២ សាំយូ‌អែល 15:9-23 Khmer Standard Version (KHSV)

9. ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ទៅ​ដោយ​សុខ‌សាន្ត​ចុះ!»។ ដូច្នេះ សម្ដេច​អាប់‌សាឡុម​ក៏​ទៅ​ក្រុង​ហេប្រូន។

10. នៅ​ទី​នោះ សម្ដេច​ចាត់​បក្ស​ពួក​យ៉ាង​សម្ងាត់​ឲ្យ​ទៅ​គ្រប់​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល ប្រាប់​ថា៖ «កាល​ណា​អ្នក​រាល់​គ្នា​ឮ​សំឡេង​ត្រែ​បន្លឺ​ឡើង ត្រូវ​នាំ​គ្នា​ប្រកាស​ថា “សម្ដេច​អាប់‌សាឡុម​ឡើង​សោយ​រាជ្យ​នៅ​ក្រុង​ហេប្រូន!”»។

11. សម្ដេច​អាប់‌សាឡុម​អញ្ជើញ​មនុស្ស​ពីរ​រយ​នាក់ ពី​ក្រុង​យេរូ‌សាឡឹម ឲ្យ​ទៅ​ជា​មួយ​សម្ដេច ប៉ុន្តែ អ្នក​ទាំង​នោះ​នាំ​គ្នា​ទៅ​ដោយ​សុទ្ធ​ចិត្ត ពុំ​បាន​ដឹង​រឿង​ហេតុ​អ្វី​សោះ។

12. កាល​សម្ដេច​អាប់‌សាឡុម​កំពុង​តែ​ថ្វាយ​យញ្ញ‌បូជា សម្ដេច​បាន​ចាត់​គេ​ឲ្យ​ទៅ​តាម​រក​លោក​អហ៊ី‌ថូផែល ជា​អ្នក​ស្រុក​គីឡោ។ ដូច្នេះ ចំនួន​មនុស្ស​ដែល​ចូល​រួម​បះ‌បោរ​ជា​មួយ​សម្ដេច​អាប់‌សា‌ឡុម បាន​កើន​ច្រើន​ឡើង ហើយ​មាន​កម្លាំង​រឹត​តែ​ខ្លាំង​ឡើង​ដែរ។

13. ពេល​នោះ មាន​គេ​នាំ​ដំណឹង​មក​ទូល​ព្រះ‌បាទ​ដាវីឌ​ថា៖ «ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ចូល​ដៃ​ជា​មួយ​សម្ដេច​អាប់‌សា‌ឡុម​ហើយ!»។

14. ព្រះ‌បាទ​ដាវីឌ​ក៏​មាន​រាជ‌ឱង្ការ​ទៅ​កាន់​មន្ត្រី​ទាំង​អស់​នៅ​ក្រុង​យេរូ‌សាឡឹម​ថា៖ «ចូរ​នាំ​គ្នា​រត់​ចេញ​ទៅ ដ្បិត​យើង​មិន​អាច​គេច​ផុត​ពី​កណ្ដាប់​ដៃ​របស់​អាប់‌សា‌ឡុម​បាន​ទេ។ ចូរ​ប្រញាប់‌ប្រញាល់​រត់​ភៀស​ខ្លួន​ចេញ​ទៅ ក្រែង​លោ​អាប់‌សា‌ឡុម​មក​ទាន់ ហើយ​ប្រហារ​យើង និង​អ្នក​ក្រុង​នេះ ដោយ​មុខ​ដាវ»។

15. ពួក​មន្ត្រី​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា ទ្រង់​សម្រេច​យ៉ាង​ណា ទូលបង្គំ​ទាំង​អស់​គ្នា​នឹង​ធ្វើ​តាម»។

16. ពេល​នោះ ព្រះ‌បាទ​ដាវីឌ​ចាក​ចេញ​ពី​ទីក្រុង​ជា​មួយ​រាជ‌វង្សា‌នុវង្ស ដោយ​ថ្មើរ​ជើង។ ស្ដេច​បាន​ទុក​ស្រី​ស្នំ​ដប់​នាក់​តែ​ប៉ុណ្ណោះ ឲ្យ​នៅ​ចាំ​ដំណាក់។

