5. លោកយ៉ូណាដាប់ពោលថា៖ «ដូច្នេះ សូមទៅផ្ទំនៅលើគ្រែ ហើយធ្វើពុតជាឈឺទៅ។ កាលបិតារបស់ព្រះអង្គម្ចាស់យាងមកសួរសុខទុក្ខ ព្រះអង្គម្ចាស់ត្រូវទូលថា “សូមបិតាមេត្តាអនុញ្ញាតឲ្យតាម៉ារ ជាប្អូនស្រីរបស់ទូលបង្គំ យកម្ហូបអាហារមកឲ្យទូលបង្គំផង។ នាងត្រូវរៀបចំធ្វើម្ហូបអាហារនេះនៅចំពោះមុខទូលបង្គំ ដើម្បីឲ្យទូលបង្គំឃើញ ហើយទទួលម្ហូបអាហារពីដៃរបស់នាងផ្ទាល់”»។
6. សម្ដេចអាំណូនក៏ទៅផ្ទំ ហើយធ្វើពុតជាឈឺ។ ពេលព្រះរាជាយាងមកសួរសុខទុក្ខ សម្ដេចទូលថា៖ «សូមបិតាមេត្តាអនុញ្ញាតឲ្យតាម៉ារ ជាប្អូនស្រីទូលបង្គំ មកធ្វើនំពីរ នៅមុខទូលបង្គំ រួចហើយនាងលើកនំនោះមកឲ្យទូលបង្គំដោយផ្ទាល់ដៃ ទើបទូលបង្គំទទួលទាន»។
7. ព្រះបាទដាវីឌចាត់គេឲ្យទៅប្រាប់ព្រះនាងតាម៉ារ នៅឯដំណាក់របស់ព្រះនាងថា៖ «ចូរទៅដំណាក់អាំណូនជាបងរបស់នាង ហើយរៀបចំធ្វើម្ហូបអាហារឲ្យបងសោយផង»។
8. ព្រះនាងតាម៉ារយាងទៅដល់ដំណាក់របស់សម្ដេចអាំណូន ជាបងដែលកំពុងផ្ទំលើគ្រែ។ ព្រះនាងយកម្សៅមកច្របាច់ធ្វើនំ ហើយដុតនៅមុខបង។