២ សាំយូ‌អែល 15:16-26 Khmer Standard Version (KHSV)

16. ពេល​នោះ ព្រះ‌បាទ​ដាវីឌ​ចាក​ចេញ​ពី​ទីក្រុង​ជា​មួយ​រាជ‌វង្សា‌នុវង្ស ដោយ​ថ្មើរ​ជើង។ ស្ដេច​បាន​ទុក​ស្រី​ស្នំ​ដប់​នាក់​តែ​ប៉ុណ្ណោះ ឲ្យ​នៅ​ចាំ​ដំណាក់។

17. ពេល​ស្ដេច និង​បណ្ដា‌ជន​ទាំង​ប៉ុន្មាន​ចាក​ចេញ​ពី​ទីក្រុង​ហើយ ក៏​ទៅ​ឈប់​នៅ​ត្រង់​ផ្ទះ​មួយ​ដែល​នៅ​ចុង​គេ​បំផុត។

18. ពួក​រាជ​បម្រើ​ទាំង​អស់​នាំ​គ្នា​ដើរ​នៅ​មុខ​ស្ដេច គឺ​ពួក​កេរេ‌ធីម ពួក​ពេលេ‌ធីម និង​ពួក​កាថ​ទាំង​ប្រាំ​មួយ​រយ​នាក់ ដែល​មក​ពី​ក្រុង​កាថ​តាម​បម្រើ​ស្ដេច។

19. ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​អ៊ីត‌តាយ ជា​ជន‌ជាតិ​កាថ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​មក​តាម​យើង? ចូរ​ត្រឡប់​ទៅ​ទីក្រុង​វិញ ហើយ​នៅ​ជា​មួយ​ស្ដេច​ថ្មី​ចុះ! ដ្បិត​លោក​ជា​ជន​បរទេស​ដែល​គេ​និរទេស​ពី​ស្រុក​របស់​ខ្លួន​មក។

20. លោក​ទើប​នឹង​មក​ស្នាក់​អាស្រ័យ​ក្នុង​ស្រុក​របស់​យើង​ពុំ​ទាន់​បាន​ប៉ុន្មាន​ផង ថ្ងៃ​នេះ តើ​គួរ​ឲ្យ​យើង​នាំ​លោក​ទៅ​ជា​មួយ​ដែរ​ឬ? ដ្បិត​យើង​ក៏​ពុំ​ដឹង​ថា​យើង​ត្រូវ​ទៅ​ទី​ណា​ផង​នោះ! ចូរ​នាំ​បង‌ប្អូន​របស់​លោក​វិល​ត្រឡប់​ទៅ​ទីក្រុង​វិញ​ចុះ។ សូម​ព្រះ‌អម្ចាស់​ប្រព្រឹត្ត​ចំពោះ​លោក ដោយ​ព្រះ‌ហឫទ័យ​សប្បុរស និង​ស្មោះ​ត្រង់»។

21. ប៉ុន្តែ លោក​អ៊ីត‌តាយ​ទូល​ព្រះ‌រាជា​វិញ​ថា៖ «បពិត្រ​ព្រះ‌ករុណា ទូលបង្គំ​សូម​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ និង​ក្នុង​នាម​ព្រះ‌ករុណា​ផ្ទាល់​ថា ព្រះ‌ករុណា​យាង​ទៅ​ទី​ណា ទូលបង្គំ​សុខ​ចិត្ត​ទៅ​ទី​នោះ ហើយ​រួម​ស្លាប់​រស់​ជា​មួយ​ព្រះ‌ករុណា​ដែរ»។

22. ព្រះ‌បាទ​ដាវីឌ​តប​ថា៖ «ល្អ​ហើយ! ចូរ​ធ្វើ​ដំណើរ​ទៅ​មុខ​ចុះ!»។ ដូច្នេះ លោក​អ៊ីត‌តាយ​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត​ជា​មួយ​ពល​ទាហាន និង​ក្រុម​គ្រួសារ​របស់​គេ។

23. ពេល​ក្បួន​ដង្ហែ​ស្ដេច​ចេញ​ដំណើរ ប្រជា‌ជន​ទាំង​មូល​នាំ​គ្នា​ទ្រហោ​យំ​យ៉ាង​ខ្លាំង។ ស្ដេច​យាង​កាត់​ជ្រោះ​កេដ្រូន ប្រជា‌ជន​ទាំង​មូល​ក៏​ឆ្លង​តាម​ត្រង់​ផ្លូវ​ឆ្ពោះ​ទៅ​វាល​រហោ‌ស្ថាន។

24. លោក​បូជា‌ចារ្យ​សាដុក​ក៏​នៅ​ទី​នោះ ដោយ​មាន​ពួក​លេវី​ដែល​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី*​របស់​ព្រះ‌ជាម្ចាស់​នៅ​ជា​មួយ​ដែរ។ ពួក​គេ​ដាក់​ហិប​របស់​ព្រះ‌ជាម្ចាស់​ចុះ លោក​បូជា‌ចារ្យ​អបៀ‌ថើរ​ក៏​ឡើង​ពី​ជ្រោះ​មក​ដែរ ហើយ​រង់‌ចាំ​នៅ​ទី​នោះ រហូត​ដល់​ប្រជា‌ជន​ចេញ​ផុត​ពី​ទីក្រុង​ទាំង​អស់​គ្នា។

25. ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​បូជា‌ចារ្យ​សាដុក​ថា៖ «ចូរ​នាំ​ហិប​ព្រះ‌ជាម្ចាស់​ទៅ​ទីក្រុង​វិញ​ចុះ។ បើ​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​នឹង​យើង ព្រះ‌អង្គ​ប្រាកដ​ជា​នាំ​យើង​មក​វិញ ហើយ​យើង​នឹង​ឃើញ​ហិប​នេះ នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ​សា​ជា​ថ្មី។

26. ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​ព្រះ‌អង្គ​មិន​គាប់​ព្រះ‌ហឫទ័យ​នឹង​យើង​ទៀត​ទេ សូម​ព្រះ‌អង្គ​សម្រេច​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ​ចុះ»។

២ សាំយូ‌អែល 15