3. សម្ដេចអាប់សាឡុមតែងតែពោលថា៖ «មើល៍! សំណុំរឿងរបស់អ្នកត្រឹមត្រូវហើយ ប៉ុន្តែ នៅក្នុងដំណាក់ស្ដេច គ្មាននរណាម្នាក់អើពើនឹងអ្នកទេ»។
4. សម្ដេចអាប់សាឡុមពោលទៀតថា៖ «ប្រសិនបើខ្ញុំជាអ្នកគ្រប់គ្រងលើស្រុកនេះ អស់អ្នកដែលមានរឿង ហើយរត់មករកខ្ញុំឲ្យជំនុំជម្រះក្ដី នោះខ្ញុំនឹងរកយុត្តិធម៌ឲ្យ»។
5. ម្យ៉ាងទៀត ប្រសិនបើមាននរណាម្នាក់មកក្រាបថ្វាយបង្គំ នោះសម្ដេចអាប់សាឡុមតែងតែចាប់ដៃគាត់លើកឡើង ហើយឱបផង។
6. សម្ដេចអាប់សាឡុមតែងប្រព្រឹត្តបែបនេះចំពោះជនជាតិអ៊ីស្រាអែលទាំងអស់ ដែលមករកព្រះរាជាជំនុំជម្រះក្ដី។ សម្ដេចអាប់សាឡុមទាក់ទាញចិត្តប្រជាជនអ៊ីស្រាអែលតាមរបៀបនេះឯង។
7. បួនឆ្នាំក្រោយមក សម្ដេចអាប់សាឡុមទូលស្ដេចថា៖ «សូមបិតាអនុញ្ញាតឲ្យទូលបង្គំទៅក្រុងហេប្រូន ដើម្បីលាបំណន់ដែលទូលបង្គំបានបន់ព្រះអម្ចាស់ផង។
8. កាលទូលបង្គំស្នាក់នៅក្រុងកេស៊ួរី ក្នុងស្រុកស៊ីរី ទូលបង្គំបានបន់ព្រះអម្ចាស់ថា ប្រសិនបើព្រះអង្គប្រោសប្រណីឲ្យទូលបង្គំវិលត្រឡប់មកក្រុងយេរូសាឡឹមវិញ ទូលបង្គំនឹងថ្វាយយញ្ញបូជាចំពោះព្រះអម្ចាស់»។
9. ស្ដេចមានរាជឱង្ការថា៖ «ចូរទៅដោយសុខសាន្តចុះ!»។ ដូច្នេះ សម្ដេចអាប់សាឡុមក៏ទៅក្រុងហេប្រូន។
10. នៅទីនោះ សម្ដេចចាត់បក្សពួកយ៉ាងសម្ងាត់ឲ្យទៅគ្រប់កុលសម្ព័ន្ធអ៊ីស្រាអែល ប្រាប់ថា៖ «កាលណាអ្នករាល់គ្នាឮសំឡេងត្រែបន្លឺឡើង ត្រូវនាំគ្នាប្រកាសថា “សម្ដេចអាប់សាឡុមឡើងសោយរាជ្យនៅក្រុងហេប្រូន!”»។
11. សម្ដេចអាប់សាឡុមអញ្ជើញមនុស្សពីររយនាក់ ពីក្រុងយេរូសាឡឹម ឲ្យទៅជាមួយសម្ដេច ប៉ុន្តែ អ្នកទាំងនោះនាំគ្នាទៅដោយសុទ្ធចិត្ត ពុំបានដឹងរឿងហេតុអ្វីសោះ។
12. កាលសម្ដេចអាប់សាឡុមកំពុងតែថ្វាយយញ្ញបូជា សម្ដេចបានចាត់គេឲ្យទៅតាមរកលោកអហ៊ីថូផែល ជាអ្នកស្រុកគីឡោ។ ដូច្នេះ ចំនួនមនុស្សដែលចូលរួមបះបោរជាមួយសម្ដេចអាប់សាឡុម បានកើនច្រើនឡើង ហើយមានកម្លាំងរឹតតែខ្លាំងឡើងដែរ។