1. បន្ទាប់មក លោកអហ៊ីថូផែលទូលស្ដេចអាប់សាឡុមថា៖ «សូមអនុញ្ញាតឲ្យទូលបង្គំជ្រើសរើសទ័ពចំនួនមួយម៉ឺនពីរពាន់នាក់ ដេញតាមព្រះបាទដាវីឌ យប់នេះតែម្ដងទៅ។
2. ទូលបង្គំនឹងវាយសម្រុក នៅពេលព្រះបាទដាវីឌកំពុងតែនឿយហត់ និងបាក់ទឹកចិត្ត រួចទូលបង្គំនឹងធ្វើឲ្យស្ដេចភ័យតក់ស្លុត ហើយបណ្ដាជនទាំងប៉ុន្មានដែលទៅជាមួយស្ដេច នឹងរត់ចោលស្ដេច។ ទូលបង្គំនឹងធ្វើគុតតែស្ដេចមួយអង្គប៉ុណ្ណោះ។
3. បន្ទាប់មក ទូលបង្គំនាំប្រជាជនទាំងអស់មកថ្វាយព្រះករុណាវិញ។ ដូច្នេះ អ្នកដែលព្រះករុណាចង់កំចាត់នោះនឹងត្រូវសុគត ហើយប្រជាជនទាំងមូលនឹងវិលមករស់នៅជាមួយព្រះករុណា ដោយសុខសាន្ត»។
4. ស្ដេចអាប់សាឡុម និងព្រឹទ្ធាចារ្យអ៊ីស្រាអែលទាំងអស់យល់ឃើញថា យោបល់នេះហាក់ដូចជាសមរម្យ។
5. ប៉ុន្តែ ស្ដេចអាប់សាឡុមមានរាជឱង្ការថា៖ «ចូរទៅអញ្ជើញលោកហ៊ូសាយជាជនជាតិអើគីមក យើងចង់ស្ដាប់យោបល់របស់គាត់ដែរ»។
6. កាលលោកហ៊ូសាយមកដល់ ស្ដេចអាប់សាឡុមរៀបរាប់អំពីយោបល់របស់លោកអហ៊ីថូផែល រួចស្ដេចសួរលោកថា៖ «តើយើងគួរធ្វើតាមយោបល់នេះ ឬមិនធ្វើ? បើលោកមានយោបល់ផ្សេង សូមមានប្រសាសន៍មក!»។
7. លោកហ៊ូសាយទូលស្ដេចអាប់សាឡុមថា៖ «លើកនេះ យោបល់របស់លោកអហ៊ីថូផែលមិនល្អទេ។
8. ព្រះករុណាជ្រាបច្បាស់ហើយថា បិតារបស់ព្រះករុណា និងបរិវារ សុទ្ធតែជាពលទាហានពូកែអង់អាច។ ពួកគេកំពុងតែក្ដៅក្រហាយ ដូចមេខ្លាឃ្មុំដែលបាត់កូននៅទីវាល។ ម្យ៉ាងទៀត បិតារបស់ព្រះករុណាជាអ្នកចំបាំង ពេលយប់ ទ្រង់មិនផ្ទំជាមួយពលទាហានទេ។
9. ទ្រង់ពិតជាលាក់ខ្លួននៅក្នុងរូងថ្ម ឬកន្លែងណាផ្សេងមិនខានឡើយ។ ប្រសិនបើមានទាហានស្លាប់នៅក្នុងជួរយើង ចាប់តាំងពីពេលផ្ដើមប្រយុទ្ធ នោះនឹងមានលេចឮដំណឹងថា ទ័ពរបស់ព្រះបាទអាប់សាឡុមទទួលបរាជ័យហើយ។
10. ដូច្នេះ ទោះបីទាហានដែលមានចិត្តអង់អាចដូចសិង្ហ ក៏គេបាក់ទឹកចិត្តដែរ ព្រោះប្រជាជនអ៊ីស្រាអែលទាំងអស់ដឹងថា បិតារបស់ព្រះករុណាជាមេទ័ពដ៏ខ្លាំងពូកែ ហើយពលទាហានដែលនៅជាមួយនោះ ក៏សុទ្ធតែជាមនុស្សក្លាហានទៀតផង។
11. រីឯទូលបង្គំវិញ ទូលបង្គំសូមថ្វាយយោបល់ដូចតទៅ: សូមព្រះករុណាប្រមូលទាហានអ៊ីស្រាអែលទាំងអស់មក គឺចាប់ពីក្រុងដាន់ រហូតដល់ក្រុងបៀរសេបា ឲ្យបានចំនួនច្រើនដូចគ្រាប់ខ្សាច់ នៅតាមឆ្នេរសមុទ្រ។ បន្ទាប់មក សូមព្រះករុណាផ្ទាល់នាំមុខគេចេញទៅច្បាំង។
12. យើងនឹងទៅទាន់ស្ដេចដាវីឌ នៅកន្លែងដែលទ្រង់ស្នាក់អាស្រ័យ យើងនឹងសង្គ្រប់លើពួកគេ ដោយមិនឲ្យគេដឹងខ្លួន គឺយើងនឹងប្រហារពួកគេ ឥតទុកឲ្យនរណាម្នាក់រត់រួចឡើយ។