30. បុត្រទាំងនោះកំពុងតែយាងមកតាមផ្លូវ ព្រះបាទដាវីឌទទួលដំណឹងថា សម្ដេចអាប់សាឡុមបានសម្លាប់បុត្រាទាំងអស់របស់ស្ដេច គ្មានសល់មួយអង្គណាសោះឡើយ។
31. ពេលនោះ ព្រះរាជាហែកសម្លៀកបំពាក់ ហើយផ្ទំផ្ទាល់នឹងដី។ មន្ត្រីទាំងអស់នាំគ្នាឈរជុំវិញស្ដេច ទាំងហែកសម្លៀកបំពាក់ដែរ។
32. ប៉ុន្តែ លោកយ៉ូណាដាប់ ជាកូនរបស់លោកសាំម៉ា និងជាក្មួយរបស់ព្រះបាទដាវីឌ ទូលស្ដេចថា៖ «បពិត្រព្រះករុណា សូមកុំនឹកស្មានថាគេធ្វើគុតបុត្រាទាំងអស់របស់ព្រះករុណាឡើយ គឺមានតែសម្ដេចអាំណូនម្នាក់ប៉ុណ្ណោះដែលសុគត ដ្បិតសម្ដេចអាប់សាឡុមបានសម្រេចចិត្តធ្វើដូច្នេះ តាំងពីថ្ងៃដែលសម្ដេចអាំណូនបានរំលោភលើរូបព្រះនាងតាម៉ារ ជាប្អូនស្រីម៉្លេះ។
33. ហេតុនេះ សូមព្រះករុណាកុំនឹកស្មានថា បុត្រារបស់ព្រះករុណាត្រូវសុគតអស់នោះឡើយ គឺមានតែសម្ដេចអាំណូនម្នាក់ប៉ុណ្ណោះដែលសុគត»។
34. សម្ដេចអាប់សាឡុមគេចខ្លួនរត់បាត់ទៅ។ អ្នកយាមក្រឡេកមើលទៅ ឃើញមនុស្សមួយក្រុមធំកំពុងចុះពីចង្កេះភ្នំ នៅខាងក្រោយគាត់។
35. លោកយ៉ូណាដាប់ទូលស្ដេចថា៖ «បពិត្រព្រះករុណា បុត្រាទាំងអស់របស់ព្រះករុណាយាងមកដល់ហើយ! ដូចទូលបង្គំបានទូលព្រះករុណាមែន»។
36. លោកយ៉ូណាដាប់ទូលមិនទាន់ផុតពីមាត់ផង បុត្រារបស់ស្ដេចក៏យាងមកដល់។ ពួកគេនាំគ្នាទ្រហោយំ ហើយស្ដេច និងមន្ត្រីទាំងអស់យំសោកយ៉ាងខ្លាំងដែរ។
37. សម្ដេចអាប់សាឡុមរត់គេចខ្លួនទៅជ្រកនៅជាមួយព្រះបាទតាលម៉ាយ ជាបុត្ររបស់ព្រះបាទអាំមីហ៊ូដ និងជាស្ដេចស្រុកកេស៊ួរី។ ក្នុងអំឡុងពេលនោះ ព្រះបាទដាវីឌកាន់ទុក្ខសម្ដេចអាំណូនជាបុត្រ។
38. សម្ដេចអាប់សាឡុមបានគេចខ្លួនទៅនៅស្រុកកេស៊ួរី អស់រយៈពេលបីឆ្នាំ។
39. ព្រះបាទដាវីឌឈប់ខ្ញាល់ នឹងសម្ដេចអាប់សាឡុមទៀត ព្រោះស្ដេចលែងព្រួយចិត្តអំពីសម្ដេចអាំណូនសោយទិវង្គត។