7. ឥឡូវនេះ ញាតិសន្ដានរបស់ខ្ញុំម្ចាស់ លើកគ្នាប្រឆាំងនឹងខ្ញុំម្ចាស់។ ពួកគេពោលថា “ចូរប្រគល់ឃាតកមកឲ្យយើង យើងនឹងសម្លាប់វា ដើម្បីសងសឹកជំនួសបងប្អូនរបស់វាដែលស្លាប់នោះ ហើយយើងក៏ចង់បំផ្លាញពូជពង្សរបស់វាផងដែរ”។ ពួកគេចង់បំផ្លាញក្ដីសង្ឃឹមដែលខ្ញុំម្ចាស់មានសេសសល់ ហើយមិនចង់ទុកឲ្យវង្សត្រកូលប្ដីរបស់ខ្ញុំម្ចាស់មានកូនចៅ បន្តពូជពង្សនៅលើផែនដីនេះឡើយ»។
8. ស្ដេចមានរាជឱង្ការទៅកាន់ស្ត្រីនោះថា៖ «ចូរវិលទៅផ្ទះវិញចុះ យើងនឹងបង្គាប់គេឲ្យសម្រួលរឿងនេះ»។
9. ស្ត្រីនោះទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់ ទោះបីមានហេតុការណ៍អ្វីកើតឡើងក្នុងរឿងនេះក៏ដោយ ខ្ញុំម្ចាស់ និងក្រុមគ្រួសារសុខចិត្តទទួលខុសត្រូវទាំងស្រុង មិនឲ្យកំហុសនេះធ្លាក់លើព្រះករុណា ឬរាជបល្ល័ង្កឡើយ»។
10. ស្ដេចមានរាជឱង្ការថា៖ «ប្រសិនបើមាននរណាម្នាក់ស្ដីបន្ទោសនាង ចូរនាំគេមកជួបយើង គេមុខជាមិនហ៊ានរករឿងនាងទៀតទេ»។
11. នាងទូលទៀតថា៖ «បពិត្រព្រះករុណា! សូមមេត្តាសន្យានឹងខ្ញុំម្ចាស់ ក្នុងនាមព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណា ដើម្បីកុំឲ្យអ្នកដែលត្រូវសងសឹកជំនួសកូនប្រុសខ្ញុំម្ចាស់ ដែលស្លាប់ទៅហើយ ហ៊ានសម្លាប់កូនប្រុសខ្ញុំម្ចាស់ដែលនៅសល់នោះថែមទៀតឡើយ»។ ស្ដេចមានរាជឱង្ការថា៖ «យើងសូមស្បថក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅថា: យើងមិនឲ្យសក់មួយសរសៃរបស់កូនប្រុសនាងជ្រុះដល់ដីឡើយ»។
12. នាងនោះទូលទៀតថា៖ «បពិត្រព្រះករុណា សូមមេត្តាប្រោសឲ្យខ្ញុំម្ចាស់ទូលថ្វាយថែមមួយម៉ាត់ទៀត»។ ស្ដេចមានរាជឱង្ការថា៖ «ចូរនិយាយមក!»។
13. នាងទូលថា៖ «ហេតុអ្វីបានជាព្រះករុណាផ្ទាល់ក៏មានគំនិតដូច្នេះដែរ គឺទាស់នឹងផលប្រយោជន៍ប្រជារាស្ត្ររបស់ព្រះជាម្ចាស់? រាជឱង្ការរបស់ព្រះករុណាអំបាញ់មិញនេះពិតជាដាក់ទោសព្រះករុណាដែរ ព្រោះព្រះករុណាមិនបានត្រាស់ហៅសម្ដេចអាប់សាឡុម ដែលស្ដេចកាត់កាល់នោះឲ្យវិលត្រឡប់មកវិញទេ។
14. មនុស្សយើងតែងតែស្លាប់ក្នុងថ្ងៃណាមួយមិនខាន គឺយើងប្រៀបដូចជាទឹកដែលគេចាក់លើដីហើយ ពុំអាចប្រមូលវិញបានឡើយ។ ប៉ុន្តែ ព្រះជាម្ចាស់មិននាំអ្នកដែលស្លាប់ទៅហើយឲ្យវិលមកវិញទេ តែព្រះអង្គសព្វព្រះហឫទ័យរៀបចំគម្រោងការ ដើម្បីឲ្យសម្ដេចអាប់សាឡុមដែលត្រូវនិរទេសឆ្ងាយពីព្រះអង្គនោះ វិលត្រឡប់មកវិញ។
15. ខ្ញុំម្ចាស់មកទូលរឿងនេះថ្វាយព្រះករុណាហើយ ព្រោះប្រជារាស្ត្របានធ្វើឲ្យខ្ញុំម្ចាស់ភ័យបារម្ភ។ ខ្ញុំម្ចាស់នឹកថា ប្រសិនបើខ្ញុំម្ចាស់មកទូលព្រះករុណា ស្ដេចប្រហែលជាធ្វើតាមពាក្យរបស់ខ្ញុំម្ចាស់ ដែលជាអ្នកបម្រើរបស់ព្រះករុណា។
16. ព្រះករុណាមុខជាស្ដាប់ពាក្យខ្ញុំម្ចាស់ ហើយរំដោះខ្ញុំម្ចាស់ និងកូន ពីកណ្ដាប់ដៃរបស់អ្នកដែលចង់បំផ្លាញយើងឲ្យបាត់ពីទឹកដី ជាកេរមត៌ករបស់ព្រះជាម្ចាស់។
17. ខ្ញុំម្ចាស់នឹកថា រាជឱង្ការរបស់ព្រះករុណាពិតជាធ្វើឲ្យមានភាពស្ងប់ស្ងៀម ដ្បិតព្រះករុណាប្រៀបដូចជាទេវតារបស់ព្រះជាម្ចាស់ ព្រះករុណាស្គាល់ល្អ ស្គាល់អាក្រក់។ សូមព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណាគង់ជាមួយព្រះករុណា!»។
18. ស្ដេចមានរាជឱង្ការទៅកាន់ស្ត្រីនោះថា៖ «យើងសូមសួរនាងរឿងមួយ ហើយនាងមិនត្រូវលាក់លៀមអ្វីឡើយ»។ ស្ត្រីនោះទូលវិញថា៖ «បពិត្រព្រះករុណា សូមមានរាជឱង្ការមកចុះ!»។
19. ស្ដេចមានរាជឱង្ការសួរថា៖ «តើលោកយ៉ូអាប់ឬដែលបានរួមគំនិតជាមួយនាងក្នុងរឿងនេះ?»។ នាងទូលថា៖ «បពិត្រព្រះករុណា ខ្ញុំម្ចាស់សូមស្បថថា នេះពិតដូចព្រះករុណាមានរាជឱង្ការមែន! គឺលោកយ៉ូអាប់ ជាអ្នកបម្រើរបស់ព្រះករុណា បានបង្គាប់ឲ្យខ្ញុំម្ចាស់និយាយពាក្យទាំងអស់នេះ។