27. ស្ដេចមានរាជឱង្ការទៅកាន់លោកបូជាចារ្យសាដុកទៀតថា៖ «ចូរត្រឡប់ទៅទីក្រុងវិញ ដោយសុខសាន្ត ជាមួយអហ៊ីម៉ាស ជាកូនរបស់លោក ព្រមទាំងយ៉ូណាថាន ជាកូនរបស់លោកអបៀថើរចុះ។
28. ចំណែកឯយើងវិញ យើងទៅរង់ចាំនៅតំបន់វាលរហោស្ថាន រហូតដល់ពេលយើងទទួលដំណឹងពីអស់លោក»។
29. ដូច្នេះ លោកសាដុក និងលោកអបៀថើរ ក៏សែងហិបរបស់ព្រះជាម្ចាស់ចូលទៅក្នុងក្រុងយេរូសាឡឹមវិញ ហើយស្នាក់នៅទីនោះ។
30. ព្រះបាទដាវីឌយាងឡើងភ្នំដើមអូលីវ ដោយទ្រង់ព្រះកន្សែងផង ស្ដេចទទូរព្រះសិរសា ហើយយាងព្រះបាទាទទេ។ រីឯបណ្ដាជនទាំងអស់ដែលឡើងទៅជាមួយស្ដេច ក៏ទទូរក្បាល ហើយឡើងទៅ ទាំងយំដែរ។
31. មានគេទូលព្រះបាទដាវីឌថា លោកអហ៊ីថូផែលស្ថិតក្នុងចំណោមពួកក្បត់ជាមួយសម្ដេចអាប់សាឡុមដែរ។ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ឱព្រះអម្ចាស់អើយ! សូមធ្វើឲ្យយោបល់ទាំងប៉ុន្មានរបស់អហ៊ីថូផែលប្រែជាឥតបានការ»។
32. ពេលព្រះបាទដាវីឌឡើងទៅដល់កំពូលភ្នំ ជាកន្លែងដែលគេថ្វាយបង្គំព្រះជាម្ចាស់ ស្រាប់តែលោកហ៊ូសាយ ជាជនជាតិអើគី មកជួបស្ដេច ដោយមានអាវរហែក និងដីនៅលើក្បាលផង។
33. ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកថា៖ «កុំមកជាមួយយើងអី! ក្រែងលោកទៅជាបន្ទុកមួយសម្រាប់យើង
34. ចូរវិលត្រឡប់ទៅទីក្រុងវិញចុះ ហើយប្រាប់អាប់សាឡុមថា “បពិត្រព្រះករុណា ទូលបង្គំស្ម័គ្រចិត្តបម្រើទ្រង់ហើយ។ កាលពីមុន ទូលបង្គំបានបម្រើបិតារបស់ព្រះករុណា ឥឡូវនេះ ទូលបង្គំត្រូវតែបម្រើព្រះករុណាដែរ”។ ធ្វើដូច្នេះ លោកអាចជួយយើងដោយធ្វើជាឧបសគ្គ ជំទាស់នឹងយោបល់របស់អហ៊ីថូផែល។