1. ព្រះបាទដាវីឌយាងផុតពីកំពូលភ្នំបន្តិច ស្រាប់តែស៊ីបា ជាអ្នកបម្រើរបស់លោកមេភីបូសែត ក៏មកជួបថ្វាយបង្គំស្ដេច គាត់នាំយកសត្វលាពីរក្បាល ដែលមានដឹកនំប៉័ងចំនួនពីររយដុំ ទំពាំងបាយជូរក្រៀមចំនួនមួយរយកញ្ចប់ ផ្លែឈើស្រស់ចំនួនមួយរយផ្លែ ព្រមទាំងស្រាទំពាំងបាយជូរមួយថង់ស្បែកផង។
2. ព្រះរាជាសួរស៊ីបាថា៖ «តើអ្នកយករបស់ទាំងនេះមកធ្វើអ្វី?»។ ស៊ីបាទូលថា៖ «បពិត្រព្រះករុណា សត្វលាទាំងពីរនេះជាជំនិះសម្រាប់ព្រះរាជវង្ស នំប៉័ង និងផ្លែឈើ ជាអាហាររបស់ពលទាហាន ហើយស្រានេះទុកសម្រាប់អ្នកដែលអស់កម្លាំងនៅវាលរហោស្ថាន»។
3. ព្រះរាជាសួរថា៖ «តើកូនរបស់ម្ចាស់អ្នកនៅឯណា?»។ ស៊ីបាទូលថា៖ «លោកនៅឯក្រុងយេរូសាឡឹម ដ្បិតលោកគិតថា ថ្ងៃនេះ ជនជាតិអ៊ីស្រាអែលនឹងប្រគល់រាជ្យរបស់ជីតាលោកមកឲ្យលោកវិញ»។
4. ស្ដេចមានរាជឱង្ការថា៖ «អ្វីៗទាំងប៉ុន្មានដែលជាកម្មសិទ្ធិរបស់លោកមេភីបូសែត យើងប្រគល់ឲ្យអ្នកទាំងអស់»។ ស៊ីបាក្រាបថ្វាយបង្គំស្ដេច ហើយទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់ សូមទ្រង់ប្រណីសន្ដោសទូលបង្គំរហូតតទៅ!»។
5. ពេលព្រះបាទដាវីឌយាងទៅដល់ភូមិបាហ៊ូរីម មានបុរសម្នាក់ឈ្មោះស៊ីម៉ាយ ជាកូនរបស់លោកកេរ៉ា ក្នុងអំបូររបស់ស្ដេចសូល បានចេញពីភូមិ ហើយជេរប្រទេចផ្ដាសាព្រះបាទដាវីឌ។
6. គាត់ចោលដុំថ្មទៅលើព្រះបាទដាវីឌ និងនាម៉ឺនមន្ត្រីរបស់ស្ដេច ទោះបីមានបណ្ដាជន និងពលទាហាន នៅអមសងខាងស្ដេចក៏ដោយ។
7. គាត់ជេរប្រទេចផ្ដាសាស្ដេចថា៖ «ចេញទៅ! ចេញទៅ! អាឃាតក! អាចោលម្សៀត!
8. ព្រះអម្ចាស់ដាក់ទោសឯង ដើម្បីសងសឹកជំនួសរាជវង្សរបស់ព្រះបាទសូល ដែលឯងបានដណ្ដើមរាជ្យ។ ហេតុនេះហើយបានជាព្រះអម្ចាស់ដករាជ្យពីឯង ប្រគល់ទៅឲ្យសម្ដេចអាប់សាឡុមជាកូនវិញ។ ឥឡូវនេះ ឯងត្រូវរងទុក្ខវេទនា ដ្បិតឯងជាឃាតក»។
9. លោកអប៊ីសាយ ជាកូនរបស់អ្នកស្រីសេរូយ៉ា ទូលស្ដេចថា៖ «បពិត្រព្រះករុណា ម្ដេចក៏ទុកឲ្យអាឆ្កែងាប់នេះជេរប្រទេចផ្ដាសាព្រះករុណាជាអម្ចាស់ដូច្នេះ? ទូលបង្គំសូមទៅកាត់កវា»។
10. ស្ដេចមានរាជឱង្ការថា៖ «លោកអប៊ីសាយ និងលោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ាអើយ ចូរកុំលូកដៃក្នុងរឿងនេះអី! ប្រសិនបើព្រះអម្ចាស់បង្គាប់ឲ្យគាត់ដាក់បណ្ដាសាយើងដូច្នេះ មិនត្រូវឲ្យនរណាម្នាក់ស្ដីបន្ទោសគាត់ឡើយ!»។