២ សាំយូ‌អែល 14:8-22 Khmer Standard Version (KHSV)

8. ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ស្ត្រី​នោះ​ថា៖ «ចូរ​វិល​ទៅ​ផ្ទះ​វិញ​ចុះ យើង​នឹង​បង្គាប់​គេ​ឲ្យ​សម្រួល​រឿង​នេះ»។

9. ស្ត្រី​នោះ​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់ ទោះ​បី​មាន​ហេតុ‌ការណ៍​អ្វី​កើត​ឡើង​ក្នុង​រឿង​នេះ​ក៏​ដោយ ខ្ញុំ​ម្ចាស់ និង​ក្រុម​គ្រួសារ​សុខ​ចិត្ត​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង មិន​ឲ្យ​កំហុស​នេះ​ធ្លាក់​លើ​ព្រះ‌ករុណា ឬ​រាជ​បល្ល័ង្ក​ឡើយ»។

10. ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «ប្រសិន​បើ​មាន​នរណា​ម្នាក់​ស្ដី​បន្ទោស​នាង ចូរ​នាំ​គេ​មក​ជួប​យើង គេ​មុខ​ជា​មិន​ហ៊ាន​រក​រឿង​នាង​ទៀត​ទេ»។

11. នាង​ទូល​ទៀត​ថា៖ «បពិត្រ​ព្រះ‌ករុណា! សូម​មេត្តា​សន្យា​នឹង​ខ្ញុំ​ម្ចាស់ ក្នុង​នាម​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ព្រះ‌ករុណា ដើម្បី​កុំ​ឲ្យ​អ្នក​ដែល​ត្រូវ​សង‌សឹកជំនួស​កូន​ប្រុស​ខ្ញុំ​ម្ចាស់ ដែល​ស្លាប់​ទៅ​ហើយ ហ៊ាន​សម្លាប់​កូន​ប្រុស​ខ្ញុំ​ម្ចាស់​ដែល​នៅ​សល់​នោះ​ថែម​ទៀត​ឡើយ»។ ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «យើង​សូម​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​ថា: យើង​មិន​ឲ្យ​សក់​មួយ​សរសៃ​របស់​កូន​ប្រុស​នាង​ជ្រុះ​ដល់​ដី​ឡើយ»។

12. នាង​នោះ​ទូល​ទៀត​ថា៖ «បពិត្រ​ព្រះ‌ករុណា សូម​មេត្តា​ប្រោស​ឲ្យ​ខ្ញុំ​ម្ចាស់​ទូល​ថ្វាយ​ថែម​មួយ​ម៉ាត់​ទៀត»។ ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​និយាយ​មក!»។

13. នាង​ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​ផ្ទាល់​ក៏​មាន​គំនិត​ដូច្នេះ​ដែរ គឺ​ទាស់​នឹង​ផល​ប្រយោជន៍​ប្រជា‌រាស្ត្រ​របស់​ព្រះ‌ជាម្ចាស់? រាជ‌ឱង្ការ​របស់​ព្រះ‌ករុណា​អំបាញ់‌មិញ​នេះ​ពិត​ជា​ដាក់​ទោស​ព្រះ‌ករុណា​ដែរ ព្រោះ​ព្រះ‌ករុណា​មិន​បាន​ត្រាស់​ហៅ​សម្ដេច​អាប់‌សាឡុម ដែល​ស្ដេច​កាត់‌កាល់​នោះ​ឲ្យ​វិល​ត្រឡប់​មក​វិញ​ទេ។

14. មនុស្ស​យើង​តែងតែ​ស្លាប់​ក្នុង​ថ្ងៃ​ណា​មួយ​មិន​ខាន គឺ​យើង​ប្រៀប​ដូច​ជា​ទឹក​ដែល​គេ​ចាក់​លើ​ដី​ហើយ ពុំ​អាច​ប្រមូល​វិញ​បាន​ឡើយ។ ប៉ុន្តែ ព្រះ‌ជាម្ចាស់​មិន​នាំ​អ្នក​ដែល​ស្លាប់​ទៅ​ហើយ​ឲ្យ​វិល​មក​វិញ​ទេ តែ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​រៀប‌ចំ​គម្រោង‌ការ ដើម្បី​ឲ្យ​សម្ដេច​អាប់‌សាឡុម​ដែល​ត្រូវ​និរទេស​ឆ្ងាយ​ពី​ព្រះ‌អង្គ​នោះ វិល​ត្រឡប់​មក​វិញ។

