22. ព្រះបាទដាវីឌតបថា៖ «ល្អហើយ! ចូរធ្វើដំណើរទៅមុខចុះ!»។ ដូច្នេះ លោកអ៊ីតតាយធ្វើដំណើរទៅមុខទៀតជាមួយពលទាហាន និងក្រុមគ្រួសាររបស់គេ។
23. ពេលក្បួនដង្ហែស្ដេចចេញដំណើរ ប្រជាជនទាំងមូលនាំគ្នាទ្រហោយំយ៉ាងខ្លាំង។ ស្ដេចយាងកាត់ជ្រោះកេដ្រូន ប្រជាជនទាំងមូលក៏ឆ្លងតាមត្រង់ផ្លូវឆ្ពោះទៅវាលរហោស្ថាន។
24. លោកបូជាចារ្យសាដុកក៏នៅទីនោះ ដោយមានពួកលេវីដែលសែងហិបនៃសម្ពន្ធមេត្រី*របស់ព្រះជាម្ចាស់នៅជាមួយដែរ។ ពួកគេដាក់ហិបរបស់ព្រះជាម្ចាស់ចុះ លោកបូជាចារ្យអបៀថើរក៏ឡើងពីជ្រោះមកដែរ ហើយរង់ចាំនៅទីនោះ រហូតដល់ប្រជាជនចេញផុតពីទីក្រុងទាំងអស់គ្នា។
25. ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកបូជាចារ្យសាដុកថា៖ «ចូរនាំហិបព្រះជាម្ចាស់ទៅទីក្រុងវិញចុះ។ បើព្រះអម្ចាស់សព្វព្រះហឫទ័យនឹងយើង ព្រះអង្គប្រាកដជានាំយើងមកវិញ ហើយយើងនឹងឃើញហិបនេះ នៅក្នុងព្រះដំណាក់របស់ព្រះអង្គសាជាថ្មី។
26. ផ្ទុយទៅវិញ ប្រសិនបើព្រះអង្គមិនគាប់ព្រះហឫទ័យនឹងយើងទៀតទេ សូមព្រះអង្គសម្រេចតាមព្រះហឫទ័យរបស់ព្រះអង្គចុះ»។
27. ស្ដេចមានរាជឱង្ការទៅកាន់លោកបូជាចារ្យសាដុកទៀតថា៖ «ចូរត្រឡប់ទៅទីក្រុងវិញ ដោយសុខសាន្ត ជាមួយអហ៊ីម៉ាស ជាកូនរបស់លោក ព្រមទាំងយ៉ូណាថាន ជាកូនរបស់លោកអបៀថើរចុះ។
28. ចំណែកឯយើងវិញ យើងទៅរង់ចាំនៅតំបន់វាលរហោស្ថាន រហូតដល់ពេលយើងទទួលដំណឹងពីអស់លោក»។