22. លោកយ៉ូអាប់ក្រាបថ្វាយបង្គំស្ដេចអោនមុខដល់ដី ហើយអរព្រះគុណថា៖ «បពិត្រព្រះករុណាជាអម្ចាស់ ថ្ងៃនេះ ទូលបង្គំដឹងថា ព្រះករុណានៅតែប្រណីសន្ដោសទូលបង្គំ ព្រោះស្ដេចបានយល់ព្រមតាមសំណូមពររបស់ទូលបង្គំ»។
23. លោកយ៉ូអាប់ក្រោកឡើង ចេញដំណើរទៅស្រុកកេស៊ួរី ហើយនាំសម្ដេចអាប់សាឡុម វិលមកក្រុងយេរូសាឡឹមវិញ។
24. ស្ដេចមានរាជឱង្ការថា៖ «ចូរឲ្យគេទៅដំណាក់របស់គេចុះ កុំឲ្យគេមកជួបមុខយើងឡើយ!»។ ដូច្នេះ សម្ដេចអាប់សាឡុមក៏យាងទៅដំណាក់របស់ខ្លួនវិញ ដោយឥតបានឃើញព្រះភ័ក្ត្រស្ដេចទេ។
25. នៅក្នុងស្រុកអ៊ីស្រាអែលទាំងមូល គ្មាននរណាម្នាក់មានរូបសម្បត្តិល្អស្អាត គួរជាទីគយគន់ដូចសម្ដេចអាប់សាឡុមទេ តាំងពីក្បាលរហូតដល់ចុងជើង ឥតមានទាស់ត្រង់ណាឡើយ។
26. រៀងរាល់ឆ្នាំ សម្ដេចអាប់សាឡុមតែងតែកាត់សក់នៅពេលចុងឆ្នាំ ព្រោះសក់នោះធ្ងន់ពេក។ គេថ្លឹងសក់នោះឃើញមានទម្ងន់ជាងពីរគីឡូក្រាម តាមរបៀបថ្លឹងរបស់ស្ដេច។
27. សម្ដេចអាប់សាឡុមមានបុត្រាបីអង្គ និងបុត្រីមួយអង្គ។ បុត្រីនោះមាននាម តាម៉ារ ដែលមានរូបឆោមស្រស់ស្អាតណាស់។
28. សម្ដេចអាប់សាឡុមគង់នៅក្រុងយេរូសាឡឹមបានពីរឆ្នាំ ដោយឥតបានឃើញព្រះភ័ក្ត្រព្រះរាជាទេ។
29. ថ្ងៃមួយ សម្ដេចបានចាត់គេឲ្យទៅអញ្ជើញលោកយ៉ូអាប់មក ដើម្បីនាំសម្ដេចចូលទៅគាល់ព្រះរាជា ប៉ុន្តែ លោកយ៉ូអាប់មិនព្រមមកទេ។ សម្ដេចអាប់សាឡុមចាត់គេឲ្យទៅជាលើកទីពីរ តែលោកយ៉ូអាប់នៅតែមិនព្រមដដែល។
30. ហេតុនេះ សម្ដេចអាប់សាឡុមបង្គាប់ពួកអ្នកបម្រើថា៖ «មើល៍! ស្រែលោកយ៉ូអាប់នៅជាប់នឹងស្រែយើង ចូរដុតចោលទៅ!»។ អ្នកបម្រើនាំគ្នាដុតស្រែរបស់លោកយ៉ូអាប់។
31. ដូច្នេះ លោកយ៉ូអាប់ក៏អញ្ជើញទៅដំណាក់របស់សម្ដេចអាប់សាឡុម ហើយសួរថា៖ «ហេតុអ្វីបានជាពួកអ្នកបម្រើរបស់សម្ដេចដុតស្រែរបស់ទូលបង្គំចោល?»។
32. សម្ដេចអាប់សាឡុមឆ្លើយថា៖ «ពីព្រោះខ្ញុំសូមឲ្យលោកមកទីនេះ តែលោកបដិសេធ។ ខ្ញុំចង់ឲ្យលោកចូលទៅគាល់ស្ដេច ហើយទូលថា ហេតុអ្វីបានជាទ្រង់ហៅខ្ញុំឲ្យវិលមកពីស្រុកកេស៊ួរី? ប្រសិនបើខ្ញុំនៅទីនោះ គឺប្រសើរជាង! ឥឡូវនេះ ខ្ញុំចង់ចូលទៅគាល់ស្ដេចណាស់ ប្រសិនបើខ្ញុំមានកំហុសអ្វី សូមទ្រង់សម្លាប់ខ្ញុំចុះ!»។
33. លោកយ៉ូអាប់នាំពាក្យរបស់សម្ដេចអាប់សាឡុមទៅទូលព្រះរាជា។ ព្រះរាជាត្រាស់ហៅសម្ដេចអាប់សាឡុម សម្ដេចក៏ចូលទៅគាល់ព្រះរាជា ហើយក្រាបថ្វាយបង្គំអោនមុខដល់ដី រួចព្រះរាជាក៏ឱបសម្ដេចអាប់សាឡុម។