២ សាំយូ‌អែល 14:21-33 Khmer Standard Version (KHSV)

21. ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​លោក​យ៉ូអាប់​ថា៖ «យើង​យល់​ព្រម​តាម​សំណូម​ពរ​របស់​លោក​ហើយ ចូរ​ទៅ​នាំ​អាប់‌សាឡុម​មក​វិញ​ចុះ»។

22. លោក​យ៉ូអាប់​ក្រាប​ថ្វាយ‌បង្គំ​ស្ដេច​អោន​មុខ​ដល់​ដី ហើយ​អរ​ព្រះ‌គុណ​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់ ថ្ងៃ​នេះ ទូលបង្គំ​ដឹង​ថា ព្រះ‌ករុណា​នៅ​តែ​ប្រណី​សន្ដោស​ទូលបង្គំ ព្រោះ​ស្ដេច​បាន​យល់​ព្រម​តាម​សំណូម​ពរ​របស់​ទូលបង្គំ»។

23. លោក​យ៉ូអាប់​ក្រោក​ឡើង ចេញ​ដំណើរ​ទៅ​ស្រុក​កេស៊ួ‌រី ហើយ​នាំ​សម្ដេច​អាប់‌សាឡុម វិល​មក​ក្រុង​យេរូ‌សាឡឹម​វិញ។

24. ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ឲ្យ​គេ​ទៅ​ដំណាក់​របស់​គេ​ចុះ កុំ​ឲ្យ​គេ​មក​ជួប​មុខ​យើង​ឡើយ!»។ ដូច្នេះ សម្ដេច​អាប់‌សាឡុម​ក៏​យាង​ទៅ​ដំណាក់​របស់​ខ្លួន​វិញ ដោយ​ឥត​បាន​ឃើញ​ព្រះ‌ភ័ក្ត្រ​ស្ដេច​ទេ។

25. នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល គ្មាន​នរណា​ម្នាក់​មាន​រូប​សម្បត្តិ​ល្អ​ស្អាត គួរ​ជា​ទី​គយ‌គន់​ដូច​សម្ដេច​អាប់‌សាឡុម​ទេ តាំង​ពី​ក្បាល​រហូត​ដល់​ចុង​ជើង ឥត​មាន​ទាស់​ត្រង់​ណា​ឡើយ។

26. រៀង​រាល់​ឆ្នាំ សម្ដេច​អាប់‌សាឡុម​តែងតែ​កាត់​សក់​នៅ​ពេល​ចុង​ឆ្នាំ ព្រោះ​សក់​នោះ​ធ្ងន់​ពេក។ គេ​ថ្លឹង​សក់​នោះ​ឃើញ​មាន​ទម្ងន់​ជាង​ពីរ​គីឡូ​ក្រាម តាម​របៀប​ថ្លឹង​របស់​ស្ដេច។

27. សម្ដេច​អាប់‌សាឡុម​មាន​បុត្រា​បី​អង្គ និង​បុត្រី​មួយ​អង្គ។ បុត្រី​នោះ​មាន​នាម តាម៉ារ ដែល​មាន​រូប​ឆោម​ស្រស់​ស្អាត​ណាស់។

28. សម្ដេច​អាប់‌សាឡុម​គង់​នៅ​ក្រុង​យេរូ‌សាឡឹម​បាន​ពីរ​ឆ្នាំ ដោយ​ឥត​បាន​ឃើញ​ព្រះ‌ភ័ក្ត្រ​ព្រះ‌រាជា​ទេ។

29. ថ្ងៃ​មួយ សម្ដេច​បាន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​លោក​យ៉ូអាប់​មក ដើម្បី​នាំ​សម្ដេច​ចូល​ទៅ​គាល់​ព្រះ‌រាជា ប៉ុន្តែ លោក​យ៉ូអាប់​មិន​ព្រម​មក​ទេ។ សម្ដេច​អាប់‌សាឡុម​ចាត់​គេ​ឲ្យ​ទៅ​ជា​លើក​ទី​ពីរ តែ​លោក​យ៉ូអាប់​នៅ​តែ​មិន​ព្រម​ដដែល។

30. ហេតុ​នេះ សម្ដេច​អាប់‌សាឡុម​បង្គាប់​ពួក​អ្នក​បម្រើ​ថា៖ «មើល៍! ស្រែ​លោក​យ៉ូអាប់​នៅ​ជាប់​នឹង​ស្រែ​យើង ចូរ​ដុត​ចោល​ទៅ!»។ អ្នក​បម្រើ​នាំ​គ្នា​ដុត​ស្រែ​របស់​លោក​យ៉ូអាប់។

31. ដូច្នេះ លោក​យ៉ូអាប់​ក៏​អញ្ជើញ​ទៅ​ដំណាក់​របស់​សម្ដេច​អាប់‌សាឡុម ហើយ​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​ពួក​អ្នក​បម្រើ​របស់​សម្ដេច​ដុត​ស្រែ​របស់​ទូលបង្គំ​ចោល?»។

32. សម្ដេច​អាប់‌សាឡុម​ឆ្លើយ​ថា៖ «ពី‌ព្រោះ​ខ្ញុំ​សូម​ឲ្យ​លោក​មក​ទី​នេះ តែ​លោក​បដិសេធ។ ខ្ញុំ​ចង់​ឲ្យ​លោក​ចូល​ទៅ​គាល់​ស្ដេច ហើយ​ទូល​ថា ហេតុ​អ្វី​បាន​ជា​ទ្រង់​ហៅ​ខ្ញុំ​ឲ្យ​វិល​មក​ពី​ស្រុក​កេស៊ួ‌រី? ប្រសិន​បើ​ខ្ញុំ​នៅ​ទី​នោះ គឺ​ប្រសើរ​ជាង! ឥឡូវ​នេះ ខ្ញុំ​ចង់​ចូល​ទៅ​គាល់​ស្ដេច​ណាស់ ប្រសិន​បើ​ខ្ញុំ​មាន​កំហុស​អ្វី សូម​ទ្រង់​សម្លាប់​ខ្ញុំ​ចុះ!»។

33. លោក​យ៉ូអាប់​នាំ​ពាក្យ​របស់​សម្ដេច​អាប់‌សាឡុម​ទៅ​ទូល​ព្រះ‌រាជា។ ព្រះ‌រាជា​ត្រាស់​ហៅ​សម្ដេច​អាប់‌សាឡុម សម្ដេច​ក៏​ចូល​ទៅ​គាល់​ព្រះ‌រាជា ហើយ​ក្រាប​ថ្វាយ‌បង្គំ​អោន​មុខ​ដល់​ដី រួច​ព្រះ‌រាជា​ក៏​ឱប​សម្ដេច​អាប់‌សាឡុម។

២ សាំយូ‌អែល 14