20. សម្ដេចអាប់សាឡុមជាបងសួរថា៖ «តើបងអាំណូនបានរំលោភលើប្អូនឬ? ចូរនៅស្ងៀមទៅ ព្រោះគាត់ជាបងប្រុសរបស់ឯងទេតើ កុំឈឺចិត្តនឹងរឿងនេះខ្លាំងពេក»។ ចាប់ពីពេលនោះមក ព្រះនាងតាម៉ាររស់នៅជាស្ត្រីដែលគ្មាននរណារាប់រក ក្នុងដំណាក់របស់សម្ដេចអាប់សាឡុម ជាបង។
21. ពេលព្រះបាទដាវីឌជ្រាបរឿងនេះ ទ្រង់ក្រេវក្រោធយ៉ាងខ្លាំង។
22. សម្ដេចអាប់សាឡុមមិននិយាយរកសម្ដេចអាំណូន សូម្បីមួយម៉ាត់សោះឡើយ ព្រោះទ្រង់ស្អប់សម្ដេចអាំណូន ដែលបានចាប់រំលោភព្រះនាងតាម៉ារជាប្អូនស្រី។
23. ពីរឆ្នាំក្រោយមក ពួកគង្វាលរបស់សម្ដេចអាប់សាឡុម កាត់រោមចៀមនៅបាល-ហាសោរ ជិតភូមិអេប្រាអ៊ីម។ សម្ដេចអាប់សាឡុមបានអញ្ជើញបុត្រទាំងអស់របស់ព្រះបាទដាវីឌឲ្យមកចូលរួមដែរ។
24. សម្ដេចអាប់សាឡុមបានចូលទៅគាល់ព្រះរាជា ហើយទូលថា៖ «បពិត្របិតា ពួកគង្វាលរបស់ទូលបង្គំកំពុងតែកាត់រោមចៀម សូមបិតាមេត្តាយាងទៅចូលរួមក្នុងពិធីនោះជាមួយពួកមន្ត្រីរបស់បិតាផង»។
25. ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ទេ កូនអើយ យើងមិនទៅចូលរួមទាំងអស់គ្នាទេ ក្រែងនាំឲ្យកូនពិបាក»។ សម្ដេចអាប់សាឡុមបានទទូចអង្វរព្រះរាជា តែស្ដេចប្រកែកមិនព្រមទៅទេ គឺទ្រង់គ្រាន់តែប្រទានពរឲ្យបុត្រប៉ុណ្ណោះ។