2. លោកក៏ចាត់គេឲ្យទៅឯភូមិតេកូអា រកស្ត្រីម្នាក់ដែលឆ្លាត ហើយប្រាប់ថា៖ «ចូរធ្វើពុតជាអ្នកកាន់ទុក្ខ ដោយស្លៀកសម្លៀកបំពាក់កាន់ទុក្ខ។ កុំលាបទឹកអប់ គឺធ្វើដូចស្ត្រីម្នាក់ដែលកាន់ទុក្ខជាយូរមកហើយ។
3. បន្ទាប់មក នាងត្រូវចូលទៅគាល់ស្ដេច ហើយទូលតាមពាក្យខ្ញុំបង្គាប់»។ លោកយ៉ូអាប់បានប្រាប់ពាក្យទាំងប៉ុន្មាន ដែលនាងត្រូវនិយាយ។
4. ដូច្នេះ ស្ត្រីអ្នកភូមិតេកូអានោះក៏ចូលទៅគាល់ស្ដេច។ នាងក្រាបថ្វាយបង្គំស្ដេច ដោយអោនមុខដល់ដី ហើយទូលថា៖ «បពិត្រព្រះករុណា! សូមជួយខ្ញុំម្ចាស់ផង!»។
5. ស្ដេចមានរាជឱង្ការសួរថា៖ «តើនាងមានការអ្វី?»។ នាងទូលថា៖ «បពិត្រព្រះករុណា ខ្ញុំម្ចាស់ជាស្រីមេម៉ាយ ដែលប្ដីស្លាប់ចោល!
6. ខ្ញុំម្ចាស់មានកូនប្រុសពីរនាក់ ពួកវាឈ្លោះប្រកែកគ្នានៅឯស្រែ ហើយម្នាក់បានវាយម្នាក់ទៀតស្លាប់ ព្រោះគ្មាននរណាឃាត់គេទាំងពីរឡើយ។
7. ឥឡូវនេះ ញាតិសន្ដានរបស់ខ្ញុំម្ចាស់ លើកគ្នាប្រឆាំងនឹងខ្ញុំម្ចាស់។ ពួកគេពោលថា “ចូរប្រគល់ឃាតកមកឲ្យយើង យើងនឹងសម្លាប់វា ដើម្បីសងសឹកជំនួសបងប្អូនរបស់វាដែលស្លាប់នោះ ហើយយើងក៏ចង់បំផ្លាញពូជពង្សរបស់វាផងដែរ”។ ពួកគេចង់បំផ្លាញក្ដីសង្ឃឹមដែលខ្ញុំម្ចាស់មានសេសសល់ ហើយមិនចង់ទុកឲ្យវង្សត្រកូលប្ដីរបស់ខ្ញុំម្ចាស់មានកូនចៅ បន្តពូជពង្សនៅលើផែនដីនេះឡើយ»។
8. ស្ដេចមានរាជឱង្ការទៅកាន់ស្ត្រីនោះថា៖ «ចូរវិលទៅផ្ទះវិញចុះ យើងនឹងបង្គាប់គេឲ្យសម្រួលរឿងនេះ»។
9. ស្ត្រីនោះទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់ ទោះបីមានហេតុការណ៍អ្វីកើតឡើងក្នុងរឿងនេះក៏ដោយ ខ្ញុំម្ចាស់ និងក្រុមគ្រួសារសុខចិត្តទទួលខុសត្រូវទាំងស្រុង មិនឲ្យកំហុសនេះធ្លាក់លើព្រះករុណា ឬរាជបល្ល័ង្កឡើយ»។
10. ស្ដេចមានរាជឱង្ការថា៖ «ប្រសិនបើមាននរណាម្នាក់ស្ដីបន្ទោសនាង ចូរនាំគេមកជួបយើង គេមុខជាមិនហ៊ានរករឿងនាងទៀតទេ»។
11. នាងទូលទៀតថា៖ «បពិត្រព្រះករុណា! សូមមេត្តាសន្យានឹងខ្ញុំម្ចាស់ ក្នុងនាមព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណា ដើម្បីកុំឲ្យអ្នកដែលត្រូវសងសឹកជំនួសកូនប្រុសខ្ញុំម្ចាស់ ដែលស្លាប់ទៅហើយ ហ៊ានសម្លាប់កូនប្រុសខ្ញុំម្ចាស់ដែលនៅសល់នោះថែមទៀតឡើយ»។ ស្ដេចមានរាជឱង្ការថា៖ «យើងសូមស្បថក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅថា: យើងមិនឲ្យសក់មួយសរសៃរបស់កូនប្រុសនាងជ្រុះដល់ដីឡើយ»។
12. នាងនោះទូលទៀតថា៖ «បពិត្រព្រះករុណា សូមមេត្តាប្រោសឲ្យខ្ញុំម្ចាស់ទូលថ្វាយថែមមួយម៉ាត់ទៀត»។ ស្ដេចមានរាជឱង្ការថា៖ «ចូរនិយាយមក!»។