10. សម្ដេចអាំណូនប្រាប់ព្រះនាងតាម៉ារថា៖ «ចូរយកនំមកឲ្យបងដល់គ្រែផង ដើម្បីឲ្យបងទទួលទាននំពីដៃរបស់ប្អូនផ្ទាល់»។ ព្រះនាងតាម៉ារយកនំដែលខ្លួនបានធ្វើនោះ ទៅថ្វាយសម្ដេចអាំណូនដល់គ្រែ។
11. ពេលនាងកំពុងលើកនំមកថ្វាយនោះ សម្ដេចចាប់នាង ទាំងពោលថា៖ «អូនអើយ! ចូរមករួមដំណេកជាមួយបង!»។
12. ព្រះនាងតាម៉ារប្រកែកថា៖ «ទេ ម្ចាស់បង សូមកុំធ្វើបាបខ្ញុំម្ចាស់បែបនេះ! នៅស្រុកអ៊ីស្រាអែល គេមិនប្រព្រឹត្តដូច្នេះទេ។ សូមម្ចាស់បងកុំប្រព្រឹត្តអំពើថោកទាបយ៉ាងនេះឲ្យសោះ។
13. បើធ្វើដូច្នេះ តើឲ្យខ្ញុំម្ចាស់យកមុខទៅទុកនៅឯណា? ចំពោះម្ចាស់បងវិញ គេនឹងចាត់ទុកម្ចាស់បងជាមនុស្សទុយ៌សនៅស្រុកអ៊ីស្រាអែល។ សូមម្ចាស់បងទូលបិតាទៅ ទ្រង់នឹងមិនបដិសេធលើកខ្ញុំម្ចាស់ឲ្យម្ចាស់បងឡើយ»។
14. សម្ដេចអាំណូនមិនព្រមស្ដាប់នាងទេ សម្ដេចបានចាប់បង្ខំ ហើយរំលោភលើនាង។
15. បន្ទាប់មក សម្ដេចអាំណូនស្អប់នាងយ៉ាងខ្លាំង ពោលគឺសម្ដេចស្អប់ខ្ពើមនាងខ្លាំងជាងសេចក្ដីស្រឡាញ់ ដែលសម្ដេចមានចំពោះរូបនាង កាលពីពេលមុនទៅទៀត។ សម្ដេចបណ្ដេញនាងថា៖ «ចេញទៅ!»។
16. ព្រះនាងប្រកែកថា៖ «ទេ! ម្ចាស់បងបណ្ដេញខ្ញុំម្ចាស់ដូច្នេះ អាក្រក់ជាងអំពើដែលម្ចាស់បងទើបនឹងប្រព្រឹត្តមកលើរូបខ្ញុំម្ចាស់នោះទៅទៀត!»។ ប៉ុន្តែ សម្ដេចអាំណូនមិនព្រមស្ដាប់នាងទេ
17. សម្ដេចហៅក្មេងបម្រើម្នាក់មក បង្គាប់ថា៖ «ចូរដេញស្រីនេះចេញពីមុខយើងទៅ ហើយខ្ទាស់ទ្វារឲ្យជិត»។
18. ក្មេងបម្រើរបស់សម្ដេចអាំណូនក៏ដេញនាងចេញទៅក្រៅ រួចខ្ទាស់ទ្វារជិត។ ព្រះនាងតាម៉ារពាក់អាវយ៉ាងល្អប្រណីត ដូចបុត្រីរបស់ស្ដេចនានាតែងពាក់ពេលនៅក្រមុំ។
19. ព្រះនាងតាម៉ារយកផេះមករោយលើក្បាល ហើយហែកអាវដ៏ល្អប្រណីតនោះចោល នាងទូលដៃលើក្បាល រួចចេញទៅ ទាំងស្រែកផង។
20. សម្ដេចអាប់សាឡុមជាបងសួរថា៖ «តើបងអាំណូនបានរំលោភលើប្អូនឬ? ចូរនៅស្ងៀមទៅ ព្រោះគាត់ជាបងប្រុសរបស់ឯងទេតើ កុំឈឺចិត្តនឹងរឿងនេះខ្លាំងពេក»។ ចាប់ពីពេលនោះមក ព្រះនាងតាម៉ាររស់នៅជាស្ត្រីដែលគ្មាននរណារាប់រក ក្នុងដំណាក់របស់សម្ដេចអាប់សាឡុម ជាបង។
21. ពេលព្រះបាទដាវីឌជ្រាបរឿងនេះ ទ្រង់ក្រេវក្រោធយ៉ាងខ្លាំង។