6. ខ្ញុំម្ចាស់មានកូនប្រុសពីរនាក់ ពួកវាឈ្លោះប្រកែកគ្នានៅឯស្រែ ហើយម្នាក់បានវាយម្នាក់ទៀតស្លាប់ ព្រោះគ្មាននរណាឃាត់គេទាំងពីរឡើយ។
7. ឥឡូវនេះ ញាតិសន្ដានរបស់ខ្ញុំម្ចាស់ លើកគ្នាប្រឆាំងនឹងខ្ញុំម្ចាស់។ ពួកគេពោលថា “ចូរប្រគល់ឃាតកមកឲ្យយើង យើងនឹងសម្លាប់វា ដើម្បីសងសឹកជំនួសបងប្អូនរបស់វាដែលស្លាប់នោះ ហើយយើងក៏ចង់បំផ្លាញពូជពង្សរបស់វាផងដែរ”។ ពួកគេចង់បំផ្លាញក្ដីសង្ឃឹមដែលខ្ញុំម្ចាស់មានសេសសល់ ហើយមិនចង់ទុកឲ្យវង្សត្រកូលប្ដីរបស់ខ្ញុំម្ចាស់មានកូនចៅ បន្តពូជពង្សនៅលើផែនដីនេះឡើយ»។
8. ស្ដេចមានរាជឱង្ការទៅកាន់ស្ត្រីនោះថា៖ «ចូរវិលទៅផ្ទះវិញចុះ យើងនឹងបង្គាប់គេឲ្យសម្រួលរឿងនេះ»។
9. ស្ត្រីនោះទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់ ទោះបីមានហេតុការណ៍អ្វីកើតឡើងក្នុងរឿងនេះក៏ដោយ ខ្ញុំម្ចាស់ និងក្រុមគ្រួសារសុខចិត្តទទួលខុសត្រូវទាំងស្រុង មិនឲ្យកំហុសនេះធ្លាក់លើព្រះករុណា ឬរាជបល្ល័ង្កឡើយ»។
10. ស្ដេចមានរាជឱង្ការថា៖ «ប្រសិនបើមាននរណាម្នាក់ស្ដីបន្ទោសនាង ចូរនាំគេមកជួបយើង គេមុខជាមិនហ៊ានរករឿងនាងទៀតទេ»។
11. នាងទូលទៀតថា៖ «បពិត្រព្រះករុណា! សូមមេត្តាសន្យានឹងខ្ញុំម្ចាស់ ក្នុងនាមព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណា ដើម្បីកុំឲ្យអ្នកដែលត្រូវសងសឹកជំនួសកូនប្រុសខ្ញុំម្ចាស់ ដែលស្លាប់ទៅហើយ ហ៊ានសម្លាប់កូនប្រុសខ្ញុំម្ចាស់ដែលនៅសល់នោះថែមទៀតឡើយ»។ ស្ដេចមានរាជឱង្ការថា៖ «យើងសូមស្បថក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅថា: យើងមិនឲ្យសក់មួយសរសៃរបស់កូនប្រុសនាងជ្រុះដល់ដីឡើយ»។