17. ពេល​ស្ដេច និង​បណ្ដា‌ជន​ទាំង​ប៉ុន្មាន​ចាក​ចេញ​ពី​ទីក្រុង​ហើយ ក៏​ទៅ​ឈប់​នៅ​ត្រង់​ផ្ទះ​មួយ​ដែល​នៅ​ចុង​គេ​បំផុត។

18. ពួក​រាជ​បម្រើ​ទាំង​អស់​នាំ​គ្នា​ដើរ​នៅ​មុខ​ស្ដេច គឺ​ពួក​កេរេ‌ធីម ពួក​ពេលេ‌ធីម និង​ពួក​កាថ​ទាំង​ប្រាំ​មួយ​រយ​នាក់ ដែល​មក​ពី​ក្រុង​កាថ​តាម​បម្រើ​ស្ដេច។

19. ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​អ៊ីត‌តាយ ជា​ជន‌ជាតិ​កាថ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​មក​តាម​យើង? ចូរ​ត្រឡប់​ទៅ​ទីក្រុង​វិញ ហើយ​នៅ​ជា​មួយ​ស្ដេច​ថ្មី​ចុះ! ដ្បិត​លោក​ជា​ជន​បរទេស​ដែល​គេ​និរទេស​ពី​ស្រុក​របស់​ខ្លួន​មក។

20. លោក​ទើប​នឹង​មក​ស្នាក់​អាស្រ័យ​ក្នុង​ស្រុក​របស់​យើង​ពុំ​ទាន់​បាន​ប៉ុន្មាន​ផង ថ្ងៃ​នេះ តើ​គួរ​ឲ្យ​យើង​នាំ​លោក​ទៅ​ជា​មួយ​ដែរ​ឬ? ដ្បិត​យើង​ក៏​ពុំ​ដឹង​ថា​យើង​ត្រូវ​ទៅ​ទី​ណា​ផង​នោះ! ចូរ​នាំ​បង‌ប្អូន​របស់​លោក​វិល​ត្រឡប់​ទៅ​ទីក្រុង​វិញ​ចុះ។ សូម​ព្រះ‌អម្ចាស់​ប្រព្រឹត្ត​ចំពោះ​លោក ដោយ​ព្រះ‌ហឫទ័យ​សប្បុរស និង​ស្មោះ​ត្រង់»។

21. ប៉ុន្តែ លោក​អ៊ីត‌តាយ​ទូល​ព្រះ‌រាជា​វិញ​ថា៖ «បពិត្រ​ព្រះ‌ករុណា ទូលបង្គំ​សូម​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ និង​ក្នុង​នាម​ព្រះ‌ករុណា​ផ្ទាល់​ថា ព្រះ‌ករុណា​យាង​ទៅ​ទី​ណា ទូលបង្គំ​សុខ​ចិត្ត​ទៅ​ទី​នោះ ហើយ​រួម​ស្លាប់​រស់​ជា​មួយ​ព្រះ‌ករុណា​ដែរ»។

22. ព្រះ‌បាទ​ដាវីឌ​តប​ថា៖ «ល្អ​ហើយ! ចូរ​ធ្វើ​ដំណើរ​ទៅ​មុខ​ចុះ!»។ ដូច្នេះ លោក​អ៊ីត‌តាយ​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត​ជា​មួយ​ពល​ទាហាន និង​ក្រុម​គ្រួសារ​របស់​គេ។

23. ពេល​ក្បួន​ដង្ហែ​ស្ដេច​ចេញ​ដំណើរ ប្រជា‌ជន​ទាំង​មូល​នាំ​គ្នា​ទ្រហោ​យំ​យ៉ាង​ខ្លាំង។ ស្ដេច​យាង​កាត់​ជ្រោះ​កេដ្រូន ប្រជា‌ជន​ទាំង​មូល​ក៏​ឆ្លង​តាម​ត្រង់​ផ្លូវ​ឆ្ពោះ​ទៅ​វាល​រហោ‌ស្ថាន។

២ សាំយូ‌អែល 15