24. លោកបូជាចារ្យសាដុកក៏នៅទីនោះ ដោយមានពួកលេវីដែលសែងហិបនៃសម្ពន្ធមេត្រី*របស់ព្រះជាម្ចាស់នៅជាមួយដែរ។ ពួកគេដាក់ហិបរបស់ព្រះជាម្ចាស់ចុះ លោកបូជាចារ្យអបៀថើរក៏ឡើងពីជ្រោះមកដែរ ហើយរង់ចាំនៅទីនោះ រហូតដល់ប្រជាជនចេញផុតពីទីក្រុងទាំងអស់គ្នា។
25. ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកបូជាចារ្យសាដុកថា៖ «ចូរនាំហិបព្រះជាម្ចាស់ទៅទីក្រុងវិញចុះ។ បើព្រះអម្ចាស់សព្វព្រះហឫទ័យនឹងយើង ព្រះអង្គប្រាកដជានាំយើងមកវិញ ហើយយើងនឹងឃើញហិបនេះ នៅក្នុងព្រះដំណាក់របស់ព្រះអង្គសាជាថ្មី។
26. ផ្ទុយទៅវិញ ប្រសិនបើព្រះអង្គមិនគាប់ព្រះហឫទ័យនឹងយើងទៀតទេ សូមព្រះអង្គសម្រេចតាមព្រះហឫទ័យរបស់ព្រះអង្គចុះ»។
27. ស្ដេចមានរាជឱង្ការទៅកាន់លោកបូជាចារ្យសាដុកទៀតថា៖ «ចូរត្រឡប់ទៅទីក្រុងវិញ ដោយសុខសាន្ត ជាមួយអហ៊ីម៉ាស ជាកូនរបស់លោក ព្រមទាំងយ៉ូណាថាន ជាកូនរបស់លោកអបៀថើរចុះ។
28. ចំណែកឯយើងវិញ យើងទៅរង់ចាំនៅតំបន់វាលរហោស្ថាន រហូតដល់ពេលយើងទទួលដំណឹងពីអស់លោក»។
29. ដូច្នេះ លោកសាដុក និងលោកអបៀថើរ ក៏សែងហិបរបស់ព្រះជាម្ចាស់ចូលទៅក្នុងក្រុងយេរូសាឡឹមវិញ ហើយស្នាក់នៅទីនោះ។
30. ព្រះបាទដាវីឌយាងឡើងភ្នំដើមអូលីវ ដោយទ្រង់ព្រះកន្សែងផង ស្ដេចទទូរព្រះសិរសា ហើយយាងព្រះបាទាទទេ។ រីឯបណ្ដាជនទាំងអស់ដែលឡើងទៅជាមួយស្ដេច ក៏ទទូរក្បាល ហើយឡើងទៅ ទាំងយំដែរ។
31. មានគេទូលព្រះបាទដាវីឌថា លោកអហ៊ីថូផែលស្ថិតក្នុងចំណោមពួកក្បត់ជាមួយសម្ដេចអាប់សាឡុមដែរ។ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ឱព្រះអម្ចាស់អើយ! សូមធ្វើឲ្យយោបល់ទាំងប៉ុន្មានរបស់អហ៊ីថូផែលប្រែជាឥតបានការ»។