស់​ដែល​នៅ​ជា​មួយ នាំ​គ្នា​ឆ្លង​ទន្លេ​យ័រដាន់។ លុះ​ព្រលឹម​ស្រាងៗ ពួក​គេ​ឆ្លង​ទន្លេ​យ័រដាន់​ទាំង​អស់​គ្នា​គ្មាន​សល់​នរណា​ម្នាក់​ឡើយ។

23. ចំណែក​ឯ​លោក​អហ៊ី‌ថូផែល​វិញ ដោយ​ឃើញ​ថា គេ​មិន​ធ្វើ​តាម​យោបល់​របស់​គាត់ គាត់​ក៏​ចង​កែប​លា ហើយ​ឡើង​ជិះ​ត្រឡប់​ទៅ​ស្រុក​ភូមិ​របស់​គាត់។ គាត់​ផ្ដែ‌ផ្ដាំ​គ្រួសារ ហើយ​ចង​ក​សម្លាប់​ខ្លួន​ទៅ។ គេ​បាន​បញ្ចុះ​សព​គាត់​ក្នុង​ផ្នូរ​ឪពុក​របស់​គាត់។

24. ក្នុង​ពេល​ដែល​ស្ដេច​អាប់‌សា‌ឡុម​កំពុង​តែ​ឆ្លង​ទន្លេ​យ័រដាន់​ជា​មួយ​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល ព្រះ‌បាទ​ដាវីឌ​បាន​យាង​ដល់​ក្រុង​ម៉ាហា‌ណែម។

25. ស្ដេច​អាប់‌សា‌ឡុម​បាន​តែង‌តាំង​លោក​អម៉ា‌សា​ជា​មេ​បញ្ជា​ការ​កង‌ទ័ព ជំនួស​លោក​យ៉ូអាប់។ លោក​អម៉ា‌សា​ត្រូវ​ជា​កូន​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ម្នាក់​ឈ្មោះ​លោក​យីត‌រ៉ា ដែល​យក​នាង​អប៊ី‌កែល​ជា​កូន​ស្រី​របស់​លោក​ណា‌ហាស និង​ជា​ប្អូន​ស្រី​របស់​អ្នក​ស្រី​សេរូយ៉ា​ដែល​ជា​ម្ដាយ​របស់​លោក​យ៉ូអាប់។

26. ស្ដេច​អាប់‌សា‌ឡុម និង​ពួក​អ៊ីស្រា‌អែល​បាន​បោះ​ទ័ព​នៅ​ស្រុក​កាឡាដ។

27. កាល​ព្រះ‌បាទ​ដាវីឌ​យាង​ដល់​ក្រុង​ម៉ាហា‌ណែម ស្ដេច​ជួប​នឹង​លោក​សូប៊ី ជា​កូន​របស់​លោក​ណា‌ហាស នៅ​ក្រុង​រ៉ាបា ជា​រាជ​ធានី​របស់​ជន‌ជាតិ​អាំម៉ូន និង​លោក​ម៉ា‌កៀរ ជា​កូន​របស់​លោក​អាំ‌មាល​នៅ​ឡូ‌ដេបា និង​លោក​បាស៊ី‌ឡាយ អ្នក​ភូមិ​រ៉ូគី‌លីម ក្នុង​ស្រុក​កាឡាដ។

28. ពួក​គេ​នាំ​យក​ភួយ មុង កន្ទេល ចាន ឆ្នាំង ព្រម​ទាំង​ស្បៀង​អាហារ គឺ​មាន​អង្ករ ពោត ម្សៅ លាជ ពពាយ សណ្ដែក

២ សាំយូ‌អែល 17