16. ពេលនោះ ព្រះបាទដាវីឌចាកចេញពីទីក្រុងជាមួយរាជវង្សានុវង្ស ដោយថ្មើរជើង។ ស្ដេចបានទុកស្រីស្នំដប់នាក់តែប៉ុណ្ណោះ ឲ្យនៅចាំដំណាក់។
17. ពេលស្ដេច និងបណ្ដាជនទាំងប៉ុន្មានចាកចេញពីទីក្រុងហើយ ក៏ទៅឈប់នៅត្រង់ផ្ទះមួយដែលនៅចុងគេបំផុត។
18. ពួករាជបម្រើទាំងអស់នាំគ្នាដើរនៅមុខស្ដេច គឺពួកកេរេធីម ពួកពេលេធីម និងពួកកាថទាំងប្រាំមួយរយនាក់ ដែលមកពីក្រុងកាថតាមបម្រើស្ដេច។
19. ស្ដេចមានរាជឱង្ការទៅកាន់លោកអ៊ីតតាយ ជាជនជាតិកាថថា៖ «ហេតុអ្វីបានជាលោកមកតាមយើង? ចូរត្រឡប់ទៅទីក្រុងវិញ ហើយនៅជាមួយស្ដេចថ្មីចុះ! ដ្បិតលោកជាជនបរទេសដែលគេនិរទេសពីស្រុករបស់ខ្លួនមក។
20. លោកទើបនឹងមកស្នាក់អាស្រ័យក្នុងស្រុករបស់យើងពុំទាន់បានប៉ុន្មានផង ថ្ងៃនេះ តើគួរឲ្យយើងនាំលោកទៅជាមួយដែរឬ? ដ្បិតយើងក៏ពុំដឹងថាយើងត្រូវទៅទីណាផងនោះ! ចូរនាំបងប្អូនរបស់លោកវិលត្រឡប់ទៅទីក្រុងវិញចុះ។ សូមព្រះអម្ចាស់ប្រព្រឹត្តចំពោះលោក ដោយព្រះហឫទ័យសប្បុរស និងស្មោះត្រង់»។
21. ប៉ុន្តែ លោកអ៊ីតតាយទូលព្រះរាជាវិញថា៖ «បពិត្រព្រះករុណា ទូលបង្គំសូមស្បថក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ និងក្នុងនាមព្រះករុណាផ្ទាល់ថា ព្រះករុណាយាងទៅទីណា ទូលបង្គំសុខចិត្តទៅទីនោះ ហើយរួមស្លាប់រស់ជាមួយព្រះករុណាដែរ»។