10. ដូច្នេះ ទោះបីទាហានដែលមានចិត្តអង់អាចដូចសិង្ហ ក៏គេបាក់ទឹកចិត្តដែរ ព្រោះប្រជាជនអ៊ីស្រាអែលទាំងអស់ដឹងថា បិតារបស់ព្រះករុណាជាមេទ័ពដ៏ខ្លាំងពូកែ ហើយពលទាហានដែលនៅជាមួយនោះ ក៏សុទ្ធតែជាមនុស្សក្លាហានទៀតផង។
11. រីឯទូលបង្គំវិញ ទូលបង្គំសូមថ្វាយយោបល់ដូចតទៅ: សូមព្រះករុណាប្រមូលទាហានអ៊ីស្រាអែលទាំងអស់មក គឺចាប់ពីក្រុងដាន់ រហូតដល់ក្រុងបៀរសេបា ឲ្យបានចំនួនច្រើនដូចគ្រាប់ខ្សាច់ នៅតាមឆ្នេរសមុទ្រ។ បន្ទាប់មក សូមព្រះករុណាផ្ទាល់នាំមុខគេចេញទៅច្បាំង។
12. យើងនឹងទៅទាន់ស្ដេចដាវីឌ នៅកន្លែងដែលទ្រង់ស្នាក់អាស្រ័យ យើងនឹងសង្គ្រប់លើពួកគេ ដោយមិនឲ្យគេដឹងខ្លួន គឺយើងនឹងប្រហារពួកគេ ឥតទុកឲ្យនរណាម្នាក់រត់រួចឡើយ។
13. ប្រសិនបើពួកគេរត់ទៅជ្រកនៅក្រុងណាមួយ ប្រជាជនអ៊ីស្រាអែលទាំងមូលនឹងនាំគ្នាចងខ្សែពួរទាញក្រុងនោះទម្លាក់ទៅក្នុងជ្រោះ ឥតមាននៅសល់ដុំថ្មណាមួយទៀតឡើយ»។
14. ស្ដេចអាប់សាឡុម និងជនជាតិអ៊ីស្រាអែលទាំងមូលពោលថា៖ «យោបល់របស់លោកហ៊ូសាយ ជាជនជាតិអើគី ល្អជាងយោបល់របស់លោកអហ៊ីថូផែល!»។ ព្រះអម្ចាស់បានធ្វើឲ្យគេបដិសេធយោបល់ដ៏ឆ្លាតវៃរបស់លោកអហ៊ីថូផែល ដើម្បីធ្វើឲ្យស្ដេចអាប់សាឡុមវិនាស។
15. លោកហ៊ូសាយរៀបរាប់ជូនលោកបូជាចារ្យសាដុក និងលោកបូជាចារ្យអបៀថើ អំពីយោបល់ដែលលោកអហ៊ីថូផែលបានទូលស្ដេចអាប់សាឡុម និងជម្រាបពួកព្រឹទ្ធាចារ្យនៃជនជាតិអ៊ីស្រាអែល។ លោកក៏បានរៀបរាប់អំពីយោបល់របស់លោកផ្ទាល់ដែរ។
16. លោកបន្ថែមទៀតថា៖ «ឥឡូវនេះ ចូរប្រញាប់ចាត់អ្នកនាំសារឲ្យទៅទូលព្រះបាទដាវីឌថា យប់នេះ កុំឈប់នៅវាលរហោស្ថានជិតទន្លេយ័រដាន់ឡើយ គឺត្រូវឆ្លងទៅត្រើយម្ខាង ដើម្បីកុំឲ្យព្រះរាជា និងបណ្ដាជនទាំងអស់ដែលនៅជាមួយ ត្រូវវិនាស»។