15. ខ្ញុំ​ម្ចាស់​មក​ទូល​រឿង​នេះ​ថ្វាយ​ព្រះ‌ករុណា​ហើយ ព្រោះ​ប្រជា‌រាស្ត្រ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ម្ចាស់​ភ័យ​បារម្ភ។ ខ្ញុំ​ម្ចាស់​នឹក​ថា ប្រសិន​បើ​ខ្ញុំ​ម្ចាស់​មក​ទូល​ព្រះ‌ករុណា ស្ដេច​ប្រហែល​ជា​ធ្វើ​តាម​ពាក្យ​របស់​ខ្ញុំ​ម្ចាស់ ដែល​ជា​អ្នក​បម្រើ​របស់​ព្រះ‌ករុណា។

16. ព្រះ‌ករុណា​មុខ​ជា​ស្ដាប់​ពាក្យ​ខ្ញុំ​ម្ចាស់ ហើយ​រំដោះ​ខ្ញុំ​ម្ចាស់ និង​កូន ពី​កណ្ដាប់​ដៃ​របស់​អ្នក​ដែល​ចង់​បំផ្លាញ​យើង​ឲ្យ​បាត់​ពី​ទឹក​ដី ជា​កេរ‌មត៌ក​របស់​ព្រះ‌ជាម្ចាស់។

17. ខ្ញុំ​ម្ចាស់​នឹក​ថា រាជ‌ឱង្ការ​របស់​ព្រះ‌ករុណា​ពិត​ជា​ធ្វើ​ឲ្យ​មាន​ភាព​ស្ងប់​ស្ងៀម ដ្បិត​ព្រះ‌ករុណា​ប្រៀប​ដូច​ជា​ទេវតា​របស់​ព្រះ‌ជាម្ចាស់ ព្រះ‌ករុណា​ស្គាល់​ល្អ ស្គាល់​អាក្រក់។ សូម​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ព្រះ‌ករុណា​គង់​ជា​មួយ​ព្រះ‌ករុណា!»។

18. ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ស្ត្រី​នោះ​ថា៖ «យើង​សូម​សួរ​នាង​រឿង​មួយ ហើយ​នាង​មិន​ត្រូវ​លាក់‌លៀម​អ្វី​ឡើយ»។ ស្ត្រី​នោះ​ទូល​វិញ​ថា៖ «បពិត្រ​ព្រះ‌ករុណា សូម​មាន​រាជ‌ឱង្ការ​មក​ចុះ!»។

19. ស្ដេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​លោក​យ៉ូអាប់​ឬ​ដែល​បាន​រួម​គំនិត​ជា​មួយ​នាង​ក្នុង​រឿង​នេះ?»។ នាង​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា ខ្ញុំ​ម្ចាស់​សូម​ស្បថ​ថា នេះ​ពិត​ដូច​ព្រះ‌ករុណា​មាន​រាជ‌ឱង្ការ​មែន! គឺ​លោក​យ៉ូអាប់ ជា​អ្នក​បម្រើ​របស់​ព្រះ‌ករុណា បាន​បង្គាប់​ឲ្យ​ខ្ញុំ​ម្ចាស់​និយាយ​ពាក្យ​ទាំង​អស់​នេះ។

20. លោក​ធ្វើ​ដូច្នេះ ដើម្បី​សម្រួល​សភាព​ការណ៍។ ប៉ុន្តែ ព្រះ‌ករុណា​ជ្រាប​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​កើត​មាន​នៅ​លើ​ផែនដី ដ្បិត​ទ្រង់​មាន​ប្រាជ្ញា​ដូច​ទេវតា​របស់​ព្រះ‌ជាម្ចាស់​ដែរ»។

21. ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​លោក​យ៉ូអាប់​ថា៖ «យើង​យល់​ព្រម​តាម​សំណូម​ពរ​របស់​លោក​ហើយ ចូរ​ទៅ​នាំ​អាប់‌សាឡុម​មក​វិញ​ចុះ»។

22. លោក​យ៉ូអាប់​ក្រាប​ថ្វាយ‌បង្គំ​ស្ដេច​អោន​មុខ​ដល់​ដី ហើយ​អរ​ព្រះ‌គុណ​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់ ថ្ងៃ​នេះ ទូលបង្គំ​ដឹង​ថា ព្រះ‌ករុណា​នៅ​តែ​ប្រណី​សន្ដោស​ទូលបង្គំ ព្រោះ​ស្ដេច​បាន​យល់​ព្រម​តាម​សំណូម​ពរ​របស់​ទូលបង្គំ»។

២ សាំយូ‌អែល 14