12. ព្រះអម្ចាស់ប្រហែលជាទតឃើញទុក្ខវេទនារបស់យើង ហើយធ្វើឲ្យពាក្យបណ្ដាសានៅថ្ងៃនេះ ក្លាយទៅជាពាក្យជូនពរទៅវិញ»។
13. ព្រះបាទដាវីឌ និងពលទាហានបន្តដំណើរទៅមុខ ហើយលោកស៊ីម៉ាយដើរតាមចង្កេះភ្នំម្ខាងទៀត នៅមិនឆ្ងាយប៉ុន្មានពីព្រះបាទដាវីឌ។ គាត់ដើរបណ្ដើរ ជេរប្រទេចផ្ដាសាបណ្ដើរ ព្រមទាំងយកដុំថ្មគប់ និងបាចដីមកលើស្ដេចផង។
14. ស្ដេច និងបណ្ដាជនទាំងមូលដែលរួមដំណើរជាមួយ ក៏ទៅដល់ទន្លេយ័រដាន់ពួកគេអស់កម្លាំង ហើយឈប់សម្រាកនៅទីនោះ។
15. ស្ដេចអាប់សាឡុម និងប្រជាជនអ៊ីស្រាអែលទាំងមូល ចូលដល់ក្រុងយេរូសាឡឹម។ លោកអហ៊ីថូផែលក៏នៅជាមួយស្ដេចអាប់សាឡុមដែរ។
16. លោកហ៊ូសាយជាជនជាតិអើគី ដែលជាមន្ត្រីជំនិតរបស់ព្រះបាទដាវីឌ ចូលទៅគាល់ស្ដេចអាប់សាឡុម ពោលថា៖ «ជយោព្រះរាជា! ជយោព្រះរាជា!»។
17. ស្ដេចអាប់សាឡុមមានរាជឱង្ការទៅកាន់លោកថា៖ «ចិត្តស្មោះត្រង់ចំពោះបិតាខ្ញុំ ដែលជាមិត្តសម្លាញ់របស់លោកនោះ នៅឯណា? ហេតុអ្វីបានជាលោកមិនទៅតាមបិតាខ្ញុំ?»។
18. លោកហ៊ូសាយទូលថា៖ «ទេ! បើព្រះអម្ចាស់ និងប្រជាជនអ៊ីស្រាអែល ព្រមទាំងកងទ័ពទាំងមូល ជ្រើសរើសស្ដេចណា ទូលបង្គំនៅជាមួយស្ដេចនោះហើយ។
19. ម្យ៉ាងទៀត ទូលបង្គំត្រូវបម្រើអ្នកណា? ព្រះករុណាជាបុត្ររបស់មិត្តសម្លាញ់ទូលបង្គំ ដូច្នេះ ទូលបង្គំនឹងបម្រើព្រះករុណា ដូចទូលបង្គំបានបម្រើបិតារបស់ព្រះករុណាដែរ»។
20. ស្ដេចអាប់សាឡុមមានរាជឱង្ការទៅកាន់លោកអហ៊ីថូផែលថា៖ «ចូរអស់លោកពិភាក្សាគ្នាអំពីកិច្ចការ ដែលពួកយើងត្រូវធ្វើនោះទៅ»។