6. គាត់ចោលដុំថ្មទៅលើព្រះបាទដាវីឌ និងនាម៉ឺនមន្ត្រីរបស់ស្ដេច ទោះបីមានបណ្ដាជន និងពលទាហាន នៅអមសងខាងស្ដេចក៏ដោយ។
7. គាត់ជេរប្រទេចផ្ដាសាស្ដេចថា៖ «ចេញទៅ! ចេញទៅ! អាឃាតក! អាចោលម្សៀត!
8. ព្រះអម្ចាស់ដាក់ទោសឯង ដើម្បីសងសឹកជំនួសរាជវង្សរបស់ព្រះបាទសូល ដែលឯងបានដណ្ដើមរាជ្យ។ ហេតុនេះហើយបានជាព្រះអម្ចាស់ដករាជ្យពីឯង ប្រគល់ទៅឲ្យសម្ដេចអាប់សាឡុមជាកូនវិញ។ ឥឡូវនេះ ឯងត្រូវរងទុក្ខវេទនា ដ្បិតឯងជាឃាតក»។
9. លោកអប៊ីសាយ ជាកូនរបស់អ្នកស្រីសេរូយ៉ា ទូលស្ដេចថា៖ «បពិត្រព្រះករុណា ម្ដេចក៏ទុកឲ្យអាឆ្កែងាប់នេះជេរប្រទេចផ្ដាសាព្រះករុណាជាអម្ចាស់ដូច្នេះ? ទូលបង្គំសូមទៅកាត់កវា»។
10. ស្ដេចមានរាជឱង្ការថា៖ «លោកអប៊ីសាយ និងលោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ាអើយ ចូរកុំលូកដៃក្នុងរឿងនេះអី! ប្រសិនបើព្រះអម្ចាស់បង្គាប់ឲ្យគាត់ដាក់បណ្ដាសាយើងដូច្នេះ មិនត្រូវឲ្យនរណាម្នាក់ស្ដីបន្ទោសគាត់ឡើយ!»។
11. ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកអប៊ីសាយ និងមន្ត្រីទាំងអស់ថា៖ «សូម្បីតែបុត្របង្កើត ដែលជាសាច់ឈាមរបស់យើង ក៏វារកសម្លាប់យើងទៅហើយ ប្រសិនបើព្រះអម្ចាស់បង្គាប់ដូច្នេះ ទុកឲ្យអ្នកស្រុកបេនយ៉ាមីនម្នាក់នេះជេរប្រទេចផ្ដាសាយើងទៅ!
12. ព្រះអម្ចាស់ប្រហែលជាទតឃើញទុក្ខវេទនារបស់យើង ហើយធ្វើឲ្យពាក្យបណ្ដាសានៅថ្ងៃនេះ ក្លាយទៅជាពាក្យជូនពរទៅវិញ»។
13. ព្រះបាទដាវីឌ និងពលទាហានបន្តដំណើរទៅមុខ ហើយលោកស៊ីម៉ាយដើរតាមចង្កេះភ្នំម្ខាងទៀត នៅមិនឆ្ងាយប៉ុន្មានពីព្រះបាទដាវីឌ។ គាត់ដើរបណ្ដើរ ជេរប្រទេចផ្ដាសាបណ្ដើរ ព្រមទាំងយកដុំថ្មគប់ និងបាចដីមកលើស្ដេចផង។
14. ស្ដេច និងបណ្ដាជនទាំងមូលដែលរួមដំណើរជាមួយ ក៏ទៅដល់ទន្លេយ័រដាន់ពួកគេអស់កម្លាំង ហើយឈប់សម្រាកនៅទីនោះ។
15. ស្ដេចអាប់សាឡុម និងប្រជាជនអ៊ីស្រាអែលទាំងមូល ចូលដល់ក្រុងយេរូសាឡឹម។ លោកអហ៊ីថូផែលក៏នៅជាមួយស្ដេចអាប់សាឡុមដែរ។