២ សាំយូ‌អែល 15:30-37 Khmer Standard Version (KHSV)

30. ព្រះ‌បាទ​ដាវីឌ​យាង​ឡើង​ភ្នំ​ដើម​អូលីវ ដោយ​ទ្រង់​ព្រះ‌កន្សែង​ផង ស្ដេច​ទទូរ​ព្រះ‌សិរសា ហើយ​យាង​ព្រះ‌បាទា​ទទេ។ រីឯ​បណ្ដា‌ជន​ទាំង​អស់​ដែល​ឡើង​ទៅ​ជា​មួយ​ស្ដេច ក៏​ទទូរ​ក្បាល ហើយ​ឡើង​ទៅ ទាំង​យំ​ដែរ។

31. មាន​គេ​ទូល​ព្រះ‌បាទ​ដាវីឌ​ថា លោក​អហ៊ី‌ថូផែល​ស្ថិត​ក្នុង​ចំណោម​ពួក​ក្បត់​ជា​មួយ​សម្ដេច​អាប់‌សា‌ឡុម​ដែរ។ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ! សូម​ធ្វើ​ឲ្យ​យោបល់​ទាំង​ប៉ុន្មាន​របស់​អហ៊ី‌ថូផែល​ប្រែ​ជា​ឥត​បាន​ការ»។

32. ពេល​ព្រះ‌បាទ​ដាវីឌ​ឡើង​ទៅ​ដល់​កំពូល​ភ្នំ ជា​កន្លែង​ដែល​គេ​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់ ស្រាប់​តែ​លោក​ហ៊ូសាយ ជា​ជន‌ជាតិ​អើ‌គី មក​ជួប​ស្ដេច ដោយ​មាន​អាវ​រហែក និង​ដី​នៅ​លើ​ក្បាល​ផង។

33. ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ថា៖ «កុំ​មក​ជា​មួយ​យើង​អី! ក្រែង​លោក​ទៅ​ជា​បន្ទុក​មួយ​សម្រាប់​យើង

34. ចូរ​វិល​ត្រឡប់​ទៅ​ទីក្រុង​វិញ​ចុះ ហើយ​ប្រាប់​អាប់‌សា‌ឡុម​ថា “បពិត្រ​ព្រះ‌ករុណា ទូលបង្គំ​ស្ម័គ្រ​ចិត្ត​បម្រើ​ទ្រង់​ហើយ។ កាល​ពី​មុន ទូលបង្គំ​បាន​បម្រើ​បិតា​របស់​ព្រះ‌ករុណា ឥឡូវ​នេះ ទូលបង្គំ​ត្រូវ​តែ​បម្រើ​ព្រះ‌ករុណា​ដែរ”។ ធ្វើ​ដូច្នេះ លោក​អាច​ជួយ​យើង​ដោយ​ធ្វើ​ជា​ឧបសគ្គ ជំទាស់​នឹង​យោបល់​របស់​អហ៊ី‌ថូផែល។

35. ម្យ៉ាង​ទៀត លោក​បូជា‌ចារ្យ​សាដុក និង​អបៀ‌ថើរ ក៏​ចាំ​ជួយ​លោក​ដែរ។ អ្វីៗ​ដែល​លោក​ឮ​ពី​ដំណាក់​ស្ដេច ចូរ​ប្រាប់​លោក​បូជា‌ចារ្យ​សាដុក និង​អបៀ‌ថើរ​ឲ្យ​ដឹង​ផង។

36. រីឯ​អហ៊ី‌ម៉ាស់​ជា​កូន​របស់​លោក​សាដុក និង​យ៉ូណា‌ថាន​ជា​កូន​របស់​លោក​អបៀ‌ថើរ ក៏​នៅ​ជា​មួយ​ឪពុក​របស់​គេ​រៀងៗ​ខ្លួន​ដែរ។ ចូរ​ចាត់​អ្នក​ទាំង​ពីរ​ឲ្យ​នាំ​ដំណឹង​ដែល​លោក​ដឹង មក​ប្រាប់​យើង​ផង»។

37. លោក​ហ៊ូសាយ ជា​មន្ត្រី​ជំនិត​របស់​ព្រះ‌បាទ​ដាវីឌ បាន​វិល​ចូល​ទៅ​ក្រុង​វិញ ចំ​ពេល​ដែល​សម្ដេច​អាប់‌សា‌ឡុម​យាង​ចូល​ទីក្រុង​ដែរ។

២ សាំយូ‌អែល